ខាសាន់ គ្រីល (Carson Grill) ដែលជាក្មេងប្រុសអាយុ ១៥ ឆ្នាំ ទើបតែចាប់ផ្តើមឆ្នាំទីមួយនៅវិទ្យាល័យរបស់ខ្លួន ប៉ុន្តែខាសាន់ក៏កំពុងតែគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែរជាមួយលោកចេសាន់ គ្រីល (Jason Grill) ដែលជាឪពុករបស់ខ្លួន។ បច្ចុប្បន្ននេះ ខាសាន់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Touch Up Cup ដែលជាក្រុមហ៊ុនលក់កំប៉ុងទុកថ្នាំលាបផ្ទះ។
ដៃគូអាជីវកម្មពីររូបនេះបានធ្វើបទបង្ហាញពីគំនិតរបស់ពួកគេលើកម្មវិធី Shark Tank ដើម្បីសុំការវិនិយោគពីវិនិយោគិនល្បីៗ។ ពួកគេបានគិតឃើញគំនិតនេះបន្ទាប់ពីពួកគេបានប្រទះឃើញថាធុងថ្នាំលាបផ្ទះរបស់ពួកគេចាប់ផ្តើមជ្រេះពេលដែលទុកចោលយូរ ដូច្នេះពួកគេក៏បង្កើតកំប៉ុងជ័រដែលមានរស័រខាងក្នុងទុកក្រឡុកដើម្បីកុំឲ្យថ្នាំកក។
ទោះជាមានអាយុ ១៥ ឆ្នាំ ពិតមែន ខាសាន់ ជាអ្នកចេញមុខធ្វើបទបង្ហាញ និងឆ្លើយសំណួររបស់វិនិយោគិនទាំងអស់ក្នុងកម្មវិធី។ ខាសាន់បានប្រាប់ថាពួកគេមានដាក់លក់ផលិតផលក្នុងហាងចំនួន ៤ពាន់កន្លែងទៅហើយក្នុងសហរដ្ឋអាមេរិក និងរកចំណូលបានប្រមាណ ២២ម៉ឺនដុល្លារក្នុងរយៈពេល ២ឆ្នាំមកនេះ។
ខាសាន់បានប្រាប់ទៀតថាក្រុមហ៊ុនអ្នកទាំងពីរនឹងរកបានប្រមាណ ៤០ម៉ឺនដុល្លារក្នុងឆ្នាំ ២០២០ នេះ។ ថ្លៃចំណាយសម្រាប់ផលិតកំប៉ុង Touch Up Cup នេះគឺស្មើតែ០.៩០ដុល្លារប៉ុណ្ណោះក្នុងមួយកំប៉ុង និងត្រូវបានលក់ក្នុងតម្លៃពី ៣.៩៩ដុល្លារទៅ ៤.៩៩ដុល្លារ។
ភាពឆ្លាតវៃរបស់ខាសាន់បានធ្វើឲ្យវិនិយោគិនលើកម្មវិធីភ្ញាល់ផ្អើមយ៉ាងខ្លាំង។ លោកចេសាន់បានប្រាប់ថា អ្នកទាំងពីរសហការគ្នាគ្រប់គ្រងអាជីវកម្មនេះ ដូច្នេះកូនប្រុសរបស់លោកយល់ដឹងច្រើនណាស់។
ឪពុកកូនទាំងពីរនេះទទួលបានការវិនិយោគ ២០ម៉ឺនដុល្លារពីវិនិយោគិនម្នាក់ដើម្បីប្តូរបានភាគហ៊ុន ២០%។ លោកខេវីន អូលៀរី (Kevin O’Leary) ដែលជាវិនិយោគិនម្នាក់លើកម្មវិធីនេះបាននិយាយដែរថា ខាសាន់គួរតែឈប់រៀននិងផ្តោតស្មារតីលើអាជីវកម្ម ប៉ុន្តែខាសាន់បានបដិសេធ ៕
ចែករំលែកព័តមាននេះ