ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ប្តី​ទើប​ចែក​ឋាន ប្រពន្ធ​ទៅ​ផ្សារ​ទិញ​ទាន​ធូប​ធ្វើ​បុណ្យសព បែរជា​ទៅ​តាម​ប្តី

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ដោយ​បុរស​ជា​ប្តី​បាន​បាត់បង់​ជីវិត​ក្នុងផ្ទះ​ទាម​តូច​មួយ នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ។​លុះ​មក​ដល់​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២០​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់ ដោយ​បុរស​ជា​ប្តី​បាន​បាត់បង់​ជីវិត​ក្នុងផ្ទះ​ទាម​តូច​មួយ នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ។​លុះ​មក​ដល់​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២០​នេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ជិះ​កង់​ទៅ​ផ្សារ ដើម្បី​ទិញ​ទាន​ធូប​មក​ធ្វើបុណ្យ តែ​មិន​ទាន់​ដល់​ផ្សារ​ផង ប្រពន្ធ​ក៏​ខ្យល់គរ​បាត់បង់​ជីវិត​ទៅ​តាម​ប្តី​ទៀត ដោយ​បន្សល់​ទុក​នូវ​កូន​២​នាក់​គួរ​ឱ្យ​អាណិត ហើយ​សព​ប្ដី​ប្រពន្ធ​ក៏​ត្រូវ​បាន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជួយ​រៀបចំ​ធ្វើបុណ្យ​នៅ​សាលា​បុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

បើ​តាម​លោក​មេឃុំ​ត្រ​មូង មាន​ប្រសាសន៍​ថា បុរស​ជា​ប្តី​ឈ្មោះ ស សេត អាយុ​៤៦​ឆ្នាំ ជា​មនុស្ស​ញៀន​ស្រា ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ចំណែក​ប្រពន្ធ​វិញ​ឈ្មោះ ផា ស្រី​ណែ​ត អាយុ​៣៦​ឆ្នាំ​។ ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​អាច​ធ្វើបុណ្យ​នៅ​ក្នុងផ្ទះ​ទាម​នោះ​បាន​ទេ​ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ហើយ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រៀប​ចំ​ធ្វើបុណ្យ​នៅ​សាលា​បុណ្យ​តែ​ម្ដង​។ ជាមួយ​នោះ​ផង​ដែរ ក៏​បាន​បន្សល់​ទុក​នូវ​កូនស្រី​បង​អាយុ​១៥​ឆ្នាំ និង​កូនប្រុស​តូច​អាយុ​៣​ឆ្នាំ ដែល​ត្រូវ​បាន​ជីដូន​ជីតា​ខាង​ម្ដាយ​យក​ទៅ​ចិញ្ចឹម​បន្ត​។

លោក​មេឃុំ​ត្រ​មូង ប្រាប់​បន្ត​ថា បុរស​ជា​ប្ដី​កាល​នៅរ​ស់បាន​យក​ស្ត្រី​ឈ្មោះ​ស្រី​ណែ​ត ជា​មេម៉ាយ​កូន​មួយ រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ព្រមទាំង​បានកូន​ប្រុស​តូច​ម្នាក់​ទៀត​សព្វថ្ងៃ​អាយុ​បាន​៣​ឆ្នាំ​ហើយ​។ ហើយ​បុរស​ជា​ប្តី​រូប​នេះ គឺជា​មនុស្ស​ម្នាក់​ដែល​ញៀន​ស្រា គិតតែ​ពី​ផឹក​ដោយ​មិន​បាន​ជួយ​ធ្វើការ​ប្រពន្ធ​នោះ​ទេ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ ហេតុតែ​ស្រឡាញ់​​ប្ដី​បាន​ដើរ​ស៊ីឈ្នួល​លាងចាន​ឲ្យ​គេ គ្រាន់​នឹង​បាន​ប្រាក់​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។ ចំណែកឯ​ផ្ទះ​ទាម​តូច​ចង្អៀត​ដែល​នៅ​សព្វ​ថ្ងៃនេះ គឺ​ពុំ​មែន​ជា​ផ្ទះ​របស់​ខ្លួន​នោះ​ទេ គ្រាន់តែ​សុំ​គេ​នៅ​ជា​បណ្ដោះអាសន្ន និង​ជួយ​ចាំ​ដី​ឱ្យ​គេ​តែ​ប៉ុណ្ណោះ ។

លោក​មេឃុំ​បន្ត​ថា រាល់ពេល​ដែល​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​តែងតែ​ប្រាស​ខ្លួន​ដេក​ដូច​សព្វ​មួយ​ដង​នៅ​ក្នុងផ្ទះ​ទាម ជាក់ស្ដែង​នៅ​ម៉ោង​ប្រមាណ​ជា​៨​យប់​ថ្ងៃ​ទី​១៥ តុលា​នេះ ហេតុតែ​បុរស​ជា​ប្ដី​បាន​ផឹកស្រា​ស្រវឹង​ហើយ​ក៏​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ភ្លាម​នោះ​ប្រពន្ធ​មិន​បានដឹង​ថា ប្ដី​លាចាក​លោក​ទេ លុះ​រហូត​ដល់​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៦ តុលា​នេះ ទើប​ដឹង​ថា ប្ដី​របស់​ខ្លួន​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ជាមួយ​នោះ​ប្រពន្ធ​ក៏​បាន​ដើរ​ប្រាប់​អ្នក​ជិតខាង​ឲ្យ​បានដឹង ដើម្បី​មក​ចូលរួម​បុណ្យសព​ប្ដី លុះ​នៅ​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក ស្ត្រី​ជា​ប្រពន្ធ​បាន​ជិះ​កង់​ដើម្បី​ទៅ​ផ្សារ​ទិញ​ទាន​ធូប ព្រមទាំង​របស់របរ​ផ្សេង​ទៀត​ដើម្បី​រៀបចំ​ធ្វើ​បុណ្យសព​ឲ្យ​ប្ដី​។ ប៉ុន្តែ​ចៃដន្យ​អី​មិន​ទាន់​ទាំង​ទៅ​ដល់​ផ្សារ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ផង ក៏​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខ្យល់គរ​ដួល បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ទៀត សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ជួយ​មិន​ទាន់​ផង​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ សព​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដែល​មាន​ជីវភាព​ក្រីក្រ ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នា​អាណិតអាសូរ ក៏​នាំ​គ្នា​ចូល​បុណ្យ​ជា​ថវិកា ដោយឡែក​អាជ្ញាធរ​ឃុំ​ត្រ​មូង​វិញ បាន​ចូល​បុណ្យ​ថវិកា​៣០​ម៉ឺន​រៀល​រួម​ជាមួយនឹង​អង្ករ ព្រមទាំង​បាន​ទិញ​ក្តារ​មឈូស​ដាក់​សព​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ដោយ​រៀបចំ​ធ្វើបុណ្យ​នៅ​សាលា​បុណ្យ​តែ​ម្ដង​។

លោក​មេឃុំ​ត្រ​មូង បញ្ជាក់​ថា ក្រោយ​ពី​ប្ដី​ប្រពន្ធ​បាត់បង់​ជីវិត​ចោល​ទៅ បន្សល់​ទុក​នូវ​កូន​ចំនួន​ពីរ​នាក់ ហើយ​កូន​ទាំង​២​នាក់​នោះ​ក៏​ត្រូវ​បាន​ជីដូន​ជីតា​ខាង​ម្ដាយ​យក​ទៅ​ចិញ្ចឹម​ថែរក្សា​បីបាច់​បន្ត​។ ហើយ​អាជ្ញាធរ​ឃុំ​វិញ ក៏​បាន​រៀបចំ​បុណ្យសព​ឱ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ទៅ​តាម​ប្រពៃណី​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ