ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​បេក្ខភាព​នៅ​សល់​ឱកាស​ប្រជែង​ស្បែកជើង​មាស​ពានរង្វាន់ Hun Sen Cup

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​មក​ដល់​ពេល​នេះ​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​ជា​ច្រើន​ខែ ខណៈ​នេះ​ក៏​មាន​ក្រុម​ចំនួន…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​មក​ដល់​ពេល​នេះ​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​ប្រកួត​អស់​ជា​ច្រើន​ខែ ខណៈ​នេះ​ក៏​មាន​ក្រុម​ចំនួន ៤ ដែល​មាន​កីឡាករ​របស់​ខ្លួន​នៅ​សល់​ឱកាស​ប្រជែង​ស្បែកជើង​មាស ប្រចាំឆ្នាំ ២០២០ នេះ​ផង​ដែរ​។

ក្រុម​ទាំង​៤​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រួម​មាន ភ្នំពេញ​ក្រោ​ន​,​ណា​ហ្គាវើ​ល​ដ៍​, សមាគម​កីឡាបាល់ទាត់​ខេត្តព្រៃវែង និង​វិសាខា ។ កីឡាករ​ក្នុង​ក្រុម​ទាំង​៤​កំពុងស្ថិត​នៅ​ទីតាំង​មួយ​ដែល​អាច​មាន​លទ្ធភាព​ប្រជែង​ស្បែកជើង​មាស​ពី​កីឡាករ​៣​រូប​ផ្សេងទៀត​ដែល​បច្ចុប្បន្ន​ក្រុម​របស់​កីឡាករ​ទាំង​៣​បាន​ជ្រុះ​ចេញពី​កម្មវិធី​រួច​ទៅ​ហើយ​។

កីឡាករ​ទាំងនោះ​រួម​មាន​៖ កីឡាករ​ប្រាក់ ធី​វ៉ា និង​កីឡាករ លឹ​ម ពិសុទ្ធ របស់​ភ្នំពេញ​ក្រោ​ន (​រក​បាន​ម្នាក់​៣​គ្រាប់​)​។ កីឡាករ វ៉ា សុខ​ថន របស់​ណា​ហ្គា​វើ​ល​ដ៍ (​រកបាន​២​គ្រាប់​)​។ កីឡាករ វុ​ធ តុលា របស់​សមាគម​កីឡាបាល់ទាត់​ខេត្ត​ព្រៃវែង​(​រកបាន​៤​គ្រាប់​)​។ កីឡាករ ស៊ិ​ន កក្កដា កីឡា​ករ ស៊ិ​ន សុ​ផា​ណាត និង​កីឡាករ ប៊ុ​ន​ធឿ​ន ប៊ុ​ន​ណា​រ៉ុ​ង របស់​ក្លិប​វិសាខា (​រកបាន​ម្នាក់​៣​គ្រាប់​)​។

ដោយឡែក​កីឡាករ​៣​រូប​ដែល​ក្លិប​របស់​ពួក​គេ​បាន​ធ្លាក់​ចេញពី​កម្មវិធី​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នោះ​រួម​មាន កីឡាករ ជា ណា​វី​ន (​កង​យោធពលខេមរភូមិន្ទ​) ដែល​កំពុង​នាំមុខ​គេ​ដោយ​រកបាន​៥​គ្រាប់​ស្មើគ្នា​ជាមួយ​កីឡាករ សៀង ច​ន្ធា (​បឹង​កេ​ត​) និង​កីឡាករ ម៉ាត់ នូ​រុណ (​បឹង​កេ​ត​) រកបាន​៤​គ្រាប់ ។

ករណី​នេះ ប្រសិនបើ​កីឡាករ​របស់​ក្លិប​ទាំង​៤ ដែល​កំពុង​កាន់​គ្រាប់​បាល់​ក្នុង​ដៃ​រៀង​ខ្លួន​ដូច​បាន​រៀបរាប់​ខាងលើ មិន​បន្ត​រក​គ្រាប់​បាល់​បាន​ទាំង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទេ កីឡាករ ជា ណា​វី​ន របស់​ក្រុម​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ នឹង​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ នេះ​តែ​ម្ដង ហើយ​អាច​ឈាន​ទៅ​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ក្មេង​ជាងគេ​ឈ្នះ​ស្បែកជើង​មាស ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែតុលា សម្រាប់​ជំនួប​រវាង​ភ្នំពេញ​ក្រោ​ន ជាមួយ​ណា​ហ្គា​វើ​ល​ដ៍ និង​នៅ​ថ្ងៃ​ទី​២២ ខែតុលា សម្រាប់​ជំនួប​រវាង ព្រៃវែង ជាមួយ វិសាខា លើ​ទឹកដី​កណ្ដាល​ពហុ​កីឡដ្ឋាន​ជាតិ​។

គួរ​រំលឹក​ផង​ដែរ​ថា ម្ចាស់​ស្បែកជើង​មាស ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៩ គឺ​បាន​ទៅ​កីឡាករ វ៉ា សុខ​ថន ដែល​ពេល​នោះ​គេ​លេង​ឲ្យ​ភ្នំពេញ​ក្រោ​ន បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន ១១​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ