ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ណែនាំ​ឲ្យ​ស្ថាប័ន​ជំនាញ និង​វិស័យ​ឯកជន​សហការ​ជម្រុញ​​ទេសចរណ៍​ផ្ទៃក្នុង​ឲ្យ​អស់​លទ្ធ​ភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ថ្លែង​នូវ​មោទនភាព​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សំខាន់ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​មាន​វិធានការ​ទាន់​ពេលវេលា​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍…

រាជធានី​ភ្នំពេញ ៖ ដោយ​ថ្លែង​នូវ​មោទនភាព​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សំខាន់ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​មាន​វិធានការ​ទាន់​ពេលវេលា​ទប់ស្កាត់​មិន​ឲ្យ​មានការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ចាត់​ទុក​នោះ វា​ជា​ឱកាស​ដែល​យើង​ត្រូវ​សហការ​គ្នា​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ឬ​ទេសចរណ៍​ផ្ទៃក្នុង​ឲ្យ​អស់​លទ្ធភាព​។

លោក ថោ​ង ខុន បាន​ថ្លែង​នូវ​ការ​ជម្រុញ​បែប​នោះ​នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​លើ​ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ផែនការ​ស្តារ និង​លើ​ស្ទួយ​វិស័យ​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ។

លោក ថោ​ង ខុន បាន​លើក​ឡើង​ថា ការ​ទប់ស្កាត់​ទាន់​ពេលវេលា​មិន​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍ គឺជា​យុទ្ធសាស្ត្រ​ជា​គន្លឹះ និង​ចម្បង​បំផុត​ក្នុង​ការ​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក បើ​ទោះបីជា​ទេសចរណ៍​ក្នុងស្រុក​មិន​បាន​ជួយ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​បាន​ច្រើន ប៉ុន្តែ​វា​ក៏​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​អះអាង​ថា ទោះបីជា​មានការ​ខិតខំ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឬ​ទេស​ចរណ៍​ក្នុងស្រុក ហើយ​ចលនា​ទេសចរណ៍​ក្នុងស្រុក​កំពុង​ដើរទៅ​មុខគួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​ជា​រួម​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ ដូច​ជា​ការ​ពង្រឹងគុណភាព​សេវា ការ​បង្កើត​ផលិតផល​ថ្មី​ៗ ការ​កាត់​បន្ថយ​តម្លៃ​សេវា​កញ្ចប់​ទស្សន​កិច្ច​ដែល​យើង​មិន​ទាន់​បាន​ធ្វើ​ឲ្យ​បាន​ព្រម​ៗ គ្នា​នៅឡើយ ។ ជាក់ស្តែង​តម្លៃ​សណ្ឋាគារ រួម​ទាំង​ម្ហូបអាហារ​នៅ​តែ​ថ្លៃ​នៅឡើយ ។

លោក ថោ​ង ខុន បញ្ជាក់​ថា ពេលវេលា​នេះ​គឺជា​ឱកាស​ដែល​យើង​ត្រូវ​ខិតខំ​សហការ​គ្នា​ទាំង​រដ្ឋ និង​វិស័យ​ឯកជន ដើម្បី​ជម្រុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឲ្យ​អស់​លទ្ធភាព ហើយ​ឆ្លៀតឱកាស​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ធ្វើ​កញ្ចប់​ទស្សនកិច្ច​បែប​ថ្មី​រវាង​ប្រទេស និង​ប្រទេស ឬ​ជា​ការ​ដោះ​ដូរ​លំហូរ​ទេសចរណ៍​បរទេស​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ដែល​ធានា​បាន​នូវ​សុវត្ថិភាព​ពី​កូ​វី​ដ​១៩ ដោយ​ប្រទេស​ដែល​ទទួល​ទេសចរណ៍​ត្រូវ​រៀបចំ​ឲ្យ​មាន​តំបន់​ទេសចរណ៍ ( Zone ) ដែល​ធានា​ពី​សុវត្ថិភាព ខណ​ដែល​ប្រទេស​អ្នក​បញ្ជូន​ទេសចរណ៍​មក​ក៏​ត្រូវ​ធានា​ថា ទេសចរណ៍​ទាំងនោះ​មិន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ឡើយ ។

លោក​ថា បច្ចុប្បន្ន​នេះ យើង​បាន​និង​កំពុង​ពិភាក្សា​ធ្វើ​ជាមួយ​ប្រទេស​ចិន​-​ជប៉ុន​-​កូរ៉េ​ខាងត្បូង​-​សិង្ហ​បុរី រួម​ទាំង​ប្រទេស​ជិតខាង​យើង ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ផង​ដែរ អំពើ​ផែនដី​ចង្អុល​ផ្លូវ ( Roadmap ) ស្តី​ពី​ផែនការ​ស្តារ​និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ( ២០២០-២០២៥ ) ត្រូវ​បាន​រៀបចំ​ឡើងជា​៣​ដំណាក់កាល​រួម​មាន ៖

ដំណាក់កាល​ទី​១ (Resilient & Restart)៖ ការ​គ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ប្រក្រតី​កម្ម​ថ្មី (New Normal) និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​។
ដំណាក់កាល​ទី​២ (Recovery)៖ ការ​ជំរុញ និង​ការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។
ដំណាក់កាល​ទី​៣ (Relaunch)៖ ការ​រៀបចំ​ឆ្ពោះទៅ​កាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា។

លោក​ថា តាម​ស្មារតី​នៃ​ការ​ពិភាក្សា​គ្នា​រយៈពេល​នៃ​ដំណាក់កាល​ទី​១ គឺ​កំណត់​យក​ពី​ឆ្នាំ​២០២០ រហូត​ដល់​ចុងឆ្នាំ​២០២១ វិញ (​ពី​មុន​យើង​កំណត់​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២១) រីឯ ដំណាក់កាល​ទី​២ ចាប់ផ្តើម​ពី​ដើមឆ្នាំ ២០២២ រហូត​ដល់​ចុងឆ្នាំ ២០២៣ និង​ដំណាក់កាល​ទី​៣ ចាប់ពី​ដើមឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៥​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា តាម​ការ​ព្យាករណ៍​លើ​ការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ឡើង​វិញ គឺ​ស្ថិត​នៅ​ក្នុង​ទម្រង់​អក្សរ (U) សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អក្សរ (V) សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ដោយ​ការ​ដាក់​ចេញ​នូវ​ការ​វិភាគ​សេនា​រី​យោ​ចំនួន​៣​រួម​មាន ៖

សេណា​រី​យ៉ូ​ទី​១៖ ករណី​មាន​វ៉ាក់សាំង​ឆ្នាំ​២០២០ និង​មាន​វិធានការ​នានា កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៧,៦​លាន​នាក់​នៅ​ឆ្នាំ​២០២៥​។
សេណា​រី​យ៉ូ​ទី​២៖ ករណី​មាន​វ៉ាក់សាំង​ឆ្នាំ​២០២១ និង​មាន​វិធានការ​នានា​ទទួល​បាន ៦,៦​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ។
ចំណែក​សេណា​រី​យ៉ូ​ទី​៣៖ ករណី​វ៉ាក់សាំង​មិន​ច្បាស់លាស់ និង​មិន​មាន​វិធានការ​អន្តរាគមន៍​គ្រប់គ្រាន់ នោះ​នឹង​ទទួល​បាន​តែ ៣,២ លាន​នាក់​នៅ​ឆ្នាំ​២០២៥​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ជា​ការ​ពិត ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ យើង​ត្រូវធ្វើ​ក្នុង​រយៈ​ពេល (២០២០-២០២៥) ហើយ​ត្រូវ​ឯកភាព​គ្នា​កំណត់​ដំណាក់កាល​បច្ចុប្បន្ន​ជា​ដំណាក់កាល «​ប្រក្រតី​កម្ម​ថ្មី – New Normal» ពោល​គឺ​យើង​អាច​វាយតម្លៃ​បាន​ថា ពី​ពេល​បច្ចុប្បន្ន​រហូត​ដល់​ពេល​រក​ឃើញ​វ៉ាក់សាំង (​អាច​កំឡុង​ឆ្នាំ​២០២១)​។

លោក ថោ​ង ខុន បាន​រំពឹង​ថា ការ​រៀបចំ​ផែនទី​ចង្អុល​ផ្លូវ​នេះ​នឹង​ក្លាយជា​យន្តការ​ដ៏​មាន​សារៈ​សំខាន់​ចាំបាច់ សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​អនាគត​ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​ចក្ខុវិស័យ​កម្ពុជា​នឹង​ត្រូវ​សម្រេច​ឱ្យ​បាន​នោះ​គឺ​បន្ត​ជំរុញ​វិធានការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​ការងារ ជា​ពិសេស​ជំរុញ​ការ​ផ្តល់​ជា​កញ្ចប់​ថវិកា​/​មូលនិធិ​របស់​រាជរដ្ឋាភិបាល​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក្នុង​វិស័យ​ទេសចរណ៍ និង​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មានគំនិត​ច្នៃប្រឌិត ព្រម​ជាមួយនឹង​ការ​ពង្រីក​ការ​បណ្តុះបណ្តាល​ធន​ធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម និង​រក្សា​ការងារ​ឱ្យ​បាន​អតិបរមា​។

សូម​ជម្រាប​ថា ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តី​ពី ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នេះ​មាន ៖
(១)-​ទិស​ដៅ​យុទ្ធសាស្ត្រ​ចំនួន ០៩,
(២)-​សកម្មភាព​យុទ្ធសាស្ត្រ​ចំនួន ៤៩ និង
(៣)-​គម្រោង​វិនិយោគ​ធំ​ៗ (Fiche Projets) ចំនួន ១៦ ដែល​ទាមទារ​ការ​វិនិយោគ​ក្រោម​ទម្រង់ (PPPP) ក្នុង​រង្វង់​ពី ៣១-៣៣ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រយៈពេល ៥​ឆ្នាំ (២០២០-២០២៥)។

អង្គប្រជុំ​ឯកភាព​គាំទ្រ​ដាក់​ចេញ​សេចក្តី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ​នេះ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ពេល​ខាង​មុខ​នេះ នឹង​បន្ទាប់​មក​គោរព​ស្នើ​សុំ​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ឬ​ក៏​ឆ្លង​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​) ជា​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ