ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​ចង់ឱ្យ​យុវជន​ចេះ​ច្រៀង រាំ​យីកេ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចាត់​ទុក​ការ​បណ្តុះ​អប់រំ​យុវជន​ជំនាន់​ក្រោយ ឱ្យ​មានការ​យល់​ដឹង ឱ្យ​ចេះ​ច្រៀង ចេះ​សម្តែង​ល្ខោន​យីកេ គឺជា​ការ​បណ្តុះ​ទឹកចិត្ត​ដល់​ពួក​គេ ឱ្យ​ចេះ​ស្រឡាញ់ ចូលរួម​ថែរក្សា…

ខេត្តតាកែវ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចាត់​ទុក​ការ​បណ្តុះ​អប់រំ​យុវជន​ជំនាន់​ក្រោយ ឱ្យ​មានការ​យល់​ដឹង ឱ្យ​ចេះ​ច្រៀង ចេះ​សម្តែង​ល្ខោន​យីកេ គឺជា​ការ​បណ្តុះ​ទឹកចិត្ត​ដល់​ពួក​គេ ឱ្យ​ចេះ​ស្រឡាញ់ ចូលរួម​ថែរក្សា ជួយ​ឱ្យ​រស់​ឡើង​វិញ ជួយ​ផ្សព្វផ្សាយ ជួយ​ធ្វើ​ឲ្យ​ល្ខោន​យីកេ មាន​រូបភាព​ទាន់​សម័យកាល ជួយ​សាកល្បង​បង្កើត​ថ្មី និង​បង្កើត​ថ្មី ពិសេស​គឺ​នឹង​ចូលរួម​លើក​ស្ទួយ​សិល្បៈ ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ផ្នែក​យីកេ​ដែល​ជា​ទម្រង់​ល្ខោន​ខ្មែរ​ឲ្យ​នៅ​គង់វង្ស​ជា​និរន្តរ៍ ។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ស្តី​ពី ល្ខោន​យីកេ លើក​ទី​១ រៀបចំ​ធ្វើ​ឡើង​នៅ​សាល​មហោស្រព​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ ដែល​មាន​សិក្ខាកាម​ជា​សិល្បករ សិល្ប​ការិនី និង​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ទាំង​២៥​រាជធានី​-​ខេត្ត​ចូលរួម​ផង​នោះ ឯកឧត្តម​សំរាំង កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វ្ប​ធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា ប្រាកដ​ណាស់​សិល្បៈ​ល្ខោន​យីកេ ក៏​ដូច​ជា​សិល្បៈ​ប្រពៃណី​ជាតិខ្មែរ​យើង​ដទៃ​ទៀត ។

បើ​យើង​ពុំ​ខិតខំ​សិក្សា ស្រាវជ្រាវ ចងក្រង​រក្សា​ទុក និង​ថែរក្សា​ឱ្យ​បាន​គត់មត់​ទេ នោះ​សិល្បៈ​វប្បធម៌ សាកល​ភា​វូប​យី​កម្ម នឹង​លេប​ត្របាក់​សិល្បៈ​វប្បធម៌​ប្រពៃណី​ជាតិ​យើង ឱ្យ​រលាយ​សូន្យសុង​ពុំខាន​ឡើយ ដូច្នោះ​ហើយ​បេសកកម្ម​របស់​យើង គឺ​ត្រូវ​បន្ត​ការ​សិក្សា ស្រាវជ្រាវ រក​ឱ្យ​ឃើញ​ពី​តម្លៃពិត​នៃ​សិល្បៈ​ល្ខោន​យីកេ ដើម្បី​ថែរក្សា​តម្លៃ​នោះ​ឱ្យ​គង់វង្ស តាម​រយៈ​ការ​បណ្តុះ​ផ្នត់គំនិត​យុវជន​ជំនាន់​ក្រោយ ឱ្យ​ស្រឡាញ់ និង​ថែរក្សា​សិល្បៈ​ប្រពៃណី​ជាតិខ្មែរ និង​ល្ខោន​យីកេ​នេះ ។

ឯកឧត្តម​សំរាំង កំសាន្ត បាន​បន្ថែម​ទៀត​ថា យុវជន​ជំនាន់​ក្រោយ គឺជា​ទំពាំង​ស្នង​ឫស្សី ជា​អ្នក​បន្តវេន​សម្រាប់​សង្គម​ជាតិ​ទៅ​ថ្ងៃ​អនាគត ហើយ​អ្វី​ដែល​យុវជន​ត្រូវ​មាន​តួនាទី​នៅ​ក្នុង​សិល្បៈ​វប្បធម៌​ខ្មែរ​នោះ គឺ​ការ​ចូលរួម​ចំណែក​ថែរក្សា សិក្សា ស្រាវជ្រាវ និង​ចងក្រង​ទុក​រាល់​ឯកសារ​នានា​ទាក់ទង​នឹង​ល្ខោន​យីកេ​នេះ ហើយ​រួម​គ្នា​សាបព្រោះ​ទៅ​ដល់​យុវជន​ដទៃ​ទៀត​ឱ្យ​យល់​ពី​គុណ​តម្លៃ​របស់​សិល្បៈ​វប្បធម៌​ជាតិ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​វប្បធម៌​បរទេស​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​យុវវ័យ​ខ្លាំង​ពេក ។

ឯកឧត្តម​រដ្ឋលេខាធិការ​សំរាំង កំសាន្ត សង្ឃឹម​ជឿជាក់​ថា អង្គ​សិក្ខាសាលា​នេះ​នឹង​រក​ឃើញ​ពី​បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​សិល្បៈ​ល្ខោន​យីកេ​ដែល​ត្រូវ​ដោះស្រាយ តម្លៃពិត ទាំង​ក្នុង​រូបភាព និង​ខ្លឹមសារ នៃ​សិល្បៈ​ល្ខោន​យីកេ​ដែល​ចាំបាច់​ត្រូវ​ថែរក្សា​ឱ្យ​បាន​គង់វង្ស តួនាទី និង​ភារកិច្ច​របស់​យើង​ជា​កូន​ខ្មែរ​គ្រប់​រូប ក្នុង​ការ​លើកកម្ពស់​ថែរក្សា និង​ការ​អភិវឌ្ឍ​សិល្បៈ​ល្ខោន​យីកេ តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​បាន​ល្អ រវាង​យីកេ​បុរាណ និង​យីកេ​សម័យ ។

លោក​សំរាំង កំសាន្ត ថ្លែង​នេះ​នៅ​មុន​ពេល​បើក​មហោស្រព​សិល្បៈ​ល្ខោន​យីកេ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២០ តុលា ។ ក្នុង​មហោស្រព​នោះ​ក្រុម​សិល្បៈ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ​បាន​សម្ដែង​យីកេ​រឿង «​វាសនា​ធីតា​នាគ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ