ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​កាន់​វ៉ា​លី​ស​ដើរ​តែលតោល លុះ​​ទាល់គំនិត​មិនដឹង​ទៅ​ណា​អង្គុយ​យំ​​ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ដែល​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ចាញ់ល្បែង​អស់ប្រាក់​ពី​ខ្លួន ហើយ​គ្មាន​កន្លែង​ស្នាក់​នៅ ចង់​ត្រលប់​ស្រុក​វិញ​តែ​គ្មាន​លទ្ធភាព ណាមួយ​សណ្ឋាគារ​ដែល​ខ្លួន​ស្នាក់​នៅ​ក៏​គេ​បណ្ដេញចេញ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ឈ្នួល ហើយ​នៅ​ក្នុង​ដៃ​កាន់ កាបូប​វ៉ា​លី​ស​ធំ​ពណ៌​ក្រហម​ពីរ…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ដែល​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ចាញ់ល្បែង​អស់ប្រាក់​ពី​ខ្លួន ហើយ​គ្មាន​កន្លែង​ស្នាក់​នៅ ចង់​ត្រលប់​ស្រុក​វិញ​តែ​គ្មាន​លទ្ធភាព ណាមួយ​សណ្ឋាគារ​ដែល​ខ្លួន​ស្នាក់​នៅ​ក៏​គេ​បណ្ដេញចេញ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ឈ្នួល ហើយ​នៅ​ក្នុង​ដៃ​កាន់ កាបូប​វ៉ា​លី​ស​ធំ​ពណ៌​ក្រហម​ពីរ ដើរ​តែលតោល​តែ​ម្នាក់ឯង​គ្មាន​គោលដៅ មិនដឹង​ទៅ​ណា ក៏​សម្រេចចិត្ត​អង្គុយ​កណ្តាលផ្លូវ​យំ​តែ​ម្នាក់ឯង បង្ក​ការ​ផ្អើល​ដល់​កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​11​និង​30​នាទី​យប់ ថ្ងៃ​ទី​14 ខែតុលា ឆ្នាំ​2020 នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ​ជួនណា​ត ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ស្ត្រីជន​ជាតិចិន​ខាងលើ​នេះ ត្រូវ​បាន​អ្នក​ស្គាល់​ប្រាប់​ឱ្យ​ដឹង​ថា នាង​មានឈ្មោះ ZHAO YUNYAN អាយុ​32​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់​នៅ​មិន​ពិតប្រាកដ​ក្នុង​រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ខាងលើ បាន​ប្រាប់​ទៅ​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ឱ្យ​ដឹង​ថា នាង​មក​រស់នៅ​ប្រទេស​កម្ពុជា​នេះ​រយៈពេល​9​ខែ​មក​ហើយ គឺ​នាង​មក​ទេសចរណ៍ និង​រក​ការងារ​ធ្វើ តែ​នាង​មកនេះ​គ្មាន​គោលដៅ​ច្បាស់លាស់​ទេ ទើប​រក​ការងារ​មិន​បាន​ធ្វើ​។ ដោយ​មុន​កើតហេតុ គឺ​រូប​នាង​ស្នាក់​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​រ​ទី​1 តែ​ដល់​ពេល​អស់ប្រាក់​បង់ថ្លៃ​ឈ្នួល ទើប​សណ្ឋាគារ​បណ្ដេញ​នាង​ចេញ​ឈប់​ឱ្យ​ស្នាក់​នៅ​។

ស្ត្រី​ជនជាតិ​រូប​នេះ​បន្ត​ថា មុន​កើតហេតុ គឺ​រូប​នាង​គ្មាន​ប្រាក់​ជាប់​នឹង​ខ្លួន​នោះ​ទេ គឺ​ដើរ​តែលតោល​តែ​ម្នាក់ឯង គ្មាន​គោលដៅ គ្មាន​កន្លែង​ស្នាក់​នៅ ចង់ទៅ​ស្រុក​ចិន​វិញ​តែ​គ្មាន​លទ្ធភាព មិនដឹង​ត្រូវ​ទៅ​ណា ក៏​សម្រេចចិត្ត​អង្គុយ​យំ​តែ​ម្នាក់ឯង​កណ្តាលផ្លូវ​បែប​នេះ ទើប​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ជួយ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្តង​។

យោង​តាម​ប្រភព​ពី​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ម្តុំ​កន្លែង​កើតហេតុ​វិញ​បានឱ្យ​ដឹង​ថា នារី​ខាងលើ​ជា​មនុស្ស​ញៀន​ល្បែង និង​ជា​មនុស្ស​សតិ​មិន​ប្រក្រតី (​បែក​ថ្នាំ​) គឺ​តែងតែ​ដើរ​និយាយ​តែ​ម្នាក់ឯង​ពេញ​ផ្លូវ គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ជាមួយ​នាង​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​។

ទោះជា​យ៉ាងណា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នេះ​ហើយ ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន​2​នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​ជនរួមជាតិ​ខ្លួនឯង​មាន​បញ្ហា ក៏​ឈប់​សួរនាំ​ដឹង​រឿង​ហេតុ ពួក​គេ​ក៏​សម្រេចចិត្ត​ឱ្យ​នាង​ទៅ​សម្រាក​នៅផ្ទះ​របស់​គេ​មួយ​រយៈពេល​ខ្លី ដើម្បី​រង់ចាំ​រក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ ហើយ​នារី​រង​គ្រោះ​ក៏​ព្រមទៅ​តាម ដោយ​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ