ខេត្តត្បូងឃ្មុំ ៖ ដីច្រាំងទន្លេត្រង់ចំណុចផ្លូវកែង ស្ថិតក្នុងភូមិកំពង់ឬស្សី ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បានជួបនឹងគ្រោះធម្មជាតិធ្វើឲ្យដីច្រាំងទន្លេបាក់រហូតមកដល់ផ្លូវចាក់បេតុងទៅហើយ តែសំណាងល្អ ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការយកចិត្តទុកដាក់ ដោយបានដាក់ខ្សាច់ច្រកបាវទប់មិនបានឲ្យបាក់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋឡើយ។
ទោះជាបែបនេះក្តី ពលរដ្ឋនៅតែមានការព្រួយបារម្ភខ្លាចបាក់ ដោយសារជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ទឹកទន្លេមានកម្ពស់១២.៤៧ម៉ែត្រ ដែលជាកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន គឺ១៥.២០ម៉ែត្រ។ គ្រានោះ ពលរដ្ឋក៏បានស្នើឲ្យស្ថាប័នមន្ទីរសាធារណការដាក់ចំណាំងផ្លាត ដើម្បីមើលពេលយប់ផងដែរ ចៀសវាងកុំឲ្យយានយន្តបង្កគ្រោះថ្នាក់ មិនស្រួលអាចជិះធ្លាក់ចូលក្នុងទឹកទន្លេ។
បើតាមអ្នកស្រី ឆាយ ស៊ីថា អាយុ៥៨ឆ្នាំ រៀបរាប់ឲ្យដឹងថា គាត់សាងសង់ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងនៅក្នុងដីភូមិកំពង់ឬស្សី ដោយនៅកៀកនឹងផ្លូវបេតុងជិតច្រាំងទន្លេហើយប្រកបរបរលក់ដូរបន្តិចបន្តួចដើម្បីដោះស្រាយជីវភាព។ ហើយគ្រោះធម្មជាតិបាក់ច្រាំងទន្លេនេះ ចេះតែរំកិលបន្តិចម្ដងៗមកស្ទើរតែនឹងដល់ផ្ទះរបស់គាត់ទៅហើយ។ ជាក់ស្ដែងក្នុងរដូវវស្សាឆ្នាំ២០១៩កន្លងទៅ ច្រាំងបាក់ទាំងផ្ទាំងៗធ្វើឲ្យគាត់មានការភិតភ័យ រហូតដល់យំស្រក់ទឹកភ្នែក ព្រោះតែខ្លាចបាក់ដល់ផ្ទះ និងមិនមានដីភូមិសម្រាប់សង់លំនៅដ្ឋានទៀត។
អ្នកស្រី ស៊ីថា រៀបរាប់បន្តថា តែដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងពេលនោះគឺមានវត្តមានលោកអភិបាលខេត្តអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ និងសហការជាមួយមន្ទីរធនធានទឹក ព្រមទាំងគណៈកម្មការគ្រោះមហន្តរាយថ្នាក់ជាតិ បានប្រញាប់ប្រញាល់បូមខ្សាច់ច្រកបាវទប់នៅមាត់ច្រាំងជាប់នឹងផ្លូវបេតុងប្រវែងជាច្រើនម៉ែត្រ ។ ដោយមិនបានធ្វើឱ្យច្រាំងទន្លេបាក់បន្តទៀតទេ នេះបង្ហាញឲ្យឃើញថា អាជ្ញាធរពិតជាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះ និងគិតគូរដល់ពលរដ្ឋនៅមូលដ្ឋាន។
អ្នកស្រីបន្តថា លុះមកដល់ខែតុលា ២០២០នេះ ទឹកទន្លេបានឡើងមកខុសប្រក្រតីពីបណ្ដាឆ្នាំមុនៗ ដោយកន្លែងដែលបាក់ចាស់មិនមានបញ្ហាចោទនោះទេ តែតាមការដែលគាត់ពិនិត្យដោយផ្ទាល់ភ្នែកនោះ គឺមានបាក់នៅផ្នែកខាងលើ តែនៅមានទ្រង់ទ្រាយតូចនៅឡើយ។ទោះជាបែបនេះក្តី ក៏គាត់នៅតែមានការភិតភ័យព្រួយខ្លាចច្រាំងទន្លេបាក់មកបន្តទៀត សូម្បីតែផ្ទះឈើនៅរាល់ថ្ងៃជាប្រភេទផ្ទះទាមសង់នៅក្រោមខ្សែកាបអគ្គិសនី ហើយដំបូលផ្ទះមិនហ៊ានប្រក់ខ្ពស់នោះទេ ខ្លាចត្រូវចរន្តអគ្គិសនីឆ្លងឆក់ គ្រោះថ្នាក់ដល់អាយុជីវិត។
ចំណែកលោកហ៊ិន សុខន ហៅឡូ អាយុ៤៦ឆ្នាំ អ្នកលក់កាហ្វេគុយទាវ ប្រាប់ឲ្យដឹងថា ផ្ទះរបស់គាត់សាងសង់នៅហ្នឹងផ្លូវជិតមាត់ទន្លេដែរ កាលពីក្នុងអំឡុងខែកញ្ញា ២០១៩ ច្រាំងទន្លេបានបាក់មកជិតនឹងផ្ទះ ពេលនោះគាត់ជួលអ្នកភូមិជាច្រើននាក់ឲ្យមកជួយរុញផ្ទះចល័តទៅកន្លែងថ្មីដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រ ក្នុងភូមិកំពង់ឬស្សី។ ក្នុងគ្រានោះគាត់ពិតជាមានការភិតភ័យទៅជាខ្លាំងរហូតដល់ហូបបាយមិនកើតទៀតផង។ ហើយដីដែលគាត់ចែកពីគេនៅជិតកណ្ដាលភូមិមិនអាចលក់ដូរកើតឡើយ តែក្រោយពីអាជ្ញាធរបានទប់ច្រាំងទន្លេមិនឱ្យបាក់បន្តទៀត គាត់ក៏បានរើផ្ទះឈើមកសាងសង់នៅកន្លែងដើមវិញ ដើម្បីងាយស្រួលលក់ដូរចិញ្ចឹមជីវិត។
លោកបន្តថា ថ្វីដ្បិតច្រាំងត្រង់កន្លែងដែលបាក់ត្រូវបានរៀបចំដាក់បាវខ្សាច់ទប់ជាប់មិនបានបាក់ដល់ផ្លូវបេតុងក៏ដោយ តែរូបគាត់ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិស្នើសុំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយទប់ច្រាំងទន្លេបន្តទៀតតាមរយៈបាវខ្សាច់ដដែល ទើបពួកគាត់មានភាពកក់ក្តៅ ។
បើតាមលោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនារសៀលថ្ងៃទី២១ តុលានេះថា កម្ពស់ទឹកទន្លេមេគង្គរហូតមកដល់ពេលនេះ គឺស្រុកនៅជាប់តាមដងទន្លេមិនទាន់មានបញ្ហាចោទឡើងណាមួយនោះទេ ដោយអាជ្ញាធរកំពុងតែធ្វើការតាមដានបន្តទៀត។ ដោយឡែកច្រាំងទន្លេនៅត្រង់ចំណុចភូមិកំពង់ឬស្សី ដែលបានបាក់កន្លងទៅ ត្រូវបានអាជ្ញាធររៀបចំដាក់ខ្សាច់ទប់មិនឲ្យបាក់មកដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋទេ ហើយអាជ្ញាធរនឹងបន្តតាមដានមើលស្រុកដែលនៅតាមដងទន្លេបន្តទៀត ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ