ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោក្របី​ជាង​២​ពាន់​ក្បាល​កើត​ជំងឺ​អ៊ុត​ក្តាម ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៣​ភូមិ ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង សប្បាយ​រីករាយ​ក្រៃ​លែង ខណៈ​ដែល​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​សហការ​ជាមួយ​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចុះ​ផ្សព្វផ្សាយ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៣​ភូមិ ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង សប្បាយ​រីករាយ​ក្រៃ​លែង ខណៈ​ដែល​មន្ត្រី​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​សហការ​ជាមួយ​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចុះ​ផ្សព្វផ្សាយ ព្យាបាល និង​ចែកចាយ​ថ្នាំ​ព្យាបាល​ដល់​សត្វ​គោក្របី​ចំនួន​២៦៣៣​ក្បាល​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​កើត​ជំងឺ​អុតក្តាម ទាន់​ពេលវេលា​។ ពិធី​នេះ​ធ្វើ​ឡើង និង​សាលា​បុណ្យ​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ។

លោក សុក ដា​រ៉ូ ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​នោះ​ថា ជំងឺ​អុតក្តាម គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​កើតឡើង​លើ​សត្វពាហនៈ​មាន​ដូច​ជា គោ ក្របី របស់​បងប្អូន​នៅ​ខែវស្សា​ពេល​ភ្លៀង​ធ្លាក់ ។

ហេតុ​ដូច្នេះ​ហើយ ប្រ​សិន​គោក្របី​របស់​បងប្អូន​មាន​កើត​ជំងឺ​អុតក្តាម ត្រូវ​ដាក់​ដាច់​ដោយឡែក​មិន​ត្រូវ​លែងឱ្យ​ដើរ​ពី​កន្លែង​មួ ទៅ​កន្លែង​មួយ ឬ​ដឹក​ឆ្លងកាត់​ភូមិ ឬ​ក៏​លែងឱ្យ​ដើរ​ជាមួយ​គោ​គ្មាន​ជំងឺ​នោះ​ទេ ព្រោះ​វា​អាច​នឹង​ឆ្លង​ពី​សត្វ​មួយ​ទៅ​មួយ​សត្វ​ទៀត ។ ត្រូវ​ចង​គោ ក្របី​កើត​ជំងឺ​ទុក​ដាច់​ដោយឡែក និង​ត្រូវ​រក​ចំណី​ទន់​ៗ ដូច​ជា​ស្មៅ​ខ្ចី​ឱ្យ​វា​ស៊ី ព្រោះថា សត្វ​ដែល​កើត​ជំងឺ​នេះ មាត់​វា​ក៏​ឈឺ​ដែរ ។ ចំពោះ​វិធី​ព្យាបាល ត្រូវ​លាង​សម្អាត​ជុំវិញ​ក្រចកជើង មាត់ អណ្តាត និង​ច្រមុះ​ឱ្យ​បាន​ស្អាត មុន​នឹង​ដាក់​ថ្នាំ​ដែល​បាន​ចែក​ជូន​នៅ​ពេល​នេះ ។ ក្រោយ​ពី​លាង​សំអាត និង​ដាក់​ថ្នាំ​ហើយ រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ វា​នឹង​ជា​សះស្បើយ​ជា​។

ក្នុង​ឱកាស​នោះ​ផង​ដែរ បងប្អូន​ប្រជាពលរដ្ឋ ក្រោយ​ពី​ទទួល​ការ​ព្យាបាល​សត្វ​គោក្របី និង​ទទួល​បាន​ថ្នាំ​ពី​មន្ត្រី​ពេទ្យសត្វ​រួច​ហើយ ពួក​គាត់​មាន​សេចក្តី​ត្រេកអរ​ក្រៃ​លែង ព្រោះ​កន្លង​មក ពួក​គាត់​ក៏​ធ្លាប់​ទទួល​បាន​ថ្នាំ​ព្យាបាល​អុតក្តាម នេះ​ដែរ និង​ធ្លាប់​យក​ទៅ​ប្រើ​មាន​ប្រសិទ្ធភាព​ទៀត​ផង ។ ពួក​គាត់​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​មន្ត្រី​បសុព្យាបាល ដែល​បាន​ចុះ​មក​ព្យាបាល​គោក្របី របស់​ពួក​គាត់ និង​បាន​ចែក​ថ្នាំ​សម្រាប់​ព្យាបាល​សត្វ បាន​ទាន់​ពេលវេលា ។

តាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន លី ប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ថ្នាំ​នៅ​ពេល​នេះ​មាន​ចំនួន​៣​ភូមិ គឺ​ភូមិ​ឯលិច ភូមិ​កណ្ដាល និង​ភូមិ​ធ្លក ស្ថិត​ក្នុង​ឃុំ​ច្រ​ណូ​ក ។

ប្រជាពលរដ្ឋ​ដែល​មាន​គោក្របី​ឈឺ​ទាំង​៣​ភូមិ​មាន​ខាងលើ​ចំនួន​៥៥​គ្រួសារ ដែល​មាន​គោក្របី​សរុប​ចំនួន​៤០៣៤​ក្បាល ក្នុង​នោះ​គោក្របី​មាន​ជំងឺ​ចំនួន​២៦៣៣​ក្បាល ហើយ​ព្យាបាល​បានជា​សះស្បើយ​ចំនួន​៩៣៨​ក្បាល និង​កំពុង​ព្យាបាល​បន្ត​មាន​ចំនួន​១៦៩៥​ក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ