ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​ហើយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ នៅ​ទីបំផុត​ក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ​២០២១-២០២២ បន្ទាប់​ពី​ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ត្រូវ​បាន​ចាត់​ចូល​នៅ​ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ នៅ​ទីបំផុត​ក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ​២០២១-២០២២ បន្ទាប់​ពី​ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ត្រូវ​បាន​ចាត់​ចូល​នៅ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០​នេះ​។

យោង​តាម​ការ​ប្រកាស​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា អបអរសាទរ​! ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ជាទី​ក្រុង​វប្ប​ធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ ក្រោម​វត្តមាន​របស់​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រធាន​​ដឹកនាំ​កិច្ចប្រជុំ ក្រោម​ប្រធានបទ ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​មាគ៌ា​ឆ្ពោះទៅ​មុខ​សម្រាប់​វិស័យ​វប្បធម៌ និង​សិល្បៈ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០។

ក្រសួង​បញ្ជាក់​ថា ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ ២០២១-​២០២២ គឺ​ដោយសារ​ទីក្រុង​សៀមរាប គឺជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី និង​អរូបី និង​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ចាប់ពី​ឆ្នាំ​២០០៨​មក នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ​បាន​ឯក​ភាព​គ្នា​ឲ្យ​ប្រទេស​នីមួយ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ជ្រើសរើស​ទីក្រុង​មួយ​របស់​ខ្លួន ដើម្បី​​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។

ការ​កំណត់​ទីក្រុង​វប្បធម៌​អាស៊ាន គឺ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន និង​ភាព​ផ្សេង​គ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយ​ៗ​ដែល​ជា​សមាជិក​អាស៊ាន​។ ការ​ជ្រើសរើស​នេះ មាន​សុពល​ភាព​រយៈពេល​២​ឆ្នាំ​។ ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លង​មក​រួម​មាន ៖

១- ទីក្រុង Cebu នៃ​ប្រទេស​ហ្វី​លី​ពី​ន ចាប់ពី​ឆ្នាំ ២០១០ -២០១១
២- ទីក្រុង Singapore នៃ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២-២០១៣
៣- ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤-២០១៥
៤- ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុ​យ​ណេ ចាប់​ឆ្នាំ ២០១៦-២០១៧
៥- ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០​។

https://www.facebook.com/KhmerCultureMinistry/videos/799135547554530/

សូម​បញ្ជាក់​ជូន​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សន្ទនា និង​ផ្តោត​លើ​ការ​លើកកម្ពស់​វឌ្ឍនភាព​វប្បធម៌ ដែល​ជា​គ្រឹះ​មួយ​នៃ​សក្តានុ​ពល​សហគមន៍​អាស៊ាន និង​ការ​កសាង​សុខដុមរមនា​ក្នុង​ចំណោម​ប្រជាជន​អាស៊ាន​។

ជាមួយ​គ្នា​នេះ កិច្ចប្រជុំ​ក៏​នឹង​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​និង​កំពុង​រាតត្បាត​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំង​ស្វែ​ករក​មធ្យោបាយ​គន្លឹះ​សម​ស្រប​ក្នុង​ការ​អនុវត្ត​សកម្មភាព​វប្បធម៌​សិល្បៈ​ឡើង​វិញ ក្នុងអំឡុងពេល​កូ​វី​ដ និង​ក្រោយ​ពេល​កូវីដ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ