ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC ដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៥០លានដុល្លារដើម្បីពង្រឹងអំណាចទិញនៃប្រាក់រៀល

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ដោយកត់សម្គាល់ឃើញថាប្រាក់រៀលខ្មែរកំពុងមានចំនួនច្រើនលើសលប់ក្នុងទីផ្សារកម្ពុជានិងដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលលើទីផ្សារ ធនាគារជាតិនៃកម្ពុជា (National Bank of Cambdia/NBC) នឹងធ្វើការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០.០០០.០០០ (៥០លាន)…

រាជធានីភ្នំពេញ៖ ដោយកត់សម្គាល់ឃើញថាប្រាក់រៀលខ្មែរកំពុងមានចំនួនច្រើនលើសលប់ក្នុងទីផ្សារកម្ពុជានិងដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលលើទីផ្សារ ធនាគារជាតិនៃកម្ពុជា (National Bank of Cambdia/NBC) នឹងធ្វើការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០.០០០.០០០ (៥០លាន) ដុល្លារអាមេរិក ក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ។


សម្រាប់ស្ថាប័នដែលអាចចូលរួមការដេញថ្លៃនេះ គឺគ្រប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ដែលក្នុងនោះខាងធនាគារជាតិនៃកម្ពុជានឹងប្រកាសជូនឲ្យដឹងអំពី «អត្រាដេញថ្លៃអប្បបរមា» នៅព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្តែងតែម្តង ។

យោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ដោយកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។

មន្ត្រីជាន់ខ្ពស់ដដែលបានបន្តថា ជាក់ស្តែង អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែកក្សាស្ថិរភាពថ្លៃអោយនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០ លានដុល្លារអាមេរិក។
ប្រភពដដែលបានបន្តថា ចំពោះស្ថាប័នដែលចូលរួមដេញថ្លៃ គឺអាចសម្រេចដេញថ្លៃយកតាមចំនួនណាមួយដែលចង់បាន ។ ឧទាហរណ៍ បើសិនធនាគារ A ចង់ដេញថ្លៃ ត្រឹម ៣ លានដុល្លារ ឬ ១០ លានដុល្លារ គឺអាចដេញយកចំនួនដែលចង់បាន មិនមែនតម្រូវឲ្យស្ថាប័នតែមួយដេញយកចំនួន ៥០ លានដុល្លារនេះទេ ។

យ៉ាងណាមិញបើតាមការពន្យល់ឲ្យងាយស្រួលនោះ គឺខាង NBC សង្កេតឃើញថាប្រាក់រៀលខ្មែរហាក់មានចំនួនច្រើនលើសលប់ក្នុងទីផ្សារ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អំណាចទិញនៃប្រាក់រៀល ឬធ្វើឲ្យលុយរៀលខ្សោយ ដូច្នេះទើបធនាគារជាតិនៃកម្ពុជាសម្រេចដាក់ដេញថ្លៃលុយដុល្លារអាមេរិក ដើម្បីប្រមូលប្រាក់រៀលកុំឲ្យជន់ជោរខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន។
យោងតាមផេកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា អត្រាប្តូរប្រាក់ផ្លូវការគឺ ៤.១០២ រៀល / ដុល្លារ ៕

អត្ថបទសរសេរ ដោយ