ទីផ្សារ និងសេដ្ឋកិច្ចមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យច្បាប់ក្នុងវិស័យអាជីវកម្មមួយចំនួនហួសសម័យកាលហើយដែរ។ ដើម្បីដឹងថាអ្វីជាជម្រើសល្អសម្រាប់អាជីវកម្មរបស់អ្នក អ្នកត្រូវតែមើលត្រលប់ទៅអតីតកាល អ្វីដែលបានផ្លាស់ប្តូរ និងអ្វីដែលអ្នកត្រូវធ្វើដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនោះ។ ខាងក្រោមគឺជាច្បាប់អាជីវកម្មចាស់ៗដែលអ្នកគួរពិចារណាបោះបង់ចោល ៖
១. ម៉ោងធ្វើការដែលកំណត់ច្បាស់លាស់
សម្រាប់មុខតំណែងមួយចំនួន ការធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក ដល់ ៥ល្ងាចគឺហួសសម័យកាលហើយ។ ផ្ទុយមកវិញ អ្នកអាចអនុញ្ញាតឲ្យមានការបត់បែនក្នុងការប្រកបការងារឲ្យតែបុគ្គលិករបស់អ្នកអាចសម្រេចបានលទ្ធផលការងារដែលអ្នកចង់បានក្នុងពេលណាមួយជាកំណត់។ ប្រសិនបើកិច្ចការទាមទារឲ្យមានការសហការគ្នាច្រើន អ្នកអាចកំណត់ពេលវេលាច្បាស់លាស់ដូចជា ២ទៅ ៣ម៉ោងក្នុងមួយថ្ងៃសម្រាប់ការធ្វើការជាក្រុមជាដើម។
២. ការធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍
ក្នុងនាមជាអាជីវករ អ្នកត្រូវតែពិនិត្យមើលថាការធ្វើការមួយថ្ងៃ ៨ ម៉ោងល្អសម្រាប់អាជីវកម្មរបស់អ្នកដែរឬទេ? ទោះជាប្រព័ន្ធនេះអនុញ្ញាតឲ្យអ្នកតាមដានការងាររបស់បុគ្គលិកអ្នកបានល្អពិតមែនក្តី វាមិនមែនមានន័យថាបុគ្គលិករបស់អ្នកអាចធ្វើការបានដោយមានប្រសិទ្ធភាពទេ។
មនុស្សមានពេលវេលាដែលពួកគេចូលចិត្តធ្វើការ និងអាចធ្វើការបានល្អខុសៗគ្នា ហើយភាពបត់បែនក្នុងការជ្រើសរើសម៉ោងធ្វើការដោយខ្លួនឯងអាចបង្កើនប្រសិទ្ធភាពការងារ និងជួយដល់សុខភាពរបស់បុគ្គលិករបស់អ្នកថែមទៀត។
៣. ការតាមដានការងារ
ជាក់ស្តែង ភាពបត់បែនក្នុងការងារទាមទារឲ្យអ្នកមានការជឿជាក់លើបុគ្គលិករបស់អ្នកច្រើន។ នេះជាហេតុដែលទំនួលខុសត្រូវមានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឲ្យបុគ្គលិករបស់អ្នកយល់ដឹងពីកិច្ចការ និងអ្វីដែលចង់បានពីពួកគេផងដែរ។ ប្រសិនបើបុគ្គលិករបស់អ្នកមិនដឹងពីតួនាទីរបស់ពួកគេច្បាស់លាស់ទេ អ្នកនឹងមានការលំបាកក្នុងការជំរុញឲ្យពួកគេធ្វើការ។
៤. គ្រប់គ្រងឬដឹកនាំ?
អាជីវករចាំបាច់ត្រូវយល់ដឹងពីភាពខុសគ្នារវាងអ្នកគ្រប់គ្រង និងអ្នកដឹកនាំ។ នរណាក៏អាចគ្រប់គ្រងក្រុមមួយបានដែរ ប៉ុន្តែវាទាមទារកម្លាំង និងពេលវេលាជាច្រើនពីអ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរៀនធ្វើជាអ្នកដឹកនាំល្អវិញដែលអាចជំរុញឲ្យបុគ្គលិកមានភាពសកម្ម និងទទួលខុសត្រូវលើការងាររបស់ខ្លួន ៕
ចែករំលែកព័តមាននេះ