ការផ្លាស់ប្តូរផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងក្នុងការប្រកបការងារងាយនឹងបង្កជាជម្លោះរវាងមនុស្សនិងមនុស្សណាស់។ ប៉ុន្តែការកសាង និងរក្សាទំនាក់ទំនងជាមួយមនុស្សទាំងក្នុង និងក្រៅស្ថាប័នការងាររបស់អ្នកមានសារៈសំំខាន់ណាស់ប្រសិនបើអ្នកចង់ជោគជ័យ ឬក្លាយជាអ្នកមាននៅថ្ងៃមុខ។
កត្តាសំខាន់ក្នុងការឆ្លងផុតឧបសគ្គទាំងនេះចាប់ផ្តើមពីការមានផ្នត់គំនិតដែលត្រឹមត្រូវ និងជៀសវាងផ្នត់គំនិតដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នកបាន។ ខាងក្រោមគឺជាផ្នត់គំនិតដែលអ្នកត្រូវតែជៀសវាង៖
១. មនុស្សមានទំនាក់ទំនងល្អជាមួយមនុស្សដែលពួកគេចូលចិត្ត
ជាក់ស្តែង វាងាយក្នុងការនិយាយគ្នាជាមួយនឹងមនុស្សដែលអ្នកចូលចិត្តពិតមែន។ ប៉ុន្តែការប្រកាន់ផ្នត់គំនិតនេះនឹងដាក់កម្រិតលើអ្នកទៅវិញព្រោះការរាប់អានតែមនុស្សដែលអ្នកចូលចិត្តកាត់បន្ថយឱកាសក្នុងការរៀនសូត្រ និងធ្វើឲ្យអ្នកមិនមានគំនិតទូលំទូលាយ។ អ្នកត្រូវតែបញ្ឈប់ខ្លួនក្នុងការវាយតម្លៃលើអ្នកដទៃ និងព្យាយាមធ្វើជាមនុស្សដែលពូកែឆ្ងល់ ជាពិសេសគឺឆ្ងល់ពីមនុស្សដែលខុសពីអ្នក។
នរណាៗក៏មានរឿងផ្ទាល់ខ្លួនដែលបានឆ្លងផុតកន្លងមកដែរ។ អ្នកគួរតែចាត់ទុកពួកគេដូចជាសៀវភៅដ៏គួរឲ្យចាប់អារម្មណ៍មួយ និងព្យាយាមយល់ដឹងពីមូលហេតុដែលធ្វើឲ្យពួកគេប្រកាន់ខ្ជាប់នូវជំនឿអ្វីមួយ និងអ្វីដែលពួកគេភ័យខ្លាច។
២. ការវាយតម្លៃអ្នកដទៃ
មនុស្សមានទម្លាប់ក្នុងការវាយតម្លៃអ្នកដទៃដោយយោងតាមតែអ្វីដែលពួកគេមើលឃើញក្នុងមួយពព្រិចភ្នែក។ ពួកយើងមើលទៅអ្នកដទៃតាមអ្វីដែលខ្លួនចង់មើលឃើញ និងលាបពណ៌ឲ្យពួកគេទាំងដែលខ្លួនមិនទាន់ស្គាល់ពួកគេច្បាស់។
អ្វីដែលអ្នកត្រូវធ្វើគឺការព្យាយាមស្តាប់ និងយល់ពីចិត្តរបស់អ្នកដទៃ។ អ្នកត្រូវតែស្តាប់អ្នកដទៃដោយមានគោលបំណងក្នុងការយល់ដឹងបន្ថែម ឬគាំត្រពួកគេ មិនមែនដើម្បីវាយតម្លៃពួកគេឡើយ។
៣. ជម្លោះគឺមិនល្អទេ
មនុស្សជាច្រើនចូលចិត្តជៀសវាងជម្លោះ។ តាំងពីតូចមក ឪពុកម្តាយតែងតែទូន្មានកូនៗឲ្យជៀសវាងការឈ្លោះគ្នា និងជួយគ្នាទៅវិញទៅមក។ ប៉ុន្តែជម្លោះមួយចំនួនមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់មនុស្ស។ ជម្លោះដែលវិជ្ជមានគឺជាជម្លោះដែលទាក់ទិននឹងការទទួលស្គាល់ពីការពិតដែលប្រហែលជាមិនល្អ និងអារម្មណ៍មិនល្អមួយចំនួន រួចយកវាមកនិយាយពិភាក្សាគ្នា និងសម្របសម្រួលគ្នាទៅវិញទៅមក ៕
ចែករំលែកព័តមាននេះ