មុនពេលបានកសាងក្រុមហ៊ុន Salesforceឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃរាប់ប៊ីលានដុល្លារ លោកម៉ាក បេនីអូហ្វ (Marc Benioff) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានឆ្លងកាត់នូវឧបសគ្គជាច្រើន។ ក្នុងចំណោមនោះនៅពេលដែលលោកទើបតែចាប់ផ្តើមក្រុមហ៊ុនបានប៉ុន្មានឆ្នាំំ ដែលបានឲ្យជាមេរៀនសំខាន់មួយសម្រាប់ឲ្យអ្នកដឹកនាំអាជីវកម្មដទៃអាចរៀនសូត្រតាមបាន។
នៅដើមសតវត្សឆ្នាំ ២០០០ សេដ្ឋកិច្ចអាមេរិកបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហើយ Salesforce ក៏មិនទាន់នឹងនរនៅឡើយដែរ។ ក្នុងពេលដែលក្រុមហ៊ុនមិនទាន់មាននាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ហើយក្រុមហ៊ុនកំពុងខ្វះមូលធនផងដែរនោះ លោកបេនីអូហ្វ និងសហស្ថាបនិករបស់លោកបានជួបនឹងការសម្រេចចិត្តដ៏លំបាកមួយ គឺការបញ្ឈប់បុគ្គលិកប្រមាណ ២០% ឬមិនបញ្ឈប់នរណានិងប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ក្រុមហ៊ុនទាំងស្រុង។
ប៉ុន្តែលោកបេនីអូហ្វមានចក្ខុវិស័យច្បាស់លាស់ដែលលោកចង់មើលឃើញនៅថ្ងៃមុខ ដូច្នេះលោកក៏បានជ្រើសរើសការបញ្ឈប់បុគ្គលិក។ លោកបានបកស្រាយក្នុងពេលថ្មីៗនេះថា «វាជាផ្នែកមួយនៃអាជីវកម្ម។ អ្នកត្រូវតែធ្វើការសម្រេចចិត្តពិបាកៗ អ្នកត្រូវតែវិវដ្តន៍ អ្នកត្រូវតែផ្លាស់ប្តូរ។»
ជាលទ្ធផល ការសម្រេចចិត្តនេះបានសង្គ្រោះអាជីវកម្ម ហើយ បីខែកន្លងមក Safesforce ចាប់ផ្តើមរកបានប្រាក់ចំណេញមកវិញ។ នៅឆ្នាំ ២០០៤ ក្រុមហ៊ុនរកចំណូលបានប្រមាណ១០០លានដុល្លារថែមទៀតផង ហើយលោកក៏បានដាក់ក្រុមហ៊ុនលើទីផ្សារភាគហ៊ុន។
នៅដើមឆ្នាំនេះ ប្រាក់ចំណូលរបស់ Salesforce បានកើនដល់ច្រើនជាង ១៧ប៊ីលានដុល្លារទៅទៀត ខណៈដែលទ្រព្យសម្បត្តិសរុបរបស់លោកបេនីអូហ្វលូតលាស់មកស្មើប្រមាណ ៧.៨ប៊ីលានដុល្លារ។ ប៉ុន្តែសហគ្រិនម្នាក់នេះបាននិយាយថា បទពិសោធន៍ខាងលើបាននៅជាប់ខ្លួនរបស់លោកជានិច្ច និងបន្តជួយលោកក្នុងការធ្វើការសម្រេចចិត្តមកដល់សព្វថ្ងៃនេះ។
លោកបានបកស្រាយថា «មានពេលខ្លះក្រុមហ៊ុនគ្រប់ទាំងអស់ត្រូវតែមើលថាខ្លួនឯងកំពុងតែនៅឯណា អ្វីដែលកំពុងដំណើរការបានល្អ អ្វីដែលកំពុងដំណើរការមិនបានល្អ អ្នកនឹងត្រូវធ្វើការកែសម្រួល អ្នកនឹងត្រូវផ្លាស់ប្តូរ។»
លោកបានបន្តទៀតថា វាពិតជាសំខាន់ណាស់សម្រាប់សហគ្រិន នាយកប្រតិបត្តិ និងអ្នកដឹកនាំអាជីវកម្មទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវផ្នត់គំនិតជាអ្នកចាប់ផ្តើមដំបូងដែលអនុញ្ញាតឲ្យអ្នកគិតថាអ្នកតែងតែមានជម្រើសច្រើនជានិច្ច ៕
ចែករំលែកព័តមាននេះ