ម៉ិកស៊ិក ៖ អ្នកកីឡាកាសសញ្ជាតិម៉ិកស៊ិកម្នាក់ ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតក្នុងវ័យ២៦ឆ្នាំ បន្ទាប់ពីទទួលរងការប៉ះទង្គិចធ្ងន់ធ្ងរមួយ អំឡុងពេលនៃការសម្តែងរបស់ខ្លួន។
Luis Angel Salazar ដែលមានរហស្សនាមលើសង្វៀនប្រកួតថា Principe Aereo ត្រូវបានបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិត។ ដែលហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងសង្វៀនប្រកួត San Juan Pantitlan នៅជាយក្រុង Neza។ នៅពេលដែល Principe Aereo ត្រូវបានគូប្រកួតរបស់ខ្លួន ដែលមានឈ្មោះថា Redimido បានវ៉ៃ២ដៃចំទ្រូង និង១ជើងទៀត មុននឹងរៀបបញ្ចេញក្បាច់បញ្ចប់ចុងក្រោយ ប៉ុន្តែ Principe Aereo បានដួលសន្លប់ស្តុកស្តឹងនៅលើសង្វៀនបាត់ទៅហើយ។
ភ្លាមៗនោះ ក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះបឋម មុនពេលបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែជាអកុសលកាលពីថ្ងៃទី១៩ ខែតុលា គេហទំព័រកីឡាចំបាប់អាជីព Maslucha.com បានអះអាងថា Principe Aereo បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីទទួលរងការដាច់សរសៃឈាមខួរក្បាល។ ហើយក្នុងនោះអ្នកគាំទ្រជាច្រើន បានប្រើប្រាស់បណ្តាញសង្គម ដើម្បីបង្ហាញពីអារម្មណ៍សោកស្តាយរបស់ខ្លួន៕
ចែករំលែកព័តមាននេះ