ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ន ដា​រ័​ត្ន ពី​ក្មេង​ញៀន​ថ្នាំ​ក្លាយជា​អ្នក​ប្រដាល់​ល្បី​ដណ្ដើម​បាន​មេដាយ​សុ​ីហ្គេម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​សរសើរ​មិន បាន​នៅ​ពេល​បានឃើញ​ប្អូនប្រុស​យ៉ុ​ន ដា​រ័​ត្ន ដែល​ពី​មុន​គឺជា​មនុស្ស​ដើរ​លេង​ប៉ោឡែ ប្រើ​ប្រាស់​គ្រឿងញៀន​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់ហើយ​ត្រូវ​គេ​ស្អប់ខ្ពើម​មិន​ចង់​និយាយ​រក​នោះ​មក​ទល់​ពេល​នេះ​គេ​បាន​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ម្នាក់​មាន​ឈ្នោះ​ល្បី​ល្បាញ​​នៅ​ក្នុង​ពិភព​ប្រដាល់ ថែម​ទាំង​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ទៀត​ផង ។ ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព…

រាជធានី​ភ្នំពេញ ៖ មិន​សរសើរ​មិន បាន​នៅ​ពេល​បានឃើញ​ប្អូនប្រុស​យ៉ុ​ន ដា​រ័​ត្ន ដែល​ពី​មុន​គឺជា​មនុស្ស​ដើរ​លេង​ប៉ោឡែ ប្រើ​ប្រាស់​គ្រឿងញៀន​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់ហើយ​ត្រូវ​គេ​ស្អប់ខ្ពើម​មិន​ចង់​និយាយ​រក​នោះ​មក​ទល់​ពេល​នេះ​គេ​បាន​ប្រែក្លាយ​ខ្លួន​ជា​មនុស្ស​ម្នាក់​មាន​ឈ្នោះ​ល្បី​ល្បាញ​​នៅ​ក្នុង​ពិភព​ប្រដាល់ ថែម​ទាំង​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ទៀត​ផង ។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព យ៉ុ​ន ដា​រ័​ត្ន បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ថា លោក​មានស្រុក​កំណើត​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មក​ដល់​ពេល​នេះ​មាន​​អាយុ​២១​ឆ្នាំ​ហើយ​។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៧​ប៉ុណ្ណោះ ដោយ​សារ​តែ​កាល​ណោះ​លោក​ត្រូវ​បាន​មិត្តភក្ដិ​អូស​ទាញ​ឱ្យ​ដើរ​លេង​ប៉ោឡែ​ដូច​ក្មេង​ពាល ចោលផ្ទះ​សម្បែង ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ថែម​ទាំង​លង់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង ធ្វើ​ឱ្យ​ឪពុក ម្ដាយ បង​ប្អូន​មានការ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ក្រោយមក​លោក​ភ្ញាក់ខ្លួន​ងាក​មក​ហាត់​កីឡាប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​នៅ​ក្នុង​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក្នុង​ឆ្នាំ​២០១៥​ជាមួយ​លោកគ្រូ​ម៉ាក់ សុ​ខន ។

លោក​បញ្ជាក់​ថា ការ​លះបង់​ចោល​អំពើ​ពា​លា សេព​គ្រឿងញៀន មក​ហាត់​ប្រដាល់​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​អត់​មាន​អ្នក​អូស​ទាញ​ទេ​គឺ​លោកបាន​សម្រេចចិត្ត​ដោយ​ខ្លួនឯង ដោយសារ​តែលោក​ឃើញ​សិស្ស​ច្បង​មួយ​ចំនួន​មានឈ្មោះល្បី​គេ​រាប់រក​ច្រើន ក៏​មាន​បំណង​ចង់​ក្លាយជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​ដូច​សិស្ស​ច្បង​ដែរ​។

យ៉ុ​ន ដា​រ័​ត្ន បន្ត​ថា កាលពី​ចូល​ហាត់​ដំបូង​គឺ​ហាត់​ប្រដាល់​ក្បាច់​ខ្មែរ​បូរាណ ប៉ុន្តែ​ដោយសារ​តែ​ខាង​សហព័ន្ធ​កីឡាប្រដាល់​សាកល​មើលឃើញ​លោក​មាន​កាយសម្បទា​ល្អ ព្រម​ជាមួយ​ទេព​កោសល​វាយ​ល្អ​ផង​នោះ ក្រោយមក​ក៏​បាន​ជ្រើសរើស​លោក​ឱ្យ​ចូល​ហ្វឹកហាត់​ប្រដាល់​សាកល​តែ​ម្ដង ។

ចូល​ដល់​ឆ្នាំ​២០១៩ លោក​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល ហើយ​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ឱ្យទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ដំបូង​នៅ​ប្រទេស​ហ្វី​លី​ពី​ន​និង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​មក​ជូន​ជាតិ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ ឪពុក​ម្ដាយ បងប្អូន ប្រពន្ធ​កូន មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​រូប​លោក ។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ម្ចាស់​មេដាយ​ស៊ី​ហ្គេ​មឆ្នាំ​២០១៩​នៅ​ហ្វី​លី​ពី​នរូ​ប​នេះ មាន​បងប្អូន​៥​នាក់ គេ​ជា​កូន​ទី​៣​នៅ​ក្នុង​គ្រួសារ និង​បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ​២០១៨ មានកូនស្រី​១​អាយុ​ជាង​១​ខួប ។

សព្វថ្ងៃ​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ទាំង​៥​នាក់ ក្រៅពី​រូប​លោក​នៅ​មាន​បងប្រុស​មួយ​រូប​ទៀត​ក៏​បាន​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ដែរ គឺ​កីឡាករ យ៉ុ​ន តារា កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ក្លិប​ជាមួយ​គ្នា ។ យ៉ុ​ន ដា​រ័​ត្ន បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​លោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ ដោយ​ស្នាក់​នៅ​និង​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​សម្រាប់​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម និង​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ទោះបីជា​លោក​ជាប់​ហ្វឹកហាត់​ប្រដាល់​សាកល​ក៏​ដោយ​ក៏​មាន​ពេល​ខ្លះ​លោក​អាច​ឆ្លៀតពេល​ឡើង​សង្វៀន​ប្រកួត​ប្រដាល់​ក្បាច់​បូរាណ​ខ្មែរ​ម្ដងម្កាល​ដែរ ដោយ​ទទួល​ប្រាក់​តម្លៃ​ខ្លួន​ប្រកួត​ជាមួយ​បរទេស​ម្ដង​ៗ​មិន​ក្រោម​៣០០​ដុល្លារ​នោះ​ទេ​។​ក្រៅពី​នេះ​លោក​ថែម​ទាំង​ធ្លាប់​ឈាន​ជើង​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ជា​ញឹកញាប់​ទៀត​ផង​។

យ៉ុ​ន ដា​រ័​ត្ន បាន​បញ្ជាក់​ថា លោក​នឹង​ចាប់​យក​អាជីព​ជា​កីឡាករ​ប្រដាល់​នេះ​ជា​រៀង​រហូត និង​មាន​ការ​សប្បាយចិត្ត​ទៀត​ផង ។ ទោះបី​ថ្ងៃ​ខាង​មុខ​លោក​ប្រកួត​លែង​កើត ក៏​លោក​នឹង​ងាក​ទៅ​បើក​ក្លិប​ធ្វើ​ជា​គ្រូបង្ហាត់​ដែរ ដើម្បី​ប្រមែប្រមូល​ក្មេង​ជំនាន់​ក្រោយមក​ហ្វឹកហាត់​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ