​​​គម្រោងរៀបចំ​ទីនេះជា​​តំបន់​អេកូ​ទេសចរ​ណ៍ តែត្រូវដកហូតដី​វិញ​


ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរីបាន​សម្រេច​ដកហូត​ដី​ជិត​២០​ហិក​តា​នៅ​ចំណុច​ភ្នំ​អណ្តូង​ស្នេ​ហ៍ ស្ថិត​ក្នុងភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ក្រោយ​រក​ឃើញ​ថា មានការ​លួច​កាប់​កាន់​ដោយ​ខុសច្បាប់​លើ​ដី​រដ្ឋ ដែល​រដ្ឋបាល​ខេត្ត​កំពុង​រៀបចំ​ជា​គម្រោង​តំបន់​អេកូ​ទេសចរ​ណ៍ ។

សេចក្តី​រាយ​ការ​ណ៏៍​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​មួយ​ដែល​ដឹកនាំ​ដោយ​លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០២០ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​លើ​ទីតាំង​ដី​ព្រៃ​ភ្នំ​មួយ​កន្លែង ដែល​កំពុង​មាន​អ្នក​លួច​សាងសង់​ផ្ទះ​លំហែ​ជា​ច្រើន​ខ្នង​ប្រភេទ​សំណង់​រឹង​មាំ លើ​ដី​បម្រុង​ទុក​អចិ​ន្ត្រៃ​យ៍​​របស់​ខេត្ត ដើម្បី​បង្កើត​ជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ​​ដែល​និយម​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី គឺភ្នំ​អណ្តូង​ស្នេ​ហ៍ ដែល​មានឈ្មោះ​ល្បីល្បាញ​ជា​យូរ​មក​ហើយ​។

លោក ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដី​តំបន់​នេះ​ពោ​ពេញ​ទៅ​ដោយ​ទេស​ភាព​ដ៏​ស្រស់​ស្អាត មាន​ភ្នំ មាន​ព្រៃឈើ លាត​ស​ន្ធឹងដាច់​កន្ទុយភ្នែក ហើយ​អាជ្ញាធរ​ខេត្ត ក្រោម​ការ​យកចិត្តទុកដាក់​របស់​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​សម្រេច​រៀបចំ​ទុក​ដី​ចំណុច​​ភ្នំ​អណ្តូង​ស្នេ​ហ៍​ទៅ​ជា​កន្លែង​ទទួលភ្ញៀវ​ទេសចរ​ ព្រោះតែ​ទីកន្លែង​នេះ​បាន​ស្រូប​ទាញ​អ្នកទេសចរ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ​។​

លោក​អភិបាលរង​ខេត្តមណ្ឌលគិរី​បន្ត​ថា ខេត្ត​កំពុង​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​ផ្លូវ​បេតុង​ឡើង​ទៅ​ភ្នំ​អណ្តូង​ស្នេ​ហ៍ និង​សាងសង់​ជា​មជ្ឈមណ្ឌល​ទេសចរ​ណ៍កន្លែង​បដិសណ្ឋារកិច្ច កន្លែង​គយគន់​ទេសភាព ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ទេសចរ ​ទៅ​​លេង​កម្សាន្ត និង​បង្កើន​សេដ្ឋកិច្ច​ក្នុង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផង​។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ដី​កន្លែង​នេះ​កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​ហាមឃាត់ និង​ធ្វើ​លិខិត​ផ្អាក​ការ​សាងសង់ រហូត​ដល់​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​រក្សា​ការពារ​ដី​តំបន់​ភ្នំ​អណ្តូង​ស្នេ​ហ៍​នេះ ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ ប៉ុន្តែ​ម្ចាស់​ការដ្ឋាន​សំណង់​នៅ​តែ​បន្ត​លួចលាក់​សាងសង់​ផ្ទះ និង​ធ្វើ​របង​ព័​ទ្ឋ​ជុំវិញ​ដី​។​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ អាជ្ញាធរ​ខេត្ត​បាន​បន្ត​ចាត់វិធានការ​ក្តៅ​ចា​លើក​ទី​ពីរ ដើម្បី​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សាលាដំបូង ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​។​

តែ​ទោះជា​យ៉ាងណា ក្រុមការងារ​ខេត្ត​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​ការដ្ឋាន​សំណង់​​ដែល​សង់​លើ​ដី​រដ្ឋ​ឡើយ ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ធ្វើ​និ​តិ​វិធី ដោយ​សន្យា​ថា មិន​ឲ្យ​អ្នក​ពាក់​ព័​ន្ឋ​រួចខ្លួន​ឡើយ​។ បើ​តាម​ប្រភព​ក្រៅផ្លូវការ​ដែល​អ្នកកាសែត បាន​ទទួល​នា​រសៀល​ថ្ងៃ​ទី​១០ តុលា ២០២០ ថា ថៅកែ​ការដ្ឋាន​សំណង់ ដែល​បាន​ធ្វើ​ផ្ទះ​លំហែ​​ជា​ច្រើន​ខ្នង​លើ​ដី​ភ្នំ​អណ្តូង​ស្នេ​ហ៍​ គឺជា​ម្ចាស់​ស្ថា​នី​យ៍​​ប្រេងសាំង​មួយ​នៅ​ក្រុង​សែន​មនោ​រម្យ ដែល​មាន​ទាំង​លុយ​និង​ឥ​ទ្ធិ​ពល​យ៉ាង​ខ្លាំង ដ្បិត​ថៅកែ​រូប​នេះ មាន​ដី​ជាក​ម្មសិ​ទ្ឋ​ក្នុង​ព្រៃ​អភិរក្ស​ជា​ច្រើន​កន្លែង មិនមែន​មាន​តែ​នៅ​ភ្នំ​អណ្តូង​ស្នេ​ហ៍មួយ​នេះ​ទេ​ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ