ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទៅ​ធ្វើការ ប្តី​ទៅ​មើល​ទឹក​ស្រែ​ជា​​មួយ​កូន​ៗ ស្រាប់តែ​ផ្ទះ​ឆេះ​ខ្ទេច​គ្មាន​សល់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្រប​ពេល​ដែល​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​កំពុង​ព្រួយបារម្ភ​អំពី​គ្រោះ​ទឹកជំនន់ ស្រាប់តែ​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​6​គុណ​នឹង​9​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ រីឯ​ប្តី​រវល់​ទៅ​មើល​ទឹក​ស្រែ ហើយ​ការ​ឆេះ​នេះ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ តែ​តាម​ការ​អះអាង​ពី​អ្នក​ភូមិ​ដែល​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា…

ខេត្តកំពង់ស្ពឺ ៖ ស្រប​ពេល​ដែល​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​កំពុង​ព្រួយបារម្ភ​អំពី​គ្រោះ​ទឹកជំនន់ ស្រាប់តែ​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​6​គុណ​នឹង​9​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ រីឯ​ប្តី​រវល់​ទៅ​មើល​ទឹក​ស្រែ ហើយ​ការ​ឆេះ​នេះ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ តែ​តាម​ការ​អះអាង​ពី​អ្នក​ភូមិ​ដែល​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា ប្រហែលជា​ឆ្លង​ចរន្តអគ្គិសនី​។

តាម​ប្រភព​បាន​បញ្ជាក់​ប្រាប់​ថា ការ​ឆាបឆេះ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​14 ខែតុលា ឆ្នាំ​2020 នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំ​ណែ​គ​ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់​ថា មានឈ្មោះ ថៃ សា​រិ​ន អាយុ​27​ឆ្នាំ (​ជា​ប្តី​) ចំណែក​ប្រពន្ធ​ឈ្មោះ រិ​ន ឆា​ន្នី អាយុ​26​ឆ្នាំ និង​មានកូន​2​នាក់​នៅ​ក្នុង​បន្ទុក​ផង​ដែរ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ក្រុម​គ្រួសារ​មិន​បាន​នៅផ្ទះ​នោះ​ទេ ខណៈ​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ ចំណែក​បុរស​ជា​ប្ដ​ទៅ​មើល​ទឹក​ស្រែ​ជាមួយ​កូន​ៗ លុះ​ពេល​ត្រឡប់​មក​វិញ ក៏​ស្រាប់តែ​ឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោរ​សន្ធៅ​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​នោះ បុរស​ជា​ប្ដី និង​អ្នក​ភូមិ​ក៏​បាន​ស្វះស្វែង​ដងទឹក​មក​ចាក់​ពន្លត់​ដែរ តែ​មិន​អាច​យកឈ្នះ​អំណាច​ភ្លើង​បាន​ឡើយ ហើយ​ក៏​បណ្ដាល​​ឲ្យ​ទ្រព្យសម្បត្តិ​លុយកាក់​ជា​ច្រើន​ដែល​ទុក​នៅ​លើ​ផ្ទះ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ខ្ទេច​គ្មាន​សល់​ឡើយ​។ ក្នុង​ហេតុការណ៍​នេះ​ដែរ បាន​បណ្ដាល​ឱ្យ​បុរស​ជា​ប្ដី​រលាកភ្លើង​យ៉ាងដំណំ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​បឋម​នៅ​មណ្ឌល​សុខភាព​ភ្នំស្រួច​។

បើ​តាម​អ្នក​ភូមិ​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា មុន​ដំបូង គេ​បានឃើញ​មាន​ផ្សែងហុយ​ចេញ​ពីផ្ទះ​កើតហេតុ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ចេញ​ជា​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្ដង​។ ហើយ​គ្រោះ​អគ្គិភ័យ​នេះ ត្រូវ​បាន​អ្នក​ភូមិ និង​ម្ចាស់ផ្ទះ​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ពេល​នេះ នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​លុយកាក់​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ​នៅឡើយ​ទេ ខណៈ សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ