ខេត្តបន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងដែលហក់ឡើងពីអូរព្រំដែនកម្ពុជាថៃបង្កការជន់លិចលំនៅដ្ឋានអ្នកស្រុកខាងត្បូងផ្លូវជាតិលេខ៥ នៅក្រុងប៉ោយប៉ែតនិងហូរកាត់ផ្លូវជាតិលេខ៥ជិត១០០០ម៉ែត្រនៅចំណុចព្រំប្រទល់សង្កាត់ផ្សារកណ្តាលនិងសង្កាត់និមិត្តដោយសាបាក់ទំនប់អាងអូរខៃដននោះនៅព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា ស្រកចុះបន្តិចហើយ។
អាជ្ញាធរក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២០ តុលាបា នចេញសេចក្តីប្រកាស់ព័ត៍មានមួយផ្អាករថយន្តតូចធំចេញពីក្រុងប៉ោយប៉ែតមិនឲ្យធ្វើចរាចរឆ្លងកាត់ចំណុចលិចលង់នេះដោយអនុញ្ញាតឱ្យរថយន្តតូចៗធ្វើចរាចរតាមផ្លូវជាតិលេខ៥៨ បន្តទៅផ្លូវជាតិលេខ២៥៨D ឡើងទៅផ្លូវជាតិលេខ៥ ចំណុចផ្សារគត្តសត ស្រុកអូរជ្រៅ ហើយនៅយប់ថ្ងៃដដែលនេះផ្អាកកាធ្វើចរាចរឆ្លងកាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចដើមពោធិយាយម៉ៅ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល រហូតដល់ភូមិកូនដំរីសង្កាត់និមិត្ត(ចំណុចទឹកហូរកាត់ផ្លូវ)ពេញ១យប់ ព្រោះវេលាងងឹតខ្លាចកាធ្វើចរាចរនោះមានបញ្ហាកើតឡើងជាយថាហេតុ។
បន្ទាប់ពីពិនិត្យឃើញថាជំនន់ទឹកភ្លៀងនេះបានស្រកបន្តិច នៅព្រឹកថ្ងៃទី២១ តុលាអាជ្ញាធរបានបើកឲ្យរថយន្តតូចមួយចំនួនដែលមានកង់ខ្ពស់ៗឆ្លងកាត់ចំណុចហាមឃាត់បានប៉ុន្តែសម្រាប់រថយន្តតូចហើយទាបដូចជាប្រភេទកាមរីមិនអនុញ្ញាតិទេគឺសមត្ថកិច្ចដែលឈរជើងចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ប្រាប់ឲ្យធ្វើចរាចរទៅតាមផ្លូវដែលបានរៀបរាប់ខាងលើ(សម្រាប់រថយន្តធំដឹកធ្ងន់ៗទាំងម្សិលមិញនិងថ្ងៃនេះមិនអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់ទេ)។
ម៉ូតូអ្នកស្រុកដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចលិចលង់នេះតាំងពីថ្ងៃទី២០ ដល់២១តុលាត្រូវសមត្ថកិច្ចចម្រុះជួយចម្លងដោយដឹកតាមរថយន្តធំជាមួយម្ចាស់ដែលនៅតាមដងផ្លូវក្នុងទឹកមានក្រុមសង្គ្រោះរបស់ខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន បណ្តាក់គ្នាឈរបង្ហាញផ្លូវចៀសវៀងរថយន្តឆ្លងកាត់ទាំងនោះជួបបញ្ហាណាមួយ ។
ចំពោះជំនន់ទឹកភ្លៀងដែលហូរចេញពីតាមរ៉េហ្គាទឹកចូលចំណុចរង្វង់មូលនិងបារ៉ាស់ត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតពេលនេះបានស្រកជិតអស់ហើយ។
បើទោះជាបែបនេះក្តី ប្រជាពលរដ្ឋជាង១០០០គ្រួសាដែលជម្លៀសរកទីទួលសុវត្ថិភាពពីតំបន់លិចលង់នានាក្នុងក្រុងមួយនេះនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅឡើយទេ ព្រោះទឹកទើបស្រកតិចតួចតែប៉ុណ្ណោះ៕ (កែសម្រួលដោយ ៖ ធីតា)