និស្សិត​ទើបតែ​បញ្ចប់​ការ​សិក្សា​គួរតែ​បង្កើត​ផែនការ​នេះ​ដើម្បី​ជោគជ័យ​ក្នុង​អាជីព


និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំនេះ​អាច​នឹង​ជួប​នូវ​ផលវិបាក​ជាង​ឆ្នាំ​មុន​ៗ​ព្រោះតែ​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ដែល​មាន​លើ​ស្ទើរតែ​គ្រប់​វិស័យ​ក្នុង​សេដ្ឋកិច្ច​ ។ អ្នកស្រី​អេ​ឡា​ណា លី​ន ក្រូ​ស (Alana Lynn Gross) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ What Next​? Your Five-Year Plan for Life After College បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ថា​អ្នក​ប្រហែលជា​មិន​អាច​រកបាន​ការងារ​ដែល​អ្នក​ចង់បាន​ទេ តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​បង្កើត​ផែនការ​សម្រាប់​អាជីព​របស់​អ្នក​ឡើយ​។

អ្នកស្រី​បាន​ផ្តល់​យោបល់​ឲ្យ​រក​ការងារ​ក្នុង​វិស័យ​ដែល​កំពុង​តែ​ជ្រើសរើស​បុគ្គលិក​ច្រើន និង​រក្សា​គំនិត​ឲ្យ​ទូលាយ ព្រមទាំង​ដាក់​ពាក្យ​សម្រាប់​គ្រប់​ឱកាស​ទាំងអស់​ដែល​រកបាន​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​គួរ​មើល​រំលង​ការងារ​បណ្តោះអាសន្ន និង​ការងារ Freelance ទេ​ព្រោះ​វា​នៅ​តែ​ផ្តល់​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​អ្នក​ដែរ​។

មនុស្ស​ម្នាក់​ៗ​ចាំបាច់​ត្រូវ​មាន​ផែនការ​ព្រោះ​វា​ផ្តល់​ជា​ផែនទី​ច្បាស់លាស់​សម្រាប់​អាជីព​របស់​អ្នក​។ វា​បង្ហាញ​ពី​គោលដៅ​ដែល​អ្នក​ចង់​សម្រេច និង​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ​។

សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​ប្រឡូក​ក្នុង​ការងារ និង​មិន​ទាន់​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​ប្រាកដ វា​កាន់តែ​សំខាន់​ទៅ​ទៀត​ក្នុង​ការ​រៀបចំ​ផែនការ​។ អ្នក​អាច​ជ្រើសរើស​ផ្លូវ​ដើរ​មួយ និង​ឧស្សាហ៍​សួរ​ខ្លួនឯង​ថា​វា​ជា​ការងារ​សម្រាប់​អ្នក​ឬទេ​។ អ្នក​ត្រូវ​រក​មើល​អ្វី​ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក ដោយ​មិន​ត្រូវ​បាន​រំខាន​ដោយ​អ្នក​ដទៃ​។

និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ត្រូវ​ដឹង​ទៀត​ថា ក្នុង​វ័យ​នេះ មិន​មាន​នរណា​ដែល​រំពឹងគិត​ថា​អ្នក​មានបទពិសោធន៍​គ្រប់​ជ្រុង​គ្រប់​ជ្រោយ​ទេ​។ ពេល​ដែល​ចាប់ផ្តើម​ដំបូង ស្ថាប័ន​ការងារ​រក​មនុស្ស​ដែល​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ និង​រៀនសូត្រ​ខណៈ​ដែល​បំពេញការងារ​នោះ​។ គុណសម្បត្តិ​ទាំងនេះ​មាន​សារៈសំខាន់​ជាង​ជំនាញ​ច្បាស់លាស់​ដែល​អ្នក​អាច​រៀន​នៅ​ពេល​ក្រោយ​ទៅ​ទៀត​។

សម្រាប់​អ្នក​ដែល​កំពុង​រក​ការងារ​ក្នុង​កំឡុង​ពេល​នេះ អ្នក​ត្រូវ​តែ​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​ដោយ​យោង​ទៅ​តាម​អ្វី​ដែល​ស្ថាប័ន​ការងារ​កំពុង​ស្វែងរក​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ប្រើ​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មិត្តភក្តិ បងប្អូន សិស្ស​ច្បង ឬ​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់​។ អ្នក​ប្រហែលជា​ត្រូវ​ចំណាយពេល​យូរ​ជាង​ធម្មតា​ដើម្បី​រកបាន​ការងារ ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​ភាព​អត់ធ្មត់​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ