ប្រធានក្រុមការងាររាជរដ្ឋាភិបាលចែកអំណោយនៅស្រុកស្ទោង
- ភ្នំពេញ
ខេត្តកំពង់ធំ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តមសុខ លូ អភិបាលខេត្ត…
ខេត្តកំពង់ធំ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តមសុខ លូ អភិបាលខេត្ត…
ខេត្តកំពង់ធំ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តមសុខ លូ អភិបាលខេត្ត កាលពីរសៀលថ្ងៃទី១៩
ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្នុងក្រុមការងារនិងមន្ត្រីខេត្ត ចុះចែកអំណោយមួយចំនួនមានគ្រឿងឧបភោគបរិភោគ និងប្រាក់ជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ មកពីឃុំព្រះដំរី និងឃុំបន្ទាយស្ទោង នៃស្រុកស្ទោង ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
ឯកឧត្តមបន្តថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនដែលបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ព្រោះតែគ្មានការជួយពីរាជរដ្ឋាភិបាល កាកបាទក្រហម ក៏ដូចជាអាជ្ញាធរក្រោមឱវាទនោះឡើយ ។ «ទីណាមានពលរដ្ឋជួបទុក្ខលំបាក ទីនោះមានវត្តមានសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត» ។
ឯកឧត្តម ថោង ខុន បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់ និងត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះសត្វអាសិរពិស ពិសេសមិនត្រូវបណ្តែតបណ្ដោយឱ្យកូនចៅតូចៗលេងទឹកឡើយ ។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្ថិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ឱ្យបានល្អ និងត្រូវប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមរបស់ខ្លួន ជៀសវាងការបាត់បង់ដោយសារបញ្ហាជំនន់ទឹកភ្លៀងនេះ។
បើតាមរបាយការណ៍របស់លោក ណែត សារី អភិបាលស្រុកស្ទោង បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់លំនៅឋានចំនួន៤.៥២៣ខ្នង ស្មើនឹង៣៩ភូមិ នៃឃុំចំនួន៥ បណ្ដាលឱ្យលិចលង់ដំណាំស្រូវចំនួន ៨.៨១៤ហិកតា ប៉ុន្តែមិនទាន់ឈានដល់ការជម្លៀសប្រជាពលរដ្ឋនៅឡើយទេ។
ឯកឧត្តមអភិបាលខេត្ត សុខ លូ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបានបង្កឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋទូទាំងខេត្តចំនួន ៦.៩៥៥ខ្នង ក្នុងនោះនៅស្រុកសន្ទុក៣៣០ខ្នងស្រុកប្រាសាទសំបូរ១២៣.៣៥៦ខ្នង ស្រុកតាំងគោក១០០ខ្នង ស្រុកស្ទោង៤.៥២៣ខ្នង ស្រុកបារាយណ៍២៧៥ខ្នង ស្រុកសណ្ដាន់៦១៥ខ្នង ស្រុកប្រាសាទបល្ល័ង្ក៣៧៦ខ្នង ស្រុកកំពង់ស្វាយ១១២ខ្នង និងក្រុងស្ទឹងសែន ២៦៨ខ្នង ។
ឯកឧត្តមបន្តថា រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការចំពោះគ្រោះទឹកជំនន់ ។
ឯកឧត្តមបានបញ្ជាឱ្យអភិបាលស្រុកទាំង៩ និងអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវត្រៀមទីទួលសុវត្ថិភាពឱ្យរួចជាស្រេច សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ ប្រសិនមានករណីជំនន់ទឹកភ្លៀងហក់ឡើងខ្ពស់ នាពេលខាងមុខ ។
ថ្នាក់ដឹកនាំទាំងពីរ បានបន្តដាស់តឿនមន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានស្ថានភាពទឹកភ្លៀងក្នុងមូលដ្ឋានរៀងៗខ្លួនជាប់ជាប្រចាំ និងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ពិសេសត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ។
អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋទាំង៥០០គ្រួសារនាពេលនោះរួមមាន អង្ករ ១២,៥តោន មីជាតិ៥០០កេស ត្រីខកំប៉ុង៥០០យួរ ទឹកស៊ីអ៊ីវ៥០០យួរ ទឹកបរិសុទ្ធ៥០០កេស ថ្នាំពេទ្យTiffyចំនួន២.៥០០បន្ទះ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ
១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស និងថ្នាំពេទ្យTiffy ៥បន្ទះ ៕
ចែករំលែកព័តមាននេះ