ខេត្តក្រចេះ ៖ ស្ថានភាពកម្រិតកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ គឺនៅមានកម្រឹតទាបនៅឡើយ តែក៏នឹងអាចហក់ឡើងដល់១៧ម៉ែត្រដែរ គិតនៅថ្ងៃទី១៤ តុលា ខាងមុខនេះ។ នេះបើយោងតាមព្រឹត្តិបត្ររព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក នឹងឧតុនិយម ចេញកាលពីថ្ងៃទី១១ តុលា ឆ្នាំ២០២០ ។ អាកាសធាតុនៅក្រចេះ វិញសម្រាប់ថ្ងៃទី១៣ តុលានេះ គឺអាកាសធាតុត្រជាក់ ផ្ទៃមេឃមានពពកខ្មៅ គ្មានពន្លឺថ្ងៃ និងមានភ្លៀងរលឹមស្រិចៗ។
ស្ថានភាពកំពស់ទឹកទន្លេមេគង្គក្រចេះ គិតត្រឹមព្រឹកថ្ងៃទី១៣ តុលា នេះ នៅស្ថានីយជលសាស្ត្រក្រចេះ មានកំពស់ ១៦,៥៩ម៉ែត្រ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ គឺមានកម្រិតកម្ពស់ ១១,៦៩ម៉ែត្រ ខ្ពស់ជាង៣ម៉ែត្រ។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទឹកទន្លេមេគង្គឆ្នាំនេះនៅទាប ជាកម្រិតកម្ពស់ទឹក ដែលមិនអាចហូរចូលអាងស្តុកទឹកទុក ហើយរហូតមកដល់ពេលនេះ ស្រុកទាំង៥ ក្រុង១ ក្នុងខេត្តក្រចេះ ក៏ពុំទាន់មានស្រុកណាមួយទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅឡើយទេ នឹងជាហេតុធ្វើអោយជួបបញ្ហាលំបាក ដោយសារខេត្តមានផ្ទៃដីស្រូវរដូវប្រាំង សរុបចំនួន១ម៉ឺន៤ពាន់ ហ.ត។
កត្តាទាំងនេះ បានធ្វើឲ្យប្រជាកសិករមានការព្រួយបារម្ភជាខ្លាំង នាពេលកន្លងមក ដោយបានស្នើឲ្យអាជ្ញាធរដែនដី ថ្នាក់ដឹកនាំខេត្ត ដើម្បីឲ្យជួយដោះស្រាយ។ ជាការឆ្លើយតប ទៅនឹងការស្នើសុំ ក៏ដូចជាវិធានការដោះស្រាយជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ជាសេនាធិការ។
ប៉ុន្តែបញ្ហាទាំងនោះត្រូវបានដោះស្រាយ ដោយលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ រួមនឹងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ យ៉ាងយកចិត្តទុកដាក់ខ្ពស់លើ បញ្ហានេះ គឺការបូមទឹកបញ្ចូលអាងស្តុកទុក នាពេលកន្លងមកផងដែរ។
អ្វីដែលគួរអោយគាត់សម្គាល់នាពេលនេះ គឺអាជ្ញាធរខេត្ត លោកបាននឹងកំពុងយកចិត្ត ទុកដាក់និងត្រៀមលក្ខណៈរួចជាស្រេចទៅលើការរៀបចំទីទួលសុវត្ថិភាព ការត្រៀមកងកម្លាំង អន្តរាគមន៍ សម្រាប់បង្ការសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ជូនបងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ប្រសិនបើមានជំនន់ទឹកភ្លៀងកើតឡើង
នោះ៕
ចែករំលែកព័តមាននេះ