ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីចុះដោះស្រាយការពារជំនន់ទឹកភ្លៀង នៅភូមិទួលទទឹង២ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃ១៦ តុលា២០២០នេះ ក្រោយមានភ្លៀងធ្លាក់ច្រើន។ នៅព្រឹកនេះភ្លៀងបានធ្លាក់ខ្លាំងធ្វើឲ្យតំបន់ទំនាបតាមឃុំមួយចំនួនជាប់ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ មានការប៉ះពាល់ខ្លះដល់លំនៅដ្ឋានពលរដ្ឋ។
ជាមួយគ្នានេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ តុលា ២០២០នេះក្រោយពីរលឹមមិនដាច់នៅពេលយប់ មកដល់ព្រឹកនេះ ភ្លៀងបានធ្លាក់ខ្លាំងមួយឆាវៗខ្លាំង បានធ្វើឲ្យតំបន់ទំនាបនៅតាមឃុំមួយចំនួនជាប់ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ បានរងការប៉ះពាល់ខ្លះដល់លំនៅដ្ឋានពលរដ្ឋ។ បើតាមលោកអភិបាលស្រុកបញ្ជាក់ថា តាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត អាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានចុះប្រចាំការ ឃ្លាំមើលតាមចំណុចងាយរងគ្រោះ និងជួយសង្គ្រោះពលរដ្ឋក្នុងករណីចាំបាច់។
ទោះជាយ៉ាងនេះក្តី បើតាមលោកអភិបាលស្រុក បានអះអាងថា គិតត្រឹមមុនថ្ងៃត្រង់ថ្ងៃដដែលនេះ ក្រៅពីទឹកហូរចូលតាមភូមិខ្លះដោយសារលំហូរទឹកភ្លៀង មិនទាន់មានជំនន់ទឹកភ្លៀង ក្នុងស្ថានភាពធ្ងន់ធ្ងរ កើតឡើងក្នុងមូលដ្ឋានឃុំណាមួយនៅឡើយ ទោះបីជាអាកាសធាតុនៅបន្តអួអាប់មានភ្លៀងរលឹបជាប់គ្នាយ៉ាងណា៕ ដោយ ៖ ហ៊ុយ ចាន់ធួន
ចែករំលែកព័តមាននេះ