ខេត្តតាកែវ ៖ ជីវិតជាអ្នកតម្បាញហូលនៅស្រុកព្រៃកប្បាស ដែលបានធ្វើឡើងរាប់ជំនាន់មកហើយនោះ ក៏កំពុងតែបាត់បង់ជាបណ្តើរៗ ដោយសារតែជួបការលំបាកគ្មានទីផ្សារ គ្មានការពេញនិយម តើធ្វើយ៉ាងណាបើមុខរបរដូនតាត្រូវប្រជាពលរដ្ឋបំភ្លេច គេងាកទៅចាប់របរផ្សេងៗ ដូចជាទៅធ្វើការនៅក្រៅប្រទេស ឬទៅធ្វើការឆ្ងាយពីក្រុមគ្រួសារ ។
នៅពេលនេះអ្នកភូមិមួយដែលធ្លាប់រស់នៅជួបជុំក្រុមគ្រួសារ បែរជាស្ងាត់បាត់គ្នា ។ ការងារត្បាញនេះទោះវាលំបាក តែអ្នកស្រុកនៅតែចង់ប្រកបរបរនេះ ។ កាលពីមុនកូនស្រីតែងតែអង្គុយត្បាញនៅក្រោមផ្ទះ ចំណែកឪពុកម្តាយបងប្អូន ឬមិត្តជិតខាងមកអង្គុយចងគៀត ខាល់សូត្រ បិតខ្នាល់ រំគៀត អន្ទងសូត្រ បណ្តើរនិយាយគ្នាច្រៀងលេងយ៉ាងសប្បាយរីករាយ យើងទាំងអស់គ្នាអាចរកប្រាក់ចូលជារៀងរាល់ថ្ងៃដោយមិនចាំបាច់ទៅណាឆ្ងាយ ។
អ៊ុំស្រីយិន យៀន អាយុ៦៥ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលកំពុងតែឈរមើលកូនស្រីកំពុងត្បាញហូលនៅក្រោមផ្ទះបានមានប្រសាសន៍ថា៖ កាលពីដើមអ្នកភូមិសម្តេចពាន់ ឃុំក្តាញ់ ប្រកបមុខរបរត្បាញហូលនេះ ទាំងចាស់ ទាំងក្មេង ពីព្រលឹមទល់យប់ ។ ក្រៅពីការងារធ្វើស្រែចម្ការ ការងារតម្បាញហូលនេះ គឺជាការងារសំខាន់របស់អ្នកភូមិក្តាញ់នេះទាំងមូល ។ តែពេលនេះ សិប្បករតម្បាញនៅក្នុងភូមិនេះស្ទើរតែទាំងអស់ សម្រេចចិត្តបោះបង់កីតម្បាញរបស់ពួកគេដោយគ្មានអាលោះអាល័យសោះឡើយ ។ ហើយពួកក្មេងដែលមានកម្លាំងបានចាកចេញពីស្រុកនេះទៅស្វែងរកការងារធ្វើនៅតាមទីប្រជុំជន និងទីក្រុងផ្សេងៗ ជំនួសវិញ ។
ដោយឡែកអ៊ុំស្រីមានការសោកស្តាយ មុខរបរដែលសល់ពីដូនតា ទើបគាត់បានអប់រំកូនស្រីមិនឲ្យចំណាកស្រុក ហើយបង្ហាត់បង្រៀនកូនឲ្យចេះត្បាញហូល ផាមួង រហូតដល់ចេះស្ទាត់មកដល់ពេលនេះ ។ បើទោះជាមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃហូល ផាមួង នៅលើទីផ្សារក្នុងស្រុក ហើយតម្លៃវត្ថុធាតុដើមដែលគេយកមកត្បាញធ្វើជាហូល ផាមួង នោះ មានកើនឡើងតម្លៃខ្លាំងក្លាយ៉ាងណាក៏ដោយ អ៊ុំនៅតែតស៊ូត្បាញហូល ផាមួង ដដែល ដើម្បីថែរក្សាកេរតំណែលពីដូនតារបស់ខ្លួនដែលបន្សល់ទុកមកសម្រាប់អ្នកស្រុកព្រៃកប្បាសផងដែរ ។
អ្នកមីងលឹម យ៉ន រស់នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស អ្នកធ្លាប់ប្រកបរបរត្បាញហូលនៅក្នុងភូមិនេះបាននិយាយថា៖ ពេលនេះកូនចៅរបស់អ្នកមីងចេញទៅរកការងារនៅតាមទីក្រុងអស់ហើយ ព្រោះថាក្រៅពីធ្វើស្រែ គ្រួសារគាត់មិនប្រកបរបរអ្វីផ្សេងបានទៀតនៅតាមផ្ទះដូចពីមុនបាននោះទេ ។
អ្នកមីងបានបន្តទៀតថា កាលពីមុននៅក្នុងភូមិស្រុកនេះ ផ្ទះណាក៏ត្បាញ ហូល ផាមួង ដែរ តែចាប់តាំងពីបីបួនឆ្នាំមកនេះ ហូលលក់មិនបានថ្លៃ ដូច្នេះហើយទើបគេនាំគ្នាឈប់ប្រកបមុខរបរនេះជាបន្តបន្ទាប់ទៅ ។
ស្ត្រីដែលប្រឡូកក្នុងការងារត្បាញហូលជាង៣០ឆ្នាំបន្ថែមថា៖ ក្រោយហូលធ្លាក់ថ្លៃខ្លាំង ប្រជាកសិករភាគច្រើនងាកទៅធ្វើការងាររោងចក្រជំនួសវិញ ពិសេសក្មេងៗ យុវវ័យជំនាន់ក្រោយ ក៏ពុំសូវចូលចិត្តការងារតម្បាញហូលនេះដែរ ព្រោះហូលខ្លះមានគោម ឬក្រឡាស្មុគស្មាញ ពិបាកក្នុងការត្បាញ ។ ឥឡូវវាអត់បាត់បង់ទាំងស្រុងនោះទេ អ្នកចេះត្បាញចេះតែត្បាញទៅ ព្រោះរបរហ្នឹងទៅហើយ ប៉ុន្តែទៅថ្ងៃមុខពិបាកថាដែរ ព្រោះអីក្រែងលោក្មេងៗ ក្រោយៗ គេអត់ចង់ត្បាញអីទៅ វាអាចបាត់បង់ដែរ ។
អ្នកមីងលឹម យ៉ន បានបញ្ជាក់ថា៖ ពីមុនអ្នកមីងទិញសូត្រយកមកត្បាញលក់ខ្លួនឯង ដោយមួយកីចំណាយជាង២០០ដុល្លារ ប៉ុន្តែមិនសូវចំណេញ ទើបបច្ចុប្បន្នអ្នកមីងសុខចិត្តស៊ីឈ្នួលគេដោយក្បិនធម្មតាមួយក្បិន (ប្រវែង៤ម៉ែត្រ) ទទួលបាន៨ម៉ឺនរៀល ។ រីឯក្បិនដែលមានគោមក្រឡាច្រើនមួយក្បិនទទួលបាន២៦ម៉ឺនរៀល ។
ក្រោយពេលតម្លៃហូលធ្លាក់ចុះខ្លាំងមួយរយៈពេល ធ្វើឱ្យកសិករត្បាញហូលនៅភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ស្ទើរតែទាំងអស់បានទុកកីតម្បាញរបស់ខ្លួនចោល ហើយងាកទៅប្រកបរបរជាកម្មករ-កម្មការិនីរោងចក្រវិញ ធ្វើឱ្យរបរដូនតាមួយនេះហាក់បាត់ស្រមោលបន្តិចម្ដងៗ ។ ដូច្នេះអត្តសញ្ញាណរបស់អ្នកស្រុកព្រៃកប្បាសដែលធ្លាប់ល្បីឈ្មោះពីស្នាដៃត្បាញហូលតាំងពីរាប់ទតវត្សរ៍មកហើយនោះ នឹងត្រូវបាត់បង់ជាក់ជាមិនខាន ។ គាត់ថា មិនយូរនោះទេ កេរឈ្មោះដែលធ្លាប់ល្បីខាងការផលិតហូលនេះ ក៏សាបរលាបនៅពេលដែលអ្នកស្រុកនេះ រើកីតម្បាញរបស់ខ្លួនចោលនោះ ។
សម្រាប់មជ្ឈដ្ឋានអ្នកវប្បធម៌វិញ ការបោះបង់មុខរបរត្បាញហូលរបស់អ្នកស្រុកព្រៃកប្បាស វាមិនត្រឹមតែជាការធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេនោះទេ តែជាការបាត់បង់នូវវប្បធម៌របស់អ្នកភូមិស្រុកនេះផង ហើយក៏ជាការបាត់បង់នូវអត្តសញ្ញាណរបស់ស្រុកនេះផងដែរ ។ សម្រាប់អ្នកវប្បធម៌ មុខរបររបស់អ្នកស្រុកនេះ ជាកេរ្តិ៍ដំណែលវប្បធម៌មួយមិនអាចកាត់ថ្លៃបានទេ ។ ដូច្នេះគួរតែយើងថែរក្សាឲ្យមុខរបរនេះបន្តរស់នៅក្នុងសង្គមខ្មែរបន្តទៀត ៕
ចែករំលែកព័តមាននេះ