រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកបាត់បង់ជីវិតយ៉ាងអណោចអធ័មនៅលើផ្លូវរថភ្លើង ដោយសង្ស័យថា មានរថយន្តមួយគ្រឿងបើកស្របទិសដៅគ្នា រួចបុកពីក្រោយបុរសរូបនេះ បណ្តាលឲ្យផ្លោងទៅបោកក្បាលជាមួយនឹងថ្ម ទើបបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ហេតុការណ៍ខាងលើនេះ បានកើងឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីបងប្រុសម្នាក់ដែលគាត់ដើរដាក់បង្កៃតាមប្រឡាយអមផ្លូវរថភ្លើងបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរសុខៗ ក៏ប្រទះឃើញបុរសម្នាក់ពាក់អាវប៉ារ៉ាដៃខ្លី ស្លៀកខោជើងខ្លីពណ៌ត្រួយចេក អាយុប្រហែលជា៣០ឆ្នាំជាង បានដេកផ្កាប់មុខ ដោយបាក់ដៃឆ្វេង ហើយបានបាត់បង់ជីវិតបាត់ទៅហើយ ។
ប្រភពដដែលបន្តថា ភ្លាមៗនោះ រូបគាត់ក៏រត់មកប៉ុស្តិ៍រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ក្រោយមកសមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងកើតហេតុ ក៏ឃើញមានកម្ទេចកម្ទីបំណែករថយន្ត រីឯនៅខាងមុខសពជនរងគ្រោះប្រមាណជា៥ម៉ែត្រក៏ឃើញមានកាបូបស្ពាយ១ ដោយោក្នុងនោះមានអាយកូម១ លុយបន្តិចបន្តួច និងថ្នាំពេទ្យផងដែរ។ លុះពេលទៅឆ្ងាយពីសាកសពជនរងគ្រោះប្រមាណជាជិត២០ម៉ែត្រក៏ឃើញមានកង់មួយគ្រឿងបានបាក់វៀចកង់ខាងក្រោយចេញជាលេខ៨ទៅហើយៗ ។
ប្រភពដដែលបន្តថា ដោយឃើញស្ថានភាពបែបនេះ ក៏មានប្រជាពលរដ្ឋខ្លះថា សង្ស័យតែមានរថយន្តបើកក្នុងល្បឿនលឿន ហើយបុកពីក្រោយយ៉ាងពេញទំហឹង ទើបបណ្តាលឲ្យផ្លោងបុរសខាងលើបោកក្បាលនឹងថ្នល់បាត់បង់ជីវិតភ្លាមៗតែម្តង ចំណែកឯរថយន្តបង្កក៏បានបើករត់គេចខ្លួនបាត់ទៅ ។ តែយ៉ាងណាមិញ មិនមានប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋណាបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយសារតែផ្លូវងងឹត ហើយស្ងាត់ទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានហៅសមត្ថកិច្ចជំនាញបច្ចេកទេសកោសល្យវិឆ័យមកត្រួតពិនិត្យទៅលើសពជនរងគ្រោះឃើញថា ជនរងគ្រោះបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចក៏ឲ្យដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ រីឯរថយន្តបង្កវិញ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវរក ដើម្បីយកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ