រាជធានីភ្នំពេញ៖ ជំនន់ទឹកស្ទឹងព្រែកត្នោតនៅតែបន្តជន់លិចភូមិសាស្ត្រខណ្ឌដង្កោដដែល ជាពិសេសសង្កាត់ទាំង៤របស់ខណ្ឌនេះ ដែលទទួលរងការលិចលង់ខ្លាំងជាងគេ ហើយដែលមានលំនៅឋានរាប់ពាន់ខ្នង និងប្រជាពលរដ្ឋជាង៥ពាន់គ្រួសារដែលត្រូវបានអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជួយសង្គ្រោះនិងជម្លៀសចេញទៅរកទីទួលសុវត្ថិភាពជាបន្តបន្តបន្ទាប់។
គិតមកត្រឹមព្រឹកថ្ងៃទី១៧ តុលា នេះ ក្រុមប្រតិបត្តិការចម្រុះនៅតែបន្តជួយដល់ប្រជាពលរដ្ឋនៅ ហើយក៏មមារញឹកក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសរួចពីទីទួលសុវត្ថិភាពតាមទូក និងអូប័រទៅកាន់ផ្ទះសម្បែងនានាដែលកំពុងលិចទឹក ដើម្បីយកសម្ភារផ្សេងៗដែលនៅក្នុងផ្ទះរបស់ពួកគាត់ត្រឡប់មកកាន់ដីគោជាបន្តបន្ទាប់ផងដែរ។
មន្ត្រីសាលាខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា តាមរបាយការណ៍របស់មន្ត្រីដែលប្រចាំការនៅទំនប់៧មករា គិតត្រឹមវេលាព្រឹកថ្ងៃទី១៧ តុលា ដដែលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតខណ្ឌដង្កោ រាជធានីភ្នំពេញ មានការថមថយខ្លះហើយ។ ដោយទឹកបានស្រកចុះចំនួន៥តឹកកន្លះបើប្រៀបធៀបទៅ និងថ្ងៃទី១៦ ខែតុលា ហើយការលិចលង់នៅដដែល ប៉ុន្តែនេះគឺជាសញ្ញាល្អមួយឈានទៅរកការស្រកចុះខ្លាំងបន្ថែមទៀត បើពុំមានភ្លៀងធ្លាក់បន្តទៀត នៅក្នុងមូលដ្ឋានជាពិសេសនៅឯខេត្តកំពង់ស្ពឺទេនោះ ។
មន្ត្រីដដែលបានបន្តថា ប្រសិនបើនៅថ្ងៃបន្តបន្ទាប់ៗទៅខាងមុខ ទឹកចេះតែបន្តស្រកចុះបន្ថែមត្រឹមតែ៥ ទៅ៦តឹកទៀតនោះ ទឹកដែលហៀរស្ទឹងបណ្ដាលឲ្យមានការជន់លិចនោះ និងហូរចូលទៅក្នុងស្ទឹងវិញហើយស្ថានភាពទឹកជំនន់ក៏បានធូរស្រាលទៅតាមនោះដែរ ។ប៉ុន្តែប្រសិនបើមេឃនៅតែធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ទៀតនោះ មិនអាចធានាបានទេថា ទឹកស្ទឹងនិងអាចស្រកបានឡើយ ហើយទឹកជំនន់ក៏មិនរសាត់បាត់បានដែរ ហើយរហូតមកដល់ពេលនេះក្រុមប្រតិបត្តិការចម្រុះនៅតែមមារញឹកក្នុងការជួយសង្គ្រោះនិងបម្រើប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកមួយនេះ។
ប្រជាពលរដ្ឋបាននិយាយថា ស្ថិតនៅក្នុងស្ថានភាពគ្រោះអាសន្ននេះ ពួកគាត់ម្នាក់ៗបានត្រឹមតែគេចចេញយករួចខ្លួនដែលអ្នកខ្លះជាមួយនិងសម្លៀកបំពាក់ជាប់ខ្លួនតែប៉ុណ្ណោះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់អាជ្ញាធរនិងក្រុមប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានជួយជម្លៀសពួកគាត់។
ជាពិសេស ក្រុមសង្គ្រោះអង្គភាព៧១១ ដែលខំអស់ពីកម្លាំងកាយចិត្តមិនរួញរាក្នុងការជួយពួកគាត់តាំងពីថ្ងៃជន់លិចដំបូងរហូតមកទល់និងពេលនេះនៅតែជួយពួកគាត់ទៅយករបស់របរផ្សេងៗនៅលិចទឹកដូចជាម៉ូតូនិងម៉ូតូកង់បីជាដើមសម្រាប់ឲ្យពួកគាត់យកទៅជួសជុលរត់ឌុបនិងដឹកម៉ូយរកប្រាក់ចាយវាយទំរាំទឹកស្រកបានត្រឡប់ទៅផ្ទះសម្បែងវិញ៕
ចែករំលែកព័តមាននេះ