ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ឫស្សី​សាញ់​​លិចជាង​កន្លះ​ខែ​ហើយ​ អត់ទទួលបូជាសព ​ព្រោះ​តែរឿង​មួយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​វត្ត​ឫស្សី​សាញ់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌ​ដ​ដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច​អស់​រយៈពេល​ជាង​កន្លះ​ខែ​កន្លង​មក​ហើយ​ ដែល​កន្លែង​ខ្លះ​លិច​ត្រឹម​ជង្គង់​ និង​កន្លែង​ខ្លះ​ទៀត​លិច​ត្រឹម​ភ្លៅ​ហើយ​ទឹក​នៅ​នឹង​ថ្កល់​ពុំ​មាន​ច្រក​ហូរ​ចេញ​ឡើយ…

រាជធានី​ភ្នំពេញ​ ៖ ​វត្ត​ឫស្សី​សាញ់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌ​ដ​ដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច​អស់​រយៈពេល​ជាង​កន្លះ​ខែ​កន្លង​មក​ហើយ​ ដែល​កន្លែង​ខ្លះ​លិច​ត្រឹម​ជង្គង់​ និង​កន្លែង​ខ្លះ​ទៀត​លិច​ត្រឹម​ភ្លៅ​ហើយ​ទឹក​នៅ​នឹង​ថ្កល់​ពុំ​មាន​ច្រក​ហូរ​ចេញ​ឡើយ ​។

​ចំណែក​នៅ​ទី​ឈាបនដ្ឋាន​ក៏​ត្រូវ​ទឹក​លិច​ដែរ ​ថ្វី​ដ្បិតតែ​មិន​លិច​ដល់​ឡ​បូជាសព​ក៏​ពិតមែន ប៉ុន្តែ​ទីតាំង​មួយ​នេះ​ត្រូវ​បាន​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទឹក​ដូច​ជា​កោះ​មួយ​អ៊ីចឹង ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ទឹក​ហាក់​ស្រក​បន្តិច​ហើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ដល់​ទៅ​២​មេ ​ទើប​បណ្ដាល​ឲ្យ​ជន់​លិច​កាន់តែ​ខ្លាំង​ថែម​ទៀត​ ។​

ដោយឡែក​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ​មាន​ជាង​២០​អង្គ​មិន​អាច​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​បាន​ឡើយ ហើយ​នៅ​ថ្ងៃសីល​ក៏​អត់​សូវ​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែរ ព្រះ​គ្រូ​ចៅអធិការ​បាន​ផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះ​ទាំងអស់​រាល់ថ្ងៃ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោកតា​អាចារ្យ​ម្នាក់​។

លោកតា​អាចារ្យ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រយៈពេល​ទឹក​ជន់​លិច​នៅ​ឈាបនដ្ឋាន​ខាងលើ​បូជាសព​បាន​តែ​២​នាក់​ប៉ុណ្ណោះ​ដោយពេល​នោះ​ទើបតែ​លិច​តិច​ៗ អាច​ដំណើរការ​បាន លុះ​ក្រោយមក​ទៀត​ពេល​ដែល​ទឹក​លិច​កាន់តែ​ខ្លាំង​ក៏​មាន​អ្នក​ទៅ​ទាក់ទង​សុំ​យក​សព​ទៅ​បូជា​ជា​បន្តបន្ទាប់​ទៀត​ដែរ ប៉ុន្តែ​អ្នក​គ្រប់​គ្រង់​នៅ​ទីនោះ​មិន​ហ៊ាន​ទទួល​ទេ ​​ហើយ​​មូ​ល​ហេតុ​ដែល​មិន​ហ៊ាន​ទទួល​នោះ​គឺ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ជាយថាហេតុ​ណាមួយកើតឡើង​ ដោយសារ​តែ​ឡ​បូជាសព​ទំនើប​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ មិនមែន​ប្រើ​អុស​​ឬ​ធ្យូង​ឡើយ ​និង​​មាន​ខ្សែភ្លើង​កប់​​ក្នុង​ដី​ខ្វាត់ខ្វែង​ថែម​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ទីធ្លា​វត្ត​ និង​ឈាបនដ្ឋាន​ទាំងមូល​ត្រូវ​បាន​​ជន់​លិច​​ទៅ​ដោយ​ជំនន់​ទឹកភ្លៀង​គ្មាន​កន្លែង​ហូរ​ចេញ​ឡើយ ហើយ​កាលពី​មិន​ទាន់​លិច​ ក្នុង​១​ខែ​មាន​សព​យក​ទៅ​បូជា​នៅ​ទីនោះ​ជាង​២០​នាក់​ ដោយ​អ្នកខ្លះ​ធ្វើបុណ្យ​នៅផ្ទះ​រួច​ហែ​យក​​មក​​បូជា ​និង​ខ្លះ​ទៀត​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ទីនោះ​តែ​ម្ដង ហើយ​ចំនួន​នេះ​ក៏​រាប់​បញ្ចូល​ទាំង​សព​ជនអនាថា​ផ្សេង​ៗ​ផង​ដែរ ។​ ចំណែក​ឡ​បូជាសព​មាន​លក្ខណៈ​ទំនើប​បូជា​រហ័ស​ណាស់​ សព​ម្នាក់​បូជា​ត្រឹមតែ​កន្លះ​ម៉ោង​ទៅ​១​ម៉ោង​ប៉ុណ្ណោះ​គឺ​រួចរាល់​ហើយ ​។

​ម្យ៉ាង​ពេល​នេះ ​ទោះបីជា​ត្រូវ​ទឹក​ជន់​លិច​បែប​នេះ​ក៏​ដោយ ​ក៏​នៅ​តែ​អាច​បូជា​បាន​ដែរ ប៉ុន្តែ​អ្នក​គ្រប់​គ្រង់​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន​ ដើម្បី​ការ​ពារ​សុវត្ថិភាព​ក្រុមការងារ​ផង​ និង​អ្នក​ដែល​យក​សព​ទៅ​បូជា​ផង​ដែរ ចៀសវាង​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុណាមួយ ដែល​មិន​អាច​ដឹង​មុន​បាន​។

តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​វត្ត​ឫស្សី​សាញ់​នេះ​មាន​ព្រះសង្ឃ​គង់នៅ​ជាង​២០​អង្គ​ហើយ​ខណៈ​ទឹក​លិច​មិន​អាច​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​បាន​ឡើយ ហើយ​នៅ​ថ្ងៃសីល​ក៏​អត់​សូវ​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែរ ព្រោះ​លំបាក​ចូល​ទៅ​ហើយ​ព្រះ​គ្រូ​ចៅអធិការ បាន​ផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះ​ទាំងអស់​តែ​ម្ដង​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​វត្ត​ឫស្សី​សាញ់​ក៏​មាន​លំនៅ​ដ្ឋា​ន​ជុំវិញ​នោះ​ត្រូវ​ទឹក​លិច​ដូច​គ្នា​ដែរ ហើយ​ជំនន់​ទឹកភ្លៀង​បាន​វាយលុក​តំបន់​ជា​ច្រើន​នៅ​ក្នុង​ខណ្ឌដង្កោ​ក៏​ដូច​ជា​ខណ្ឌ​មួយ​ចំនួន​ទៀត​នៅ​ជាយ​រាជធានី​ភ្នំពេញ ហើយ​អាជ្ញាធរ​បាន​ខ្វល់ខ្វាយ​ក្នុង​ការ​កាយ​ស្ដារ​ប្រឡាយ​ដើម្បី​បញ្ចៀស​ការ​លិចលង់​ពី​គ្រោះ​ធម្មជាតិ​នេះ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ