ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ន យ៉ើន បង្កើត​ភាព​ភ្ញាក់ផ្អើល​លើ​ទី​លាន​បាល់ទាត់​នារី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ុ​ន យ៉ើ​ន ដែល​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្រុមបាល់ទាត់​នារីកំពង់ស្ពឺ​ណា​ហ្គា​វើ​ល​ដ៍ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​តាមដាន​បាល់ទាត់ ជា​ពិសេស​បាល់​ទាត់​នារី បន្ទាប់​ពី​កីឡាការិនី​រូប​នេះ​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​ខ្លាំង​តាម​រយៈ​ការ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២៣​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក និង​ជួយ​ឲ្យ​ក្រុម​កំពង់ស្ពឺ​ណា​ហ្គា​វើ​ល​ដ៍ របស់​នាង​ឈរ​កំពូល​តារាង​នៅ​ក្នុង​ពេល​នេះ​។…

រាជធានី​ភ្នំពេញ ៖ យ៉ុ​ន យ៉ើ​ន ដែល​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្រុមបាល់ទាត់​នារីកំពង់ស្ពឺ​ណា​ហ្គា​វើ​ល​ដ៍ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​តាមដាន​បាល់ទាត់ ជា​ពិសេស​បាល់​ទាត់​នារី បន្ទាប់​ពី​កីឡាការិនី​រូប​នេះ​បង្ហាញ​ទម្រង់​លេង​លេចធ្លោ​ខ្លាំង​តាម​រយៈ​ការ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២៣​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក និង​ជួយ​ឲ្យ​ក្រុម​កំពង់ស្ពឺ​ណា​ហ្គា​វើ​ល​ដ៍ របស់​នាង​ឈរ​កំពូល​តារាង​នៅ​ក្នុង​ពេល​នេះ​។

កីឡាការិនី​រូប​នេះ បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​កីឡាការិនី​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ បន្ទាប់​ពី​ស​ប្ដា​ហ៍​ទី​១ នាង​រកបាន​៧​គ្រាប់ ជួយ​ឲ្យ​ក្រុម​ឈ្នះ​ក្រុម​សមាគម​កីឡា​កង​យោធ​ពល​ខេមរភូមិន្ទ ០-១៩ ។ ប្រកួត​ស​ប្ដា​ហ៍​ទី​២ រកបាន​៣​គ្រាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៥-៣ ។ ប្រកួត​ស​ប្ដា​ហ៍​ទី​៣ រកបាន​៣​គ្រាប់​ទៀត​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ក្រុម​បឹង​កេ​ត ៨-១ និង​ប្រកួត​ស​ប្ដា​ហ៍​ទី​៤​រកបាន​ដល់​ទៅ​១០​គ្រាប់​ម្នាក់ឯង ជួយ​ឱ្យ​ក្រុម​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តកំពង់​ធំ ០-១៦​។

ជួប​អ្នក​សារព័ត៌មាន កីឡាការិនី យ៉ុ​ន យ៉ើ​ន​បាន​ប្រាប់​ថា នាង​ស្រឡាញ់​កីឡាបាល់ទាត់​នេះ​តាំង​ពី​នៅ​រៀន​ថ្នាក់បឋមសិក្សា​ម្ល៉េះ ។ ទោះបី​ត្រូវ​បាន​ឪពុក​ម្ដាយ​ជំទាស់​មិន​ឱ្យ​លេង​យ៉ាងណា​ក៏​​ដោយ ក៏​នាង​នៅ​តែ​លួច​លេង​រហូត​បាន​ក្លាយ​ជា​កីឡាការិនី​បាល់ទាត់​មួយ​រូប​ប្រចាំ​សាលា​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។ នាង​បន្ត​ថា សម្រាប់​ការ​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​របស់​នាង​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ និង​បាន​ជាប់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ទៀត​ផង ។ នាង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់បាក់ឌុប​ដោយសារ​តែ​មិន​មាន​លទ្ធភាព​រៀន​បន្ត ។

បើ​ទោះជា​ក្រុម​គ្រួសារ​ឱ្យ​នាង​ស្វែងរកការងារ​ផ្សេង​ធ្វើ ក៏​នាង​មិន​ធ្វើ​ដែរ គឺ​សុខចិត្ត​មក​ហាត់​បាល់ទាត់​ដោយ​ក្ដី​ស្រឡាញ់​ពេញ​បេះ​ដូង ។ កីឡាការិនី​ជួរ​មុខ​របស់​ក្រុម​កំពង់ស្ពឺ​ណា​ហ្គា​វើ​ល​ដ៍​រូប​នេះ​បាន​ប្ដេជ្ញា​ថា នាង​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​បន្ត​ទៀត​ដើម្បី​ឱ្យ​ក្លាយជា​កីឡាការិនី​ឆ្នើម​ប្រចាំ​ប្រទេស ។

តាម​រយៈ​សមត្ថភាព​លេចធ្លោ និង​ការ​ប្ដេជ្ញា​របស់​កីឡាការិនី​រូប​នេះ សង្ឃឹមថា សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នឹង​មិន​មើល​រំលង​នាង​ក្នុង​គម្រោង​ជ្រើសរើស​កីឡាការិនី​បាល់ទាត់​មួយ​ក្រុម​សម្រាប់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នោះ​ទេ ព្រោះ​នាង​ក៏​មាន​បំណង​ចង់ទៅ​ហ្វឹកហាត់​ដែរ បើសិន​ជា​សហព័ន្ធ​ផ្ដល់​ឱកាស​ឱ្យ​នាង​មែន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ