លោកឡូរេន គ្រីតហ្សឺ (Loren Krytzer) ធ្លាប់ដើរចូលក្នុងបន្ទប់ដេញថ្លៃទំនិញមួយដោយក្រីក្រ និងមិនមានការងារធ្វើ ។ ប៉ុន្តែ ៧៧វិនាទីក្រោយមក លោកបានដើរចេញពីបន្ទប់នោះវិញជាមួយនឹងលុយរាប់លានដុល្លារព្រោះតែកន្សែងមួយ ។
ជីវិតរបស់លោកបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីលោកបានប្រទះឃើញកន្សែង Navajo ពីសតវត្សឆ្នាំ ១៨០០ ក្នុងទូរខោអាវរបស់លោកកាលពី ៧ ឆ្នាំមុន ដែលមានតម្លៃប្រមាណ ១.៥លានដុល្លារ ។ លោកបានប្រទះឃើញវាក្នុងពេលដ៏ល្អផងដែរ ព្រោះពេលនោះលោកកំពុងរស់នៅក្នុងភាពក្រីក្រ បន្ទាប់ពីបានពិការជើងព្រោះតែគ្រោះថ្នាក់ចរាចរណ៍ ។
ប៉ុន្តែឱកាសក្នុងការចាប់ផ្តើមជីវិតថ្មីនេះមិនមែនល្អទាំងស្រុងសម្រាប់លោក និងក្រុមគ្រួសារលោកទេ ។ លោកបានជួបនឹងបញ្ហាជាច្រើនដូចជារឿងពន្ធ និងរឿងជម្លោះក្នុងគ្រួសារផងដែរ។ លើសពីនេះទៅទៀត លោកបានប្រទះឃើញថា លុយនោះងាយនឹងបាត់បង់ទៅវិញណាស់។
បន្ទាប់ពីបានប្រើលុយមួយចំនួនធំ ដើម្បីទិញផ្ទះពីខ្នងនៅ California ហើយ លោកគ្រីតហ្សឺបានប្រាប់មកថា លោកបានខាតបង់ប្រមាណ ១ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ថ្លៃធនារ៉ាប់រង និងពន្ធអចលនទ្រព្យ ។ ព្រោះតែភាពពិការ លោកមិនអាចបង្កើតប្រភពចំណូលបានឡើយដូច្នេះលោកបន្តប្រើលុយទាំងនោះសម្រាប់ការរស់នៅប្រចាំថ្ងៃ។
លោកនិងភរិយារបស់លោកកំពុងតែចង់លក់ផ្ទះរបស់អ្នកទាំងពីរ និងប្តូរទៅរស់នៅកន្លែងផ្សេងដែលមិនមានពន្ធខ្ពស់វិញ។ ប៉ុន្តែលោកនៅតែប្រឈមមុខនឹងបញ្ហាធំមួយទៀតគឺជម្លោះក្នុងគ្រួសារ ។
បន្ទាប់ពីបានចាកចេញពីបន្ទប់ដេញថ្លៃភ្លាម លោកបានប្រាប់មកថា លោកបានទទួលទូរស័ព្ទពីបងប្អូន និងក្រុមគ្រួសារសាច់ឆ្ងាយជាច្រើនដើម្បីសុំចំណែកដែរ ។ បងស្រីរបស់លោកថែមទាំងគម្រាមចង់ប្តឹងលោកថែមទៀត ព្រោះគិតថាខ្លួនគួរតែទទួលបានចំណែកខ្លះដែរពីការលក់ ។
ក្រៅពីនេះហើយ លោកជួបការលំបាកក្នុងការបកស្រាយប្រាប់កូនៗដែរថា ទោះជាលោកទទួលបានលុយនេះមែនមិនប្រាកដថាលោកអាចទិញអ្វីដែលពួកគេចង់បានឡើយ។ លោកបាននិយាយថា “ពេលដែលខ្ញុំមានលុយដំបូង ខ្ញុំបានជួយដល់ពួកគេ។ ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំមិនអាចធ្វើដូច្នេះបានទៀតទេ ខ្ញុំមិនមានលុយទៀតទេ ហើយពួកគេគិតថាខ្ញុំមានលុយរាប់លានដុល្លារ ហើយខ្ញុំជាមនុស្សអត្មានិយម។”
យ៉ាងណាក្តី លោកនៅតែគិតថាភាពវិជ្ជមានមានច្រើនជាងភាពអវិជ្ជមាន។ លោកបានព្យាយាមចាយវាយលុយដែលទទួលបានដោយប្រុងប្រយ័ត្ន និងវិនិយោគលើអចលនទ្រព្យ និងភាគហ៊ុនផងដែរ ខណៈដែលលោកអនុញ្ញាតឲ្យខ្លួនឯងចាយវាយលើអ្វីដែលលោកមិនមានសមត្ថភាពក្នុងការទិញខ្លះដែរ តែលោកគិតថាលុយមិនបានធ្វើឲ្យលោកផ្លាស់ប្តូរទេ៕
ចែករំលែកព័តមាននេះ