ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ​​ជំនន់​ទឹកភ្លៀង​ឆ្នាំ ២០២០ វាយ​លុយ​បុរី​ធំ​ៗ​ជា​ច្រើន​មិន​ធ្វើឲ្យ​ប៉ះពាល់​ទីផ្សារ​ និង​តម្លៃ​អចលនទ្រព្យ​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពាក់កណ្ដាល​ខែតុលា​ឆ្នាំ ២០២០​នេះ​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹកជំនន់ ដែល​ធ្វើ​អោយ​លិចលង់​ដល់​ផ្ទះសម្បែង អាជីវកម្ម​ដីធ្លី​ជា​ច្រើន​ទីតាំង និង​បុរី​ជា​ច្រើន​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ជា​ពិសេស​គឺ​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ រួម​មាន​តំបន់​រង្វង់​មូល​គួរ​ស្រូវ វត្ត​ព្រះ​ធាតុ…

រាជធានី​ភ្នំពេញ ៖ នៅ​ពាក់កណ្ដាល​ខែតុលា​ឆ្នាំ ២០២០​នេះ​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹកជំនន់ ដែល​ធ្វើ​អោយ​លិចលង់​ដល់​ផ្ទះសម្បែង អាជីវកម្ម​ដីធ្លី​ជា​ច្រើន​ទីតាំង និង​បុរី​ជា​ច្រើន​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ជា​ពិសេស​គឺ​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ រួម​មាន​តំបន់​រង្វង់​មូល​គួរ​ស្រូវ វត្ត​ព្រះ​ធាតុ បុរី​ពិភព​ថ្មី​គួរ​ស្រូវ និង ទីតាំង​សំខាន់​ៗ​នៅ​ភាគ​ខាងត្បូង​ក្រុង កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឈាន​ដល់​ជម្លៀស​ពលរដ្ឋ​ចេញពីផ្ទះ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ។

ជុំវិញ​បញ្ហា​ដែល​លំនៅ​ឋាន​និង​ផ្ទះ​អាជីវកម្ម​កំពុង​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​មានការ​ជជែក​ដេញដោល​ពី​សំណាក់​ពលរដ្ឋ ក្នុង​ការ​ពិចារណា​ថា​តើ​តំបន់​ណា​ដែល​ពួក​គាត់​គួរតែ​ទិញ​លំនៅ​ឋាន​សម្រាប់​រស់នៅ​និង​ធ្វើ​អាជីវកម្ម​នា​ពេល​អនាគត បន្ទាប់​ពី​បទ​ពិសោធន៍​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ ២០២០ នេះ​។ ហើយ​ខ្លះ​ក៏​លើក​ឡើង​ថា នៅ​ពេល​ណា​ទឹកជំនន់​ស្រក​នោះ​តម្លៃ​អ​លន​ទ្រព្យ​នៅ​តំបន់​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដូច​ជា​បុរី​ពិភព​ថ្មី​ផ្សារ​ត្រពាំង​ថ្លឹង​នៅ​ផ្លូវ​វេ​ង​ស្រេង និង​តំបន់​គួរ​ស្រូវ អាច​ជួប​បញ្ហា ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ដែល​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានអោយ​ដឹង​ថា​ទឹកជំនន់​វា​នឹង​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​វិស័យ​អចលនវត្ថុ​ទាំង​ទីផ្សារ​និង​តម្លៃ​នោះ​ទេ ។
​អ្នកជំនាញ​អ​ល​ច​ទ្រព្យ​រូប​នេះ​បាន​ពោល​អះអាង​យ៉ាង​ដូច្នេះ​ថា « បញ្ហា​ទឹកជំនន់​នេះ វា​គ្រាន់តែ​ហេតុការណ៍​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​មិនយូរ​ទៀត​ទេ ទឹកនឹង​ស្រក​ចុះ​វិញ ពេល​នោះ​សកម្មភាព​អាជីវកម្ម និង​សកម្មភាព​អចលនទ្រព្យ​នានា​នឹង​វិល​ទៅ​រក​ភាព​ដើម​វិញ » ។ លោក​បាន​បន្ត​ថា វា​មិន​ទាន់​អាច​ឈាន​ដល់​ថ្នាក់​ធ្វើ​អោយ​វិស័យ​អចលនទ្រព្យ​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ទឹកជំនន់​នោះ​ទេ ហើយ​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គេ​គិត​ទៅ​លើ​សក្ដានុពល​ទីតាំង​និង​អំណោយផល​ល្អ​សម្រាប់​ការ​វិនិយោគ​របស់​ពួក​គេ ។

លោក ច្រឹ​ក សុខ​នី​ម បាន​និយាយ​បន្ថែម​ថា បើ​ថ្វី​ត្បិត​តែ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​បាន​រង​ផល​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្ដី តែ​វា​ក៏​មិន​ធ្វើ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​អោយ​តម្លៃ​ផ្ទះ​ឡើងថ្លៃ​ក្រោយ​ទឹក​ស្រក ក្នុង​នោះ​ផ្ទះ​តម្លៃ​៤​ម៉ឹ​ន​ដុល្លារ​អាច​នឹង​ឡើង​ដល់​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដូច្នេះ​សរុប​ទៅ​វា​នឹង​មិន​ប៉ះពាល់​អ្វី​នោះ​ទេ ទៅ​លើ​អចលនទ្រព្យ​និង​ដីធ្លី ។

ជា​ការ​កត់សម្គាល់​គ្រោះ​ទឹកជំនន់ នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​អោយ​លិច​ផ្ទះ​និង​បុរី​ទើប​អភិវឌ្ឍន៍​ថ្មី​ប៉ែក​ខាងត្បូង ក្នុង​នោះ​គេ​ឃើញ​តំបន់​សំខាន់​មួយ​ចំនួន និង​បុរី​ធំ​ៗ​មួយ​ចំនួន​ក៏​មានការ​លិចលង់​ដោយសារ​តែ​ទឹកជំនន់​នេះ ដូច​ជាទី​តាំង​រង្វង់​មូល​គួរ​ស្រូវ​, បុរី​ពិភព​ថ្មី​គួរ​ស្រូវ​, បុរី​វី​អាយ​ភី​, ផ្សារ​ព្រែក​ជ្រៃ​, វត្ត​ព្រះ​ធាតុ សង្កាត់​ស្ពានថ្ម​, និង បុរី​ធំ​ៗ​ស្ទើរ​ទាំងអស់​ផ្សេង​ទៀត​ដូច​ជា បុរី​រតនៈ​ភ្នំពេញ​, បុរី The ML Villa, បុរី អ៊ុយ ហុង​, ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Can Paint, និង បុរី​ឡា​ផា​ម នៅ​ក្នុង​តំបន់​នោះ​ត្រូវ​លិច ត្រូវ​បាន​លិចលង់ ។
​ដោយឡែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​ដឹង​ថា​លោក​មិន​អាច​ឆ្លើយ​បំភ្លឺ​អំពី​ផល​ប៉ះពាល់​នា​ពេល​នេះ​បាន​ទេ ដោយសារ​លោក​កំពុង​ជាប់រវល់​សង្គ្រោះ​ពលរដ្ឋ ។

ប៉ុន្តែ​បើ​យោង​តាម​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានអោយ​ដឹង​គិត​ត្រឹម​ថ្ងៃ​ទី​១៧ តុលា ២០២០​នេះ ផល​ប៉ះពាល់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស​ជាង​៥៩​ពាន់​ខ្នង ប្រជាជន​ជាង​៦​ម៉ឺន​១​ពាន់​គ្រួសារ​ស្មើនឹង​ប្រមាណ​ជាង​២៤​ម៉ឺន​៥​ពាន់​នាក់ បាន​រង​ផល​ប៉ះពាល់​និង​ជម្លៀស​ពលរដ្ឋ​ជិត​៨​ពាន់​គ្រួសារ ស្មើនឹង​ជាង​២​ម៉ឺន​៦​ពាន់​នាក់ ទៅ​លើ​ខេត្ត រាជធានី​ចំនួន​១៩​ទូ​ទាំងប្រទេស ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​វាយ​លុយ​នៅ​ខ្មែរ​នា​ឆ្នាំ​២០២០ នេះ​ដែរ ក្រុម​អ្នក​រកស៊ី​ដី​ឡូ​ត៏ បាន​និយាយ​ថា ទឹកជំនន់​បាន​រាំងស្ទះ​ដល់​ការ​លក់​របស់​ខ្លួន​មួយ​កម្រិត​ផង​ដែរ ដោយសារ​តែ​ទឺ​ក​លិច​ផ្លូវ​សំខាន់​ៗ​មិន​អាច​អោយ​ពួក​គេ​ទៅ​ដល់ទី​តាំង​ដី​ឡូ​តិ៍ និង​មិន​អាច​នាំ​ភ្ញៀវ​ទៅ​មើល​ទីតាំង​ដី​ឡូ​តិ៍ បាន ធ្វើ​អោយ​សកម្មភាព​នៃ​ការ​លក់​មានការ​ថមថយ​ផង​ដែរ ។

ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០២០​នេះ​ហាក់​ទទួល​រង​ឥទ្ធិពល​បី​ផ្ទួន​ៗ ទៅ​លើ​សេដ្ឋកិច្ច ក្នុង​នោះ​តាំងពី​ដើមឆ្នាំ ២០២០ កម្ពុជា​និង​ពិភពលោក​បាន​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មិន​ទាន់​សាបរលាប​ផង ស្រាប់តែ​សហគមន៍​អឺរ៉ុប​បាន​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ (EBA) ផ្នែក​ខ្លះ​២០​ភាគរយ ។ ហើយ​ថ្មី​ៗ​នេះ កម្ពុជា​ក៏​បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​មិន​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​នៅ​ពេល​នេះ​ទៅ​លើ​ទំហំ​នៃ​ការ​ខូចខាត​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​មិន​ទាន់​បាន​ស្រាកស្រាន្ត​នៅឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា អ្នកជំនាញ​អះអាង​ថា ក៏​ដូច​ជាស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​នេះ គឺ​មិនមែន​ដោយសារ​តែ​តែ​ការ​លុប​បឹង លុប​ប្រឡាយ នោះ​ទេ តែ​វា​បណ្តាល​មក​ពី​មាន​ភ្លៀង​ខុស​ប្រក្រតី​ធ្លាក់​ជាប់​ៗ​គ្នា​ក្នុងឆ្នាំនេះ ស្រប​ពេល​ដែល​ទំនប់​ចម្ការ​តែ​គី​រី​រម្យ​ក៏​ត្រូវ​បាក់ បណ្ដាល​ស្ទឹង​ព្រែក​ត្នោត​ដែល​នៅ​ក្បែរ​នោះ ជះ​ឥទ្ធិពល​លើ​ខ័​ណ្ឌ​ដង្កោ​។

អ្នកជំនាញ​បន្ត​ថា ការ​បម្រែបម្រួល​នៃ​អាកាសធាតុ​លើ​ពិភពលោក ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា លើស​ពី​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺជា​ហេតុផល​នាំ​អោយ​មាន​ជំនន់​ទឹកភ្លៀង ដោយ​ក្នុងឆ្នាំនេះ មិនមែន​តែ​ភ្នំពេញ​ទេ សូ​ម្បី នៅ​ទីក្រុង​សេ​អ៊ូ​ល បាងកក ហូ​ជី​មិ​ញ សឹ​ង្ហ​បុរី ម៉ានីល​…​ក៏​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ផង​ដែរ គឺ​ខ្លាំង​ជាង​នៅ​កម្ពុជា​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ