ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​» ហក់​ឡើង​ខ្លាំង​ប្រឈម​នឹង​ការ​បាក់​ធ្លាយ​ជន់​លិច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​ខ្លាំង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ បាន​និង​កំពុង​ប្រឈម​ការ​បាក់ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ស្ទឹង​ព្រែក​ត្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​តាម​សង្កាត់​មួយ​ចំនួន​របស់​ខណ្ឌដង្កោ នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​ខ្លាំង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ បាន​និង​កំពុង​ប្រឈម​ការ​បាក់ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ស្ទឹង​ព្រែក​ត្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​តាម​សង្កាត់​មួយ​ចំនួន​របស់​ខណ្ឌដង្កោ នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​។

សេចក្តីរាយការណ៍​បន្ត​ថា តាំងពី​ល្ងាច​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​និង​កំពុង​ដឹកនាំ​ក្រុមការងារ​ប​ចេ្ច​ក​ទេស​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​អន្តរាគមន៍​ទប់​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ហើយ​ជា​ការ​អំពាវនាវ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​សណ្តរ​ទំនប់ និង​ផ្នែក​ខាងក្រោម​មេត្តា​ប្រុង​ប្រយ័ត្ន និង​ត្រៀមលក្ខណៈ ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ពី​ជំនន់​ទឹកភ្លៀង​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ​។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ដាក់​បទបញ្ជា​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ទីបញ្ជាការដ្ឋាន​អាវុធ​ហត្ថ ត្រៀមកម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​ទំនប់​សណ្តរ​ស្ទឹង​បាន​បាក់​ធ្លាយ ។

ចំពោះ​ការ​រង​ផល​ប៉ះពាល់​ទឹកភ្លៀង​ជន់​លិច​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ​ធ្ងន់ធ្ងរ​ជាងគេ រួម​មាន​៤​សង្កាត់ គឺ​សង្កាត់​ទៀន សង្កាត់​គង​ណ​យ សង្កាត់​ស្ពានថ្ម និង​សង្កាត់​សាក់​សំពៅ សរុប​ទាំងអស់​ជាង​៥០០​គ្រួសារ ។

ដោយឡែក​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​សង្កាត់ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៣ តុលា​នេះ គឺ​កម្ពស់​ទឹក​នៅ​ទ្វារ​ទំនប់​អាង​ទឹក​៧​មក​រា ឡើង​ដល់​កម្ពស់ ៨,៨០ ម៉ែត្រ ធៀប​នឹង​ម្សិលមិញ​កើនឡើង ០,៤៥​ម៉ែត្រ​បន្ថែម បាន​លើស​កម្ពស់​ឲ្យ​ប្រុង​ប្រយ័ត្ន ៧​ម៉ែត្រ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​ជិត​ស្មើនឹង​ខ្នង​ទំនប់​នៅ​តាម​ទំនាប​ទីតាំង​មួយ​ចំនួន ។

ពេល​នេះ​ក្រុមការងារ​បច្ចេកទេស​ក្រសួង កំពុង​ខិតខំ​ជួសជុល​បិទ​រូង​នាគ​ដែល​បាន​លេច​ចេញ​ជា​បន្តបន្ទាប់ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​លើក និង​បង្ហាប់​ទំនប់ ព្រមទាំង​ច្រក​បាវ​ខ្សាច់​ទប់​លើកកម្ពស់​ខ្នង​ទំនប់ និង​ជា​ការ​ចូលរួម​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ ស្រប​ពេល​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឧបត្ថម្ភ​សំបកបាវ​ចំនួន​៣០០០​បាវ​ដល់​សង្កាត់​ទាំង​៣ ជូន​លោកស្រី គឹ​ម ញឹ​ម អភិបាល​ខណ្ឌដង្កោ ដើម្បី​ចូលរួម​ទប់ស្កាត់​លំហូរ​ទឹក​លើ​តួ​ទំនប់​ទៅ​ផ្នែក​ខាងក្រោម​បង្ក​ការ​លិចលង់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ។

ទោះបី​យ៉ាងណា អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​រាជធានី​ភ្នំពេញ រួម​នឹង​កងកម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ត្រៀមកម្លាំង​ជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​អូ​ប័​រ ២០-៣០​គ្រឿង ព្រមទាំង​រថយន្ត​ធុន​ធំ​សម្រាប់​ដឹកនាំ​ជញ្ជូនសម្ភារៈ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

គួរ​រំលឹក​ថា ៖ សូម​ប្រយ័ត្ន​! ទឹកស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ