ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ឱ្យ​ផ្លែស្វាយ​កែវ​រមៀត​អាច​នាំ​ចេញ​ទៅ​ចិន​បាន ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​សហគមន៍​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន​ប្រមាណ​៤៨​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​សំខាន់​ចំនួន​៥ ដើម្បី​ឱ្យ​ស្វាយកែវ​រមៀត​របស់​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​ខាង​មុខ​។ លោក ងិ​ន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ដែល​សហគមន៍​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន​ប្រមាណ​៤៨​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​សំខាន់​ចំនួន​៥ ដើម្បី​ឱ្យ​ស្វាយកែវ​រមៀត​របស់​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​ខាង​មុខ​។

លោក ងិ​ន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បានឱ្យ​ដឹង​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ មាន​ក្រុមហ៊ុន សហគមន៍​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន សរុប​ចំនួន ៤៨ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។
លោក​អគ្គនាយក​បាន​បន្ត​ថា ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ផ្លែស្វាយ​ត្រូវ​តែ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទទួលស្គាល់​ដោយ​អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន (GACC) ហើយ​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) និង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment – VHT) ឬ​ប្រព្រឹត្តិកម្ម ទឹក​ក្តៅ (Hot Water Treatment – HWT) ដើម្បី​ធានា​ថា ផ្លែស្វាយ​ស្រស់​ទាំងនោះ ពុំ​ជាប់​ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ដូច​មាន​ចែង​ក្នុង​ពិធីសារ​។

លោក ងិ​ន ឆាយ គូសបញ្ជាក់​ថា​«​បច្ចុប្បន្ន អគ្គនាយកដ្ឋាន​កសិកម្ម បាន​និង​កំពុង​អនុវត្ត​សកម្មភាព​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​៖១)- ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តី​ពី​ការ​អនុវត្ត​កសិកម្ម​ល្អ​,២)- ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តី​ពី​ការ​គ្រប់គ្រង​សមាសភាព​ចង្រៃ​,៣)- ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ស្តី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​,៤)- ចុះ​អង្កេត​តាមដាន​និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅ​តាម​ចម្ការ​ដែល​បាន​ចុះបញ្ជី​នាំ​ចេញ និង​៥)- ចុះ​ត្រួតពិនិត្យ គុណភាព និង​សុវត្ថិភាព​ដំណាំ​ស្វាយ​។ បន្ទាប់​ពី​សកម្មភាព​ទាំង​៥​ខាងលើ បាន​ដំណើរការ​ចប់​សព្វគ្រប់ ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នឹង​វាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការ​អនុវត្ត​កសិកម្ម​ល្អ និង​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​នាំ​ចេញ​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន រួច​ផ្ញើ​ជូន​ភាគី​ចិន​ដើម្បី​ចុះ​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​ចុង​ក្រោយ​»​។

គួរ​រម្លឹក​ផង​ដែរ​ក្នុង​ចំណោម​សហគមន៍​កសិកម្ម និង​ម្ចាស់​កសិដ្ឋាន​ប្រមាណ​៤៨​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន ក្នុង​នោះ​ម្ចាស់​ចំការ​មក​ពី​សហគមន៍​ស្វាយកែវ​រមៀត​គិរី​រម្យ​មាន​២៩​នាក់​។

លោក អ៊ុ សា​វឿ​ន ប្រធាន​សហគមន៍​ស្វាយកែវ​រមៀត​គិរី​រម្យ​ធ្លាប់​បានឱ្យ​ដឹង​ថា​« ក្នុង​ចំណោម សមា​ជិត​សហគមន៍​ស្វាយកែវ​រមៀត​គិរី​រម្យ​ជាង​៤០​គ្រួសារ បាន​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន បាន​២៩​នាក់​ហើយ ។​សម្រាប់​អ្នក​ផ្សេង​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យ​ដោយសារ អ្នកខ្លះ​មាន​ចំការ​ស្វាយ​តិចតួច​ពេក ហើយ​អ្នកខ្លះ​ទៀត​ដាំ​ស្វាយ​ចម្រុះ​លាយ​គ្នា​។​តែ​សម្រាប់​ម្ចាស់​ចំការ​២៩​នាក់​នេះ គឺ​សុទ្ធតែ​ដាំ​ស្វាយ​សុទ្ធ ហើយ​ម្នាក់​ៗ​មាន​ផ្ទៃដី​ចំការ​ពី​៥០​ហិ​កតា​ដល់​១០០​ហិ​កតា​ឡើង​។​ជាក់​ស្តែ​សម្រាប់​គ្រួសារ​ខ្ញុំ មាន​ដីចំការ​១៨០​ហិ​កតា ក្នុង​នោះ​ប្រមាណ​១០០​ហិ​កតា​បាន​និង​កំពុង​ផ្តល់​ផល​»​។

ពាក់ព័ន្ធ​និង​ផ្ទៃដី​ចំការ​ស្វាយ​នៅ​កម្ពុជា​បើ​តាម លោក ងិ​ន ឆាយ លើក​ឡើង​ថា​យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយកែវ​រមៀត​ចំនួន​ប្រមាណ​ជា ១២៤. ៣១៩​ហិ​កតា និង​មាន​បរិមាណ​ផល​ប្រមាណ​ជា ១. ៤៤៨ .៦៧៧​តោន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ