ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់ថវិកា១០ម៉ឺនដុល្លារជួយប្រជាពល​រដ្ឋ​​​រង​គ្រោះដោយ​ទឹកជំនន់

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ថ្លែង​នៅ​ចំពោះ​មុខ​បងប្អូន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍​សាត់​បាន​ជម្រាប​ជូន​ថា ក្នុង​ពេល​គ្រោះ​ទឹកជំនន់​នេះ រាជរដ្ឋាភិបាល​ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ត បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន…

ខេត្តពោធិ៍សាត់​៖ ថ្លែង​នៅ​ចំពោះ​មុខ​បងប្អូន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍​សាត់​បាន​ជម្រាប​ជូន​ថា ក្នុង​ពេល​គ្រោះ​ទឹកជំនន់​នេះ រាជរដ្ឋាភិបាល​ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ត បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន និង​អង្គការក្រៅរដ្ឋាភិបាល​ជា​បន្ត​បន្ទាប់ ​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ហើយ​សម្ដេច​តេ​ជោ ហ៊ុន សែន ​ក៏បាន​ចែករំលែក​ថវិកាទាំងនោះ ​មក​ឲ្យ​ខេត្តពោធិ៍សាត់​យើង​ចំនួន​១០​ម៉ឺន​ដុល្លា​រ​សហរដ្ឋអាមេរិក សម្រាប់​ចាត់ចែង​ផង​ដែរ​។

ឯកឧត្តមបាន​​លើក​ឡើង​បែប​នេះ ​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​ស្បៀងអាហារ​របស់​ឯកឧត្តម ​និង​លោក​ជំទាវ​ផ្ទាល់ ទៅ​ចែក​សង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់ នៅ​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​១៨​ តុលា​ ឆ្នាំ​២០២០ ។ ​ប្រជា ពលរដ្ឋ​ទាំង​២០០​គ្រួសារ​នេះ មក​ពី​ភូមិ​ចំនួន​០៥ ​គឺ​ភូមិ​ស្វាយដូនកែវ​១ ភូមិ​ស្វាយដូនកែវ​២ ភូមិ​ទួល​សំរោង ភូមិ​ស្វាយស និង​ភូមិ​ថ្មី ។

ឯកឧត្តម ស៊ុ​យ សែ​ម បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ខូចខាត​ដោយ​គ្រោះ​ទឹក​ជំនន់ នៅ​ខេត្តពោធិ៍សាត់​ចំនួន​ពីរ​លើក​ជាប់​ៗ​គ្នា​នេះ ហើយ​បើ​តាម​ការ​ព្យាករណ៍​នៅ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ អាច​បង្ក​ជា​ទឹកជំនន់​ទៀត​។ ដូច្នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​តាមដាន​សភាពការ ដើម្បី​បញ្ហា​កើតឡើង យើង​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​។ សូម​បងប្អូន​ជ្រាប​ថា ជំនួយ​បាន​មក​ពី​គ្រប់​ប្រភព ដូច្នេះ​ ការ​ចែក​ជូន​វា​មិន​ដូច​គ្នា​ទេ គឺ​ទៅ​តាម​ការ​រៀបចំ​របស់​ម្ចាស់​ជំនួយ​នីមួយ​ៗ ដូច្នេះ​ សូមកុំ​ឲ្យ​មានការ​ច្រណែន​គ្នា ឬ​យល់​ច្រឡំ​មក​លើ​ការ​បែងចែក​របស់​អាជ្ញាធរ​ថា​ មិន​ស្មើភាព​គ្នា​។

សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ជាតិ​សាន៍ ពណ៌​សំបុរ ឫ​និន្នាការ​នយោបាយ​អ្វី​នោះ​ទេ ឲ្យ​តែ​បងប្អូន​មាន​បញ្ហា​កើតឡើង គឺ​សម្ដេច​ទាំង​ទ្វេ​ជួយ​ទាំងអស់ ព្រោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ទុក្ខ​កង្វល់​របស់​សម្ដេច​។

គ្រោះ​ទឹកជំនន់​ឆ្នាំ​២០២០​នេះ មិន​ខុស​ពី​ឆ្នាំ​១៩៩៦​ប៉ុន្មាន​ទេ បាន​លិចលង់​ស្ទើរតែ​គ្រប់​រាជធានី​ខេត្ត​ក្រុង បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ខូចខាត​ទ្រព្យសម្បត្តិ ស្រែ​ស្រូវ ផលដំណាំ របស់​ប្រជាពលរដ្ឋ ពិសេស​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទីកន្លែង ដែល​ជា​បន្ទុក​ដ៍​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជុស​ជុល​និង​កសាង​ស្ដារ​ឡើង​វិញ​។

ឯកឧត្តម ស៊ុ​យ សែ​ម បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពេល​ទឹក​ស្រក​កាលណា​ត្រូវ​នាំ​គ្នា​ដាំ​ដុះ​ឡើង​វិញ​ដើម្បី​ស្ដារ​ជីវភាព​រស់នៅ ចៀសវាង​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយ​ប្រថាន ត្រូវ​ជាតិ​សាសន៍​គេ​មើលងាយ និង​ពុំ​មាន​សល់​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ​។

អត្ថបទសរសេរ ដោយ