ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​កើន​ខ្ពស់​ផង​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​កូរ៉េ​ខាងត្បូង​បាន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កើន​ឡើងជា​បន្តបន្ទាប់ ធ្វើ​អោយ​ទុន​វិនិយោគ​របស់​ប្រទេស​នេះ នៅ​កម្ពុជា​បាន​កើនឡើង​ដល់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​កើនឡើង​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី…

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​កូរ៉េ​ខាងត្បូង​បាន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កើន​ឡើងជា​បន្តបន្ទាប់ ធ្វើ​អោយ​ទុន​វិនិយោគ​របស់​ប្រទេស​នេះ នៅ​កម្ពុជា​បាន​កើនឡើង​ដល់​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​កើនឡើង​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី Park Heung-Kyeong ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជា ណាចក្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​សម្ដេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ តុលា ២០២០ ។

លោក Park Heung-Kyeong បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា និង​កូរ៉េ បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​នៅ​ដើមខែ​វិច្ឆិកា ២០២០​ខាង​មុខ​នេះ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ លោក Park Byeong-seung នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ក៏​ដូច​ជា​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ឡើង ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​ខាង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ មានការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​បាន​កើនឡើង​ដល់​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ ទុន​វិនិយោគ​មក​ពី​ប្រទេស​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​វិញ​មាន​តម្លៃ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ និង​បាន​ធ្វើ​ឲ្យ​កូរ៉េ​ក្លាយជា​ប្រទេស​ទី​២ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ។

លោក​បាន​បន្ថែម​ថា មិនតែប៉ុណ្ណោះ បច្ចុប្បន្ន កម្ពុជា​និង​កូរ៉េ ក៏​កំពុង​នឹង​ចរចា​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​គ្រោង​បញ្ចប់​ការ​ចរចា​នៅ​អំឡុង​ខែ​ក្រោយ​នេះ ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​ដាក់​ដំណើរការ​កិច្ចព្រមព្រៀង​នេះ​ជា​ធរមាន​នៅ​ពេល​ឆាប់ ។ លោក​ថា​៖« នៅ​ពេល​កិច្ចព្រមព្រៀង​ប្រទេស​ទាំង​ពីរ​ចូល​ជា​ធរមាន វា​នឹង​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​កាន់តែ​មានការ​កើនឡើង ហើយ​វិនិយោគិន​កូរ៉េ​នឹង​មក​កម្ពុជា​បន្ថែម ដើម្បី​ស្វែងរក​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ៗ​ដែល​មាន​សក្ដានុពល » ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា សាធារណរដ្ឋ​កូរ៉េ បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា ដូច​ជា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ​ជាដើម ។ សម្តេច​បាន​ស្នើ​សុំ​សាធារណរដ្ឋ​កូរ៉េ​បន្ថែមចំនួន កូតា​ពលរដ្ឋ​ខែ្ម​រ ទៅ​ធ្វើ​ការងារ​នៅ​កូរ៉េ​ទៀត ។
បច្ចុប្បន្ន​នេះ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ពលករ​កម្ពុជា​កំពុង​បម្រើ​ការ​នៅ​ក្នុង​ប្រទេស​កូរ៉េ មាន​ចំនួន​ជាង​៤​ម៉ឺន​នាក់ ។

គួរ​បញ្ជាក់​ថា គម្រោង​វិនិយោគ​ធំ​ៗ​មួយ​ចំនួន​នៅ​កម្ពុជា ក្រោម​ការ​វិនិយោគ​របស់​វិនិយោគិន​កូរ៉េ បាន​និង កំពុង​ពង្រីក​ខ្លួន​បន្តិច​ម្ដង​ៗ ជាក់ស្ដែង​គម្រោង​ទីក្រុង ប៊ូ​យ៉ុ​ង​នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី គម្រោង​ទីក្រុង​កាំ​កូ​ស៊ី​ធី ក្រុមហ៊ុន​លក់​រថយន្ត ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ