ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​នារី​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​នារី​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ នៅ​ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ហៃ វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជា​អ្នក​បើក​ម៉ូតូ ចំណែកឯ​បក្ខពួក​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ បើ​តាម​សម្ដី​ជន​រង​គ្រោះ​មានឈ្មោះ សុខ ហៃ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទើប​ប​តែ​ចេញពី​ធ្វើការ​នៅ​ម្តុំ​ផ្សារ​ស៊ី​ធី​ម៉​ល​បំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​សែន​សុខ​។

ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​មក​ដល់​ចំនុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-2019​។ ដោយ​ជិះ​តាម​ពីក្រោយ​ជន​រង​គ្រោះ រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ដែល​ជន​រង​គ្រោះ​ស្ពាយ​ដាក់​ខាង​មុខ​បណ្តាល​ឲ្យ​ដាច់​ខ្សែ​កាបូប​យក​ទៅ​សម្រេច ហើយ​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​រត់គេច​។ ពេល​នោះ​ដែរ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ចោរ​ៗ និង​ជិះ​ដេញ​តាម​ពី​ពីក្រោយ​ធ្វើ​ឲ្យ​ជនសង្ស័យ ភ័យ​ស្លន់ស្លោ​បាន​ជិះ​ម៉ូតូ​បត់​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ចូល​ទៅ​ផ្លូវ​ក្រោម​ដី សា្ព​ន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ជា​ផ្លូវ​កំពុង​តែ​ទឹក​លិច​។

ខណៈ​ដែល​ជនសង្ស័យ​ឃើញ​ទឹក​លិច​មិន​អាច​ជិះ​ម៉ូតូ​ទៅ​រួច​ក៏​បាន​ផ្តួល​ម៉ូតូ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឃើញ​ក៏​នាំ​គ្នា​ជួយ​រត់​ដេញ​តាម ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ខាងលើ​ម្នាក់ ដែល​ជា​អ្នក​បើក​ម៉ូតូ ចំណែក​បក្ខពួក​ម្នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ នាំ​គ្នា​ធ្វើ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង រហូត​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង យក​ធ្វើការ​សាកសួរ​។

សម្ភារ​នៅ​ក្នុង​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​មាន ឡេ​ប​ថប​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង កូន​កាបូបដៃ​ដែល​មាន​លុយ​នៅ​ក្នុង​នោះ​មួយ​ចំនួន និង​សម្ភារ​មួយ​ចំនួន​ទៀត​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ប្រគល់​កាបូប​ទៅ​ឲ្យ​ជន​រង​គ្រោះ​វិញ​ភ្លាម​ៗ​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត
ទៀត​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ