ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះថៃនៅខេត្តស្រះកែវបានចាប់ខ្លួនពលករខ្មែរចំនួន៨នាក់ ខណៈកំពុងជិះរថយន្តប្រុងទៅរកការងារធ្វើនៅខេត្តរ៉ាក់យ៉ងកាលពីយប់ថ្ងៃទី១៤ តុលា ២០២០។ ពលករទាំង៨នាក់ខាងលើ ក្នុងនោះមានស្ត្រីចំនួន៥ និងបុរសចំនួន៣នាក់ នេះបើយោងតាមកាចុះផ្សាយលើគេហទំព័រនិងកាសែតក្នុងស្រុករបស់ថៃមួយ។
យោងការសាកសួរពលករទាំងនេះសារភាពថា ពួកគេបានឆ្លងពីកម្ពុជាតាមច្រករបៀងមួយមិនស្គាល់ឈ្មោះចូលទៅដីថៃចំណុចភូមិណងចាន់ ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមទឹកដីកម្ពុជាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទើបឡើងជិះរថយន្តចេញពីព្រំដែនបានបន្តិចក៏ត្រូវកម្លាំងចម្រុះថៃស្ទាក់ឆែករថយន្តដែលពួកគេកំពុងជិះឃាត់ខ្លួនទាំងអ្នកបើកបរជាជនជាតិថៃម្នាក់ផងដែរ។
ទាំងពលករនិងអ្នកបើកបរជាជនជាតិថៃត្រូវបានគេបញ្ជូនទៅស្ថានីយតម្រួតស្រុកគោកធ្យូងដើម្បីចាត់ការបន្ត ។ ករណីពលករខ្មែរលើទឹកដីថៃបើតាមមន្ត្រីជំនាញការិយាល័យប្រឆាំងកាជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ថាជាមធ្យមពលករវិលត្រឡប់ពីថៃតាមច្រកកិច្ចព្រមព្រៀងរវៀងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ(ច្រករបៀងអូរបីជាន់)ជាង២០០នាក់ក្នុង១ថ្ងៃៗព្រោះថ្ងៃខ្លះមានរហូតដល់ទៅ៤០០នាក់ក៍មានដែរ។
មន្ត្រីដដែលបន្តថាពលករទាំងនេះស្ទើរតែទាំងអស់វិលត្រឡប់ពីថៃដោយខ្លួនឯងព្រោះជាប់គាំងដោយសាមេរោគកូវីដ ពួកគេវិលមកប្រទេសវិញដោយគ្មានអ្នកណាចាប់ទេព្រោះមានឯកសាគ្រប់គ្រាន់។ម្យ៉ាងភាគីថៃបើកចំហរតែច្រកកិច្ចព្រមព្រៀងខាងលើខណៈច្រកអន្តរជាតិនានាបិទមិនឲ្យមានអ្នកដំណើរថ្មើរជើងឆ្លងកាត់ឡើយ។
លោកប្រាប់ថាមានមួយចំនួនតូចវិលមកអត់ច្បាប់ត្រូវគេចាប់បញ្ជូនត្រឡប់តាមច្រកកិច្ចព្រមព្រៀងនេះដូចគ្នា ។ លោកបញ្ជាក់ថា ៧ថ្ងៃចុងក្រោយនៃដើមខែតុលានេះគិតត្រឹមថ្ងៃ១៤ម្សិលមិញមានពលករវិលត្រឡប់ពីថៃតាមច្រកកិច្ចព្រមព្រៀងខាងលើចំនួន១៧៤១នាក់៕ (កែសម្រួលដោយ ៖ ធីតា)