ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​! កម្ពុជា​នៅ​បន្ត​ធ្លាក់​ភ្លៀង​ច្រើន​ទៀត ចាប់ពី​ថ្ងៃ​ទី​១៧-២១ តុលា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ស្តី​ពី​ស្ថានភាព​អាកាសធាតុ មក​ដល់​ពេល​នេះ ប្រពន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​លើ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​១៦ ខែតុលា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ស្តី​ពី​ស្ថានភាព​អាកាសធាតុ មក​ដល់​ពេល​នេះ ប្រពន្ធ​សម្ពាធ​ទាប​ដែល​អូស​បន្លាយ​លើ​កម្ពុជា កាន់តែ​បង្កើន​ឥទ្ធិពល​ជា​លំដាប់ ។

ចំណែក​វិ​សម្ពាធ ដែល​បាន​កើត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្រសួង​បាន​ជូនដំណឹង​ថា វា​ក្លាយទៅជា​ព្យុះ​ទី​១៧ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នោះ ពេល​នេះ​វា​ស្ថិត​នៅ​ត្រឹម​កម្រិត​ជា​វិ​សម្ពាធ​ដដែល ដោយ​មាន​ល្បឿន​ខ្យល់ អតិបរមា ១៥​ម៉ែត្រ ក្នុង​មួយ​វិនាទី ដែល​ទាប​ជាង​ល្បឿន​របស់​ព្យុះ (Tropical Storm) តែ​២​ម៉ែត្រ ក្នុង​មួយ​វិនាទី តែ​ប៉ុណ្ណោះ ។
វិ​សម្ពាធ​នេះ នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ចូល​មក​លើ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ​ថ្ងៃ​១៧ ខែតុលា ឆ្នាំ​២០២០ ។

ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ច្រើន ពិសេស​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ បណ្តា​ខេត្ត​នៅ​ភូមិសាស្ត្រ​ជាប់​ក្បែរ​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​តំបន់​ជួរ​ភ្នំក្រវាញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​បន្ត ។ ចំណែក​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​នៅ​លើ​ផ្ទៃសមុទ្រ មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង ស្ថាន​ប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ