ខេត្តក្រចេះ ៖ តំណាងប្រជាសហគមន៍ចំនួន១០សហគមន៍នៅទូទាំងខេត្ត បានមកទទួលនូវការផ្សព្វផ្សាយអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា តាមរយៈសិក្ខាសាលាលើកដំបូងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការស្ថិតិ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា គោលបំណងសំខាន់នៃគម្រោងថ្មីមួយនេះគឺដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោងឲ្យទៅដល់សហគមន៍កសិកម្ម ក្រុមផលិត កសិ-ធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនៅក្នុងតំបន់គោលដៅ ដោយមានការគាំទ្រហិរញ្ញប្បទានរបស់គម្រោង រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ផងដែរ។
លោកប្រធានគម្រោងបានមានប្រសាសន៍បន្តថា៖ ការកំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម និងអ្នកពាក់ព័ន្ធ គឺដើម្បីរៀបចំសំណើរពិពិធកម្មកសិកម្ម និងផែនការអាជីវកម្ម ដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងពីគម្រោង និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។ ជាមួយគ្នានេះក៏មានការគាំពារបរិស្ថាន និងសង្គម រួមទាំងលើកកម្ពស់យេនឌ័រ ទៀតផង។
លោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានសំដែងដោយក្តីជឿជាក់ថា ÷ តាមរយៈសិក្ខាសាលានាពេលនេះ នឹងខិតខំស្វែងយល់ និងចូលរួមយ៉ាងសកម្មជាមួយក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទទួលបាននូវការគាំទ្រហិរញ្ញប្បទានរបស់គម្រោង រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីគាំទ្រដល់ការងារធុរកិច្ច និងពង្រីកអាជីវកម្មបន្ថែមទៀតដល់សហគមន៍កសិកម្ម ក្រុមផលិត កសិធុរកិច្ចខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀត ។
គួរបញ្ជាក់ថា គោលដៅគម្រោង គឺធ្វើការសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃពិពិធកម្ម វិស័យកសិកម្ម និងផ្ដល់អន្តរាគមន៍ឆ្លើយតបជាបន្ទាន់ នៅក្នុងតំបន់ភូមិសាស្ត្រ ខេត្តបាត់ដំបង មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ សៀមរាប កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលមាន ថវិកាសរុបចំនួន១០១,៦៧លាន ដុល្លារអាមេរិក ។
ចែករំលែកព័តមាននេះ