ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសរដ្ឋមន្ត្រី គន់ គីម ៖ទុក្ខលំបាកប្រជាពលរដ្ឋជាទុក្ខលំបាករបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

(​បន្ទាយ​មាន​ជ័យ​)៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្នុង​នាម​ជា​សេនាធិការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

(​បន្ទាយ​មាន​ជ័យ​)៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្នុង​នាម​ជា​សេនាធិការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បន្តដំណើរ​ចុះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន ជ័យ​ទៀត​ហើយ ដើម្បី​ពិនិត្យ​ស្ថានភាព​ជន់​លិច និង​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​។



ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម និង​លោក អ៊ុំ រាត្រី ក៏​ដូច​ជា​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព ហើយ​ក៏​បាន​អញ្ជើញ​ទៅ​កាន់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ​។ ក្រៅ​តែ​ពី​ការ​សាកសួរ​សុខទុក្ខ​ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​នាំ​យក​អំណោយ​ជា​ស្បៀងអាហារ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តម គន់ គី​ម បាន​មាន ប្រសាសន៍​ប្រាប់​ប្រជាពលរដ្ឋ​រង​ការ​ជន់​លិច​ទាំង​អ្នក​ជម្លៀស​មក​ទីទួល​សុវត្ថិភាព និង​នៅ​តាម​ខ្នង​ផ្ទះ​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមដាន​ជាប់​ជា​និច្ច​ចំពោះ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​កើត​ពី​ជំនន់​ទឹកភ្លៀង​នេះ​។ ឯកឧត្តម ទេស​រដ្ឋមន្ត្រី​បន្ត​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​នឹករលឹក​ដល់​បងប្អូន​ជាប់​ជា​និច្ច ហើយ​លោក​បាន​ផ្តាំផ្ញើ និង​ណែនាំ​ដាច់​ណាត់​ឱ្យ​ពួក​យើងខ្ញុំ​នេះ យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ធ្វើ​យ៉ាងណា​មិន​ឱ្យ​បងប្អូន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ពី​ទឹកជំនន់​នេះ​»​។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​រង​គ្រោះ​ទៀត​ថា ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ក៏​ជា​ទុក្ខ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​ទាំងមូល​ផង​ដែរ​។ «​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​តែងតែ​ខ្វល់ខ្វាយ​ជាប់​ជា​និច្ច​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​។ សេចក្តី​ទុក្ខ​លំបាក​របស់​បងប្អូន ក៏​ជា​ទុក្ខ​លំបាក​របស់​សម្តេច​ទាំង​ទ្វេ រួម​និង​រាជរដ្ឋាភិបាល​យើង​ដែរ​។ សម្តេច​ទាំង​ទ្វេ រួម​និង​រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​បងប្អូន​។ តែ​ពេល​នេះ​យើង​ត្រូវ​រួម​គ្នា​រក្សា​ជីវិត​ឱ្យ​បាន​ពី​គ្រោះ​មហន្តរាយ​ដ៏​ធំធេង​នា​ពេល​នេះ​»​។

ក្នុង​ដំណើរ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រង​ការ​ជន់​លិច​នៅ​ស្រុក​មង្គលបុរី និង​ក្រុង​សេរី​សោ​ភ​ណ​នេះ ឯកឧត្តម ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​ណែនាំ​ដល់​កម្លាំង​សង្គ្រោះ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ប្រតិបត្តិការ​ដោយ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ប្រជា​ពល រដ្ឋ និង​សោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ពួក​គាត់​ ។​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឱ្យ​ចិត្ត​ទុកដាក់​បន្ថែម​ទៅ​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​ថ្នាំសង្កូវ ដាក់​ពង្រាយ​ក្រុម​គ្រូពេទ្យ និង​ណែនាំ​ពួក​គាត់​ឱ្យ​យកចិត្តទុកដាក់​ថែ​ទាំង​សុខភាព​កុំឱ្យ​កើត​ជំងឺ​តម្កាត់​ផ្សេង​ៗ​ទៀត​។


ជួសមុខ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​, ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​សង្គ្រោះ​ទាំងអស់ ដែល​បាន​ចេញ​ប្រតិបត្តិការ​ប្រកបដោយ​ស្មារតី​ទទួលខុស ត្រូវ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់ និង​ជួយ​ឱ្យ​ផុត​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

សូម​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ ក៏​ជា​ខេត្ត​មួយ​ដែល​រង​ការ​ជន់​លិច​ខ្លាំងក្លា​ផង​ដែរ​ពី​ជំនន់​ទឹកភ្លៀង​។ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ​មិន​ទាន់​ថមថយ​នៅឡើយ​នោះ​ទេ​។ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានឱ្យ​ដឹង​ថា ទឹកជំនន់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ឃុំ​/​សង្កាត់ ចំនួន​៣៥ ក្នុងស្រុក​ចំនួន​៩ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៧​ពាន់​គ្រួសារ​៕