រាជធានីភ្នំពេញ ៖ នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ លីគកំពូលកម្ពុជា នឹងត្រូវបញ្ចប់ការប្រកួតជាស្ថាពរ ខណៈពេលនេះក្រុមភ្នំពេញក្រោនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ ចំណែកក្រុមបាល់ទាត់បឹងកេតដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ បន្តរក្សាគម្លាតពីរពិន្ទុពីការតាមប្រជែងរបស់ក្រុមព្រះខ័នរាជស្វាយរៀងដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ ធ្វើឲ្យពួកគេមានភាគរយខ្ពស់ ក្នុងការគ្រងជើងឯកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ (លីគកំពូលកម្ពុជា)ប្រចាំឆ្នាំ២០២០។
ជ័យជម្នះ ២-០ លើក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ(ទ័ព)ជួយឲ្យបឹងកេតអាចមានភាគរយខ្ពស់ក្នុងការគ្រងជើងឯកលីគកំពូលប្រចាំឆ្នាំ២០២០។ ប៉ុន្តែទាមទារឲ្យម្ចាស់ជើងឯកពីរសម័យកាលមួយនេះ ត្រូវយកឈ្នះភ្នំពេញក្រោនជាចាំបាច់ក្នុងជំនួបចុងក្រោយនៅកីឡដ្ឋាន Smart R.S.N ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ខាងមុខ។
លទ្ធផលត្រឹមស្មើភ្នំពេញក្រោន ក៏អាចជួយក្រុមក្រោមការដឹកនាំរបស់លោក គឹម ភក្តី គ្រងជើងឯកបានដែរ ក្នុងករណីព្រះខ័នរាជស្វាយរៀង ចាញ់ ឬស្មើជាមួយក្រុមណាហ្គាវើលនៅជំនួបចុងក្រោយក្នុងថ្ងៃតែមួយនោះ។ ប៉ុន្តែបើក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងអាចយកឈ្នះណាហ្គាវើល ហើយបឹងកេតបញ្ចប់ក្នុងលទ្ធផលស្មើ ឬចាញ់ភ្នំពេញក្រោន នោះក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Conor Nestor នឹងបន្តគ្រងជើងឯកនៅឆ្នាំនេះទៀត។
បច្ចុប្បន្នក្រុមបឹងកេតកំពុងគ្រងកំពូលតារាងមាន៤០ពិន្ទុជាមួយគ្រាប់បាល់ចំណេញ២៩គ្រាប់ ខណៈព្រះខ័នរាជស្វាយរៀងស្ថិតនៅលេខរៀងទី២មាន៣៨ពិន្ទុជាមួយគ្រាប់បាល់ចំណេញ៣៤គ្រាប់។ បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតសប្តាហ៍ទី១៥ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។ ចំណែកភ្នំពេញក្រោនស្ថិតនៅលេខរៀងទី៣មាន៣២ពិន្ទុ ដែលឈរពីក្រោយដោយវិសាខា ណាហ្គាវើល និងមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ដោយរក្សា២៥ និង២៤ពិន្ទុរៀងៗខ្លួន ៕
ចែករំលែកព័តមាននេះ