ខេត្តក្រចេះ ៖ អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដីសម្បទានរបស់រដ្ឋបានប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ពិសេសអាជ្ញាធរមូលដ្ឋានមិនត្រូវបើកដៃឲ្យជនខិលខូចចូលទៅកាប់ទន្ទ្រានបំពានដីរដ្ឋមកធ្វើជាកម្មសិទ្ធិទេ ព្រោះនេះជាទង្វើខុសច្បាប់ដែលមិនអាចលើកលែងបាន។
ការបញ្ជាក់បែបនេះរបស់លោកគង់ គឹមនី អភិបាលរងខេត្តក្រចេះទៅកាន់អាជ្ញាធរជំនាញពាក់ព័ន្ធពីការហាមប្រាណមិនឲ្យពាក់ព័ន្ធទៅនិងសកម្មភាពកាប់រើរានទន្ទ្រានដីរដ្ឋមក ធ្វើកម្មសិទ្ឋខុសច្បាប់នេះ បានធ្វើឡើងនៅថ្ងៃទី១៤ តុលា ខណៈរូបលោកបានដឹកនាំអាជ្ញាធរជំនាញពាក់ព័ន្ធ ដោយមានការចូលរួមពីស្ថាប័នអយ្យការ បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់របស់ក្រុមហ៊ុនវិនិយោគចម្ការអំពៅរបស់ក្រុមហ៊ុនឥណ្ឌា ដែលសព្វថ្ងៃនេះ ដីព្រៃចម្ការអំពៅនិងដីព្រៃសហគមនរបស់រដ្ឋនៅតំបន់នោះ កំពុងតែរងការរំលោភបំពានពីពលរដ្ឋ និងអ្នកមានលុយមួយចំនួនមកធ្វើកម្មសិទ្ធិ ខណៈក្រុមហ៊ុននេះបានប្រកាស់ក្ស័យធន់មានរយះពេលជាង២ឆ្នាំមកនេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មានដីព្រៃរដ្ឋក្នុងបរិវេណវិនិយោគចម្ការអំពៅរបស់ ក្រុមហ៊ុនផលិតស្ករនៃប្រទេសឥណ្ឌាឈ្មោះថា ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ មានចំនួនជាច្រើន រយហិកតា នៅតំបន់ភូមិសាស្ត្រក្នុងឃុំចំនួន៣នៅស្រុកសំបូរ ខេត្តក្រចេះ កំពុងតែត្រូវបានរំលោភបំពានពីពលរដ្ឋក្នុងស្រុក និងក្រៅស្រុក ។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានដីព្រៃ សហគមន៍ដែលនៅក្បែរៗនោះ នៅតំបន់ព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមាន ចំនួនរាប់រយហិកតាក៏កំពុងតែត្រូវបានរំលោភបំពានដូចគ្នា។
ការរំលោភបំពានពីសំណាក់ក្រុមជនខិលខូចទាំងនោះ ក៏ត្រូវគេដឹងថា កើតាមយូរមកហើយតែអាជ្ញាធរស្រុក ហាក់មិនអើរពើរនិងមានវិធានការទប់ស្កាត់ណាមួយនោះទេ។.
ទន្ទឹមនិងសកម្មភាពរំលោភបំពានរំលោភដីព្រៃខុសច្បាប់នេះ កន្លងមក សាលាខេត្តក្រចេះក៏បានចេញសេចក្តីប្រកាស ជូនដំណឹងមួយ ដោយតម្រូវឲ្យបញ្ឈប់សកម្មភាពកាប់ទន្ទ្រានខុស ច្បាប់ទាំងអស់នេះ មុននិងការអនុវត្តច្បាប់ជាធរមាន។ តែយ៉ាងណារហូតមកទល់និងពេលនេះ សកម្មភាពរបស់ជនខិលខូចដែលមានចេតនាកាប់ទន្ទ្រានដីមកធ្វើ កម្មសិទ្ធិនៅតំបន់នោះ គឺហាក់មិនថមថយនោះទេបើទោះជាសាលាខេត្តបានចេញសេចក្តីប្រកាស់ព័ត៌មានបែបណាក្តី។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការនាំគ្នាចូលទៅរំលោភបំពានកាប់រើរានដីព្រៃក្នុង ក្រុមហ៊ុនវិនិយោគសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ពីពលរដ្ឋមកពីតំបន់នានាធ្វើឡើងទៅតាមការ ញុះញង់ពីជនជាមេខ្យល់ដែលមានជំនាញខាងជំនួញដីព្រៃ គឺកើតមានយ៉ាងគំហុកក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការចូលទៅទន្ទ្រានរបស់ពួកគេទាំងនោះបានធ្វើឡើង ក្រោយ ពេលដែលក្រុមហ៊ុនវិនិយោគស្កសររបស់ប្រទេសឥណ្ឌា ដែលមានច្បាប់ដីសម្បទាន សេដ្ឋកិច្ចសម្រាប់ដាំដុះដំណាំអំពៅមានចំនួនរាប់ពាន់
ហិកតាបានផ្អាកដំណើរការរបស់ខ្លួន មានរយៈពេលជាង២ឆ្នាំកន្លងទៅ។
អភិបាលរងខេត្តក្រចេះ លោកគង់ គឹមនី ដែលបានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលដល់ទីតាំងដីកាបើទន្ទ្រាននោះបានអះអាងប្រាប់ថា អាជ្ញាធរនិងចុះអនុវត្តវិធានការជំនាញតាមផ្លូវច្បាប់ទៅលើក្រុមជនដែលមានសកម្មភាពខុសច្បាប់ទាំងនេះ៕