ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​កូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​1.000​ដើម​​នៅ​ក្បាលស្ពាន​មិត្តភាព​កម្ពុជា​-​ចិន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តម សាយ សំ​អាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ផ្ដល់​កូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​១.០០០​ដើម ដើម្បី​រៀបចំ​ដាំ​លម្អនៅ​ផ្លូវ​រង្វង់​មូល​ក្បាលស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឆ្លងកាត់​ទន្លេមេគង្គ​(​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​) ។ ពិធី​ដាំ​កូន​ឈើ​ប្រណីត​នេះ…

ខេត្តកំពង់ចាម ៖ ឯកឧត្តម សាយ សំ​អាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ផ្ដល់​កូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​១.០០០​ដើម ដើម្បី​រៀបចំ​ដាំ​លម្អនៅ​ផ្លូវ​រង្វង់​មូល​ក្បាលស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឆ្លងកាត់​ទន្លេមេគង្គ​(​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​) ។

ពិធី​ដាំ​កូន​ឈើ​ប្រណីត​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ កន្លង​ទៅ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត អភិបាលរង​ខេត្ត និង​សហការី​ជា​ច្រើន​រូប​ទៀត ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ថា ការ​ចូលរួម​ដាំ​ដើមឈើ​នេះ គឺ​ពិតជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន និង​ត្រូវ​តែ​រួម​គ្នា​ដាំ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ ហើយ​ដើមឈើ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា មាន​ប្រសាសន៍​ទៀត​ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ដែល​បាន​ផ្ដល់​នូវ​ស្ពានបេតុង​ដ៏​ប្រណីត​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ស្ទឹង​ត្រង់​ទៅ​ស្រុកក្រូចឆ្មារ គឺ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ។ ដើមឈើ​ដែល​ត្រូវ​បាន​ដាំ​នា​ឱកាស​នេះ ជា​ប្រភេទ​ធ្នង់​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ផ្ដល់​មក​ឲ្យ​ដាំ ចាប់ពី​ចំណុច​រង្វង់​មូល​ក្បាលស្ពាន​មិត្តភាព​កម្ពុជា​-​ចិន រហូត​ដល់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទឹង​ត្រង់ ។ ស្នាដៃ​ដែល​យើង​បាន​ដាំ​ដុះ នឹង​បាន​ចារ​ទុកជា​ប្រវត្តិសាស្ត្រ​ដល់​អ្នក​ជំនាន់​ក្រោយ ។

ដើមឈើ​ប្រណីត​ទាំងនេះ នឹង​ជួយ​បង្កើន​សោ​ភ័​ណ​ភាព​តាម​ដងផ្លូវ​មាត់ទន្លេ​ឱ្យ​មាន​ភាព​ស្រស់
បំព្រង​មួយ​កម្រិត​បន្ថែម​ទៀត ។ ជាមួយ​នេះ​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​យកចិត្តទុកដាក់​ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ដែល​មាន​រដ្ឋបាល​ព្រៃ
ឈើ មក​ចូលរួម​ដាំ​ដុះ​និង​ថែរក្សា​ឈើ​ប្រណីត​ទាំងនេះ ។

សូម​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន រហូត​មក​ដល់​ពេល​នេះ​ស្ថាបនា​បាន​ប្រមាណ​៩០​ភាគ
រយ​ហើយ ដែល​គ្រោង​នឹង​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០២១​ខាង​មុខ ក្រោម​អធិបតី​សម្ដេច​តេ​ជោ ហុ​៊​ន សែន ។

គួរ​រំឭក​ថា លោក កែវ នា​ឫទ្ធិ អភិបាលរង​ខេត្ត ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សំណង់​ស្ពាន​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ ត្រូវ​បាន​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ស្ពាន​នេះ​ចាប់ផ្ដើម​ដំណើរការ​ស្ថាបនា​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិប​តី​ភាព​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែនរួម​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជា​មា​និ​ត​ចិន​ប្រចាំ​នៅ​កម្ពុជា ។ ស្ពាន​នេះ​មានប្រវែង​សរុប​១.១៣១​ម៉ែត្រ និង​ទទឹង​១៣,៥០ម៉ែត្រ មាន​កម្ពស់​ពី​ផ្ទៃ​ទឹក​១៥​ម៉ែត្រ ចំណាយ​ថវិកា​សរុប​ប្រមាណ​៥៧​លាន​ដុល្លារ​សហរដ្ឋអា​មេ​រិ​ក ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ផល​ប៉ះពាល់​នានា រួម​នឹង​ការ​រាវរក​មីន​ផង​ដែរ ។

លោក កែវ នា​ឫទ្ធិ មាន​ប្រសាសន៍​ទៀត​ថា ស្ពានបេតុង​មិត្តភាព​កម្ពុជា​-​ចិន នៅ​ត្រើយ​ខាងលិច​ស្ថិត​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់​ស្រុកស្ទឹង​ត្រង់ ខេត្តកំពង់ចាម ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន​ត្រូវ​បាន​ពង្រីក​ធំ​ទូលាយ ក្រាល​កៅស៊ូ​និង​មានរង្វង់​មូល​ត​ភ្ជាប់​ដោយ​ផ្លូវ​ខ្វាត់ខ្វែង​ទៀត​ផង ។

ជាមួយ​នេះ អាជ្ញាធរ​ខេត្ត​កំពុង​យកចិត្តទុកដាក់​បាន​ចុះ​ដោះស្រាយ​ផល​ប៉ះពាល់​នានា​នៅ​តាម​ដងផ្លូវ​ជាមួយនឹង​ប្រជាពលរដ្ឋ់ និង​ផ្លូវត្រូវ​ពង្រីក​ឲ្យ​ធំ​ជាង​មុនត​ភ្ជាប់​មក​ផ្លូវ​លេខ​៧១ រហូត​ដល់​ស្រុក​ចំការលើ ។

ស្ពាន​នេះ​ជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់ ក្នុង​ការ​ដឹក​កសិផល និង​វិស័យ​ផ្សេង​ៗ​ទៀត​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​កាន់តែ​ប្រសើរ​ឡើង​។​ជា​ពិសេស អ្នក​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ អាច​ដឹក​ទំនិញ​ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន នេះ​ជា​ផ្លូវ​កាត់ ដែល​មាន​លក្ខណៈ​អំណោយផល​ល្អ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ឬ​ក៏​តំបន់​ផ្សេង​ៗទៀត ។

ស្ពាន​នេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ក្រុមហ៊ុន​សៀង ហៃ​គ្រុប ។ សមិទ្ធផល​ស្ពានបេតុង​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ គឺជា​ការ​យកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ដែល​មានការ​គិតគូរ​ខ្ពស់ ដើម្បី​បម្រើ​សង្គម​ជាតិឲ្យ​កាន់តែ​មានការ​រីក​ចម្រើន ។

នៅ​ពេល​ខាង​មុខ សាឡា​ង​ចំនួន​២​គ្រឿង​ដែល​កំពុង​បម្រើសេវា​ដឹក​ប្រជាពលរដ្ឋ​រួម​ទាំង​យាន​យន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ ពេល​ដែល​ស្ពាន​ត្រូវ​បាន​ស្ថាបនា​រួច អាច​នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​ក្នុង​ខេត្តក្រចេះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សា​ធារ​ណ​ការ​និង​ដឹក​ជញ្ជូន នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ