រាជធានីភ្នំពេញ ៖ នៅលើសង្វៀនប្រដាល់ កីឡាករ ម៉ន សាម៉េត ត្រូវគេមើលឃើញថាមានភាពរឹងមាំ និងមើលទៅពោរពេញដោយមោទនភាពយ៉ាងខ្លាំង ប៉ុន្តែនៅក្រោយភាពជោគជ័យដែលអ្នកគាំទ្របានមើលឃើញនេះ ការពិតលោកក៏ពោរពេញដោយការលំបាក និងការតស៊ូមិនតិចដែរ ទម្រាំតែមានថ្ងៃនេះ។ លោកត្រូវបង្ខំចិត្តទៅធ្វើការនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វស្វានៅកៀនស្វាយ ដោយទទួលបានប្រាក់ខែ៩០ដុល្លារ និងត្រូវរស់នៅក្នុងសភាពមិនមានលទ្ធភាពជាច្រើនទៀត នៅពេលការប្រដាល់មិនសូវអំណោយផល។
ថ្លែងប្រាប់កោះសន្តិភាព កីឡាករ ម៉ន សាម៉េត និយាយថា ក្នុងនាមជាក្មេងប្រុសដែលមានឱកាសរៀនបានត្រឹមថ្នាក់ទី៨ លោកថាជីវិតបើទោះជាមិនរៀបរាប់ ក៏អាចកាត់យល់បានដែរថា ជីវិតរបស់លោកគឺពោរពេញដោយការលំបាក ទម្រាំតែមានថ្ងៃនេះ ។ ពេលខ្លះលោកត្រូវហូបបាយជាមួយមី និងដេកអត់បាយក៏មានដែរ ដោយសារតែស្ថានភាពរកលុយមិនបានគ្រប់ការចំណាយខ្លួនឯង ហើយការប្រដាល់នៅក្នុងពេលមុនក៏ទទួលបានកម្រៃស្ដួចស្ដើង។
ក្រោយបញ្ឈប់ការសិក្សាព្រោះតែគ្មានលទ្ធភាពលោកមិនខុសពីក្មេងដែលប្រឹងស្រវារស់ដើម្បីជួយខ្លួនឯង និងគ្រួសារនោះទេ ដោយលោកចាប់ផ្ដើមការប្រដាល់តាំងពីពេលឈប់រៀននោះតែម្ដង ដោយសារតែលោកយល់ថា ខ្លួនគ្មានចំណេះល្អ ទោះទៅធ្វើការទីណាក៏លំបាក ហើយស្របពេលដែលលោកក៏មានឪពុកជាអ្នកប្រដាល់ផង ។
យ៉ាងណាមិញ ការប្រដាល់នៅក្នុងពេលនោះ គឺអាចនិយាយបានថា រកតែប្រាក់ទិញបាយព្រឹកមិនបានផង ទើបលោកត្រូវបង្ខំចិត្តទៅស៊ីឈ្នួលមើលថែសត្វស្វាជារៀងរាល់ថ្ងៃបន្ថែមទៀត នៅកសិដ្ឋានចិញ្ចឹមសត្វស្វាមួយកន្លែង ដោយទទួលបានប្រាក់ខែតិចតួច ។ ជីវិតជាអ្នកធ្វើការជាមួយស្វា ពិបាកក៏ពិបាកយ៉ាប់ក៏យ៉ាប់ តែលោកនៅតែមិនអាចចោលបាន ដោយពេលប្រដាល់ក៏មកប្រដាល់ ហើយពេលមិនប្រដាល់ក៏នៅកសិដ្ឋានជាមួយស្វា ។ នៅទីនោះ ក្រៅពីមើលថែស្វាកុំឱ្យឈឺ កុំឱ្យខាំគ្នា លោកក៏ជាជំនួយការគ្រូពេទ្យសត្វ ដោយក្រោយមកក៏ចេះដេររបួសស្វា និងចេះព្យាបាលសត្វស្វាដោយសារតែបទពិសោធន៍ផងដែរ ។
លោកទើបតែឈប់ពីការងារនេះ ក្នុងមួយរយៈចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីការប្រដាល់ចាប់ផ្ដើមមានសន្ទុះ ហើយទទួលបានប្រាក់កម្រៃល្អប្រសើរជាងមុន ។ លោកនិយាយថា៖«កន្លងមក ខ្ញុំចេញចូលកសិដ្ឋានចិញ្ចឹមស្វាតែរហូតហ្នឹង លុះធ្វើៗទៅពិបាកពេកក៏សុំគេឈប់ ហើយពេល
អត់លុយខ្លាំងក៏សុំគេចូលវិញ និយាយរួមចេញចូលៗ ដោយសារតែខ្ញុំស្គាល់ចិននៅហ្នឹង ហើយគាត់អាណិតចេះតែឱ្យធ្វើ»។
មកទល់ពេលនេះ ដ្បិតថាជីវិតរបស់លោកបានប្រសើរជាងមុន ប៉ុន្តែស្ថានភាពជីវភាពនៅមិនទាន់កក់ក្ដៅ និងរឹងមាំទេ ដោយសារតែលោករំពឹងតែការប្រដាល់ជាធំ ហើយសុខភាពរបស់លោកហាក់មានបញ្ហាមិនឈប់ទៀត ។
លោកបញ្ជាក់ថា ៖«ខ្ញុំទើបតែស្រួលក្រពះមួយរយៈហ្នឹងទេ មុនៗគឺឈឺក្រពះឡើងស្គមដូចពួកញៀនថ្នាំអ៊ីចឹង ឡើងវ៉ៃហត់ៗ ហើយអស់កម្លាំងណាស់។ តែដោយសារអត់លុយ និងដើម្បីប្រពន្ធកូន ខ្ញុំវ៉ៃទាំងឈឺ បើទោះជាអ្នកមិនដឹងពីស្ថានភាពសុខភាពរបស់ខ្ញុំ គេជេរថាខ្ញុំប្រហែលគិតតែដើរលេងមិនហាត់ ទើបអន់ម្ល៉ឹង»។ លោកថា ប្រដាល់ដ្បិតតែជួយឱ្យលោករកលុយបាន និងមានកិត្តិយស តែនៅពីក្រោយការលើកសរសើរទាំងឡាយ គឺលោកក៏បាក់ទឹកចិត្តណាស់ដែរ ជាពិសេសពេលគេអត់ដឹងរឿងឈឺ អត់ដឹងរឿងយើងអត់លុយបំប៉ន ហើយមានបញ្ហាសុខភាព តែបើឱ្យបោះបង់គឺអត់ទេ ដោយសារតែការស្រលាញ់។
លោក ម៉ន សាម៉េត បន្តថា មកទល់ពេលនេះ លោកមិនលំបាកដូចមុនទេ ដោយក្នុងអំឡុងកូវីដ-១៩នេះ ក៏មានគេផ្គូផ្គងឱ្យប្រដាល់បាន២លើកដែរ ខណៈដែលមួយលើកដែលឡើងប្រដាល់ជាមួយខ្មែរដូចគ្នានោះ ក៏បាន៣០០ដុល្លារ ។ ក្នុងនោះលោកក៏មានឱកាសបានបង្វឹកកូនសិស្សក្នុងក្លិបមួយកន្លែងទទួលបានប្រាក់ខែ១៦០ដុល្លារ ។ លោកក៏ទើបតែត្រូវបានបញ្ចូលជាមន្ត្រីរាជការនៅក្នុងក្រសួងមហាផ្ទៃដូចគ្នា ក្នុងនាមជាកីឡាករប្រចាំក្រសួងផងដែរ ទើបលោកមិនសូវពិបាកផ្នែកជីវភាពដូចមុន។
យ៉ាងណាក៏ដោយលោកនៅតែបុកពោះម្ដងៗដោយសារតែជំងឺក្រពះរបស់លោកនៅតែធ្វើ
ទុក្ខម្ដងម្កាល ដោយតម្រូវឱ្យលោកប្រើថ្នាំភាគច្រើន ស្របពេលដែលលោកក៏ភ័យថា បើដល់ពេលឈឺ ឬចាស់បន្តិចប្រកួតលែងកើត តើលោកនឹងបានចំណូលមកពីណា ។
ក្នុងនាមជាមេគ្រួសារដែលមានប្រពន្ធជាស្ត្រីមេផ្ទះពុំមានមុខរបរ និងមានកូនស្រី២នាក់ក្នុងបន្ទុកទៀតផងនោះ លោកថាជីវភាពបានត្រឹមតែមួយគ្រប់ៗប៉ុណ្ណោះ ប៉ុន្តែបើឱ្យសល់ទ្រព្យ ឬសល់អ្វីជាដុំកំភួនគឺមិនទាន់មានទេ ព្រោះរាល់ថ្ងៃនៅរស់ក្រោមដំបូលម្ដាយក្មេក គ្មានផ្ទះផ្ទាល់ខ្លួន ហើយរាល់ពេលទៅបង្ហាត់សិស្ស និងឡើងប្រដាល់ម្ដងៗ ក៏ត្រូវឡើងចុះទៅផ្ទះដែលមានចម្ងាយឆ្ងាយគួរសម ។ លោកមានគម្រោងបើកតូបលក់គ្រឿងទេសឱ្យភរិយានៅផ្ទះ ដើម្បីទប់តម្រូវការ ឯលោកក៏មិនបោះបង់ការប្រដាល់នោះដែរ ព្រោះតែនោះជាប្រភពចំណូលធំ ហើយម្យ៉ាងគឺស្រលាញ់ ៕
ចែករំលែកព័តមាននេះ