ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​មមាញឹក ក្នុង​ប្រតិបត្តិការ​បូម​រំដោះ​ការ​លិចលង់​ជូន​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ជំនន់​ទឹកភ្លៀង​លើស​ពី​កម្រិត ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ រង​ការ​ជន់​លិច ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រប់​លំដាប់ថ្នាក់​បាន និង​កំពុង​មមាញឹក​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​បូម​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ជំនន់​ទឹកភ្លៀង​លើស​ពី​កម្រិត ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ រង​ការ​ជន់​លិច ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រប់​លំដាប់ថ្នាក់​បាន និង​កំពុង​មមាញឹក​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​បូម​រំដោះ​ទឹក​ចេញ​ក្រៅ​ក្រុង ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែតុលា​នេះ ទាំង​លោក ប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អម​ដោយ​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ និង​ដឹកនាំ​មន្ត្រី​ជំនាញ​ច្រក​បាវ​ដីខ្សាច់​ទប់ទឹក​ដើម្បី​សង្គ្រោះ​ស្ថានីយ​ការពារ​កុំ​ឲ្យ​ឆេះ​ម៉ូ​ទ័​រ ព្រមទាំង​ចាត់​មន្ត្រី​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ឲ្យ​ចុះ​ពិនិត្យ​តាមដាន និង​ជួយ​បូមទឹក​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា កម្រិត​ទឹកភ្លៀង​កាលពី​រសៀល​ថ្ងៃ​ទី​១២​កន្លង​មកនេះ ដល់​ទៅ​ជិត​១៣០​មី​លី​ម៉ែត្រ ដែល​មួយ​ទសវត្សរ៍​មិន​ទាន់​ជួប​ម្តង​នៅ​កម្រិត​ទឹកភ្លៀង​ធំ​បែប​នេះ ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ទឹក​នៅ​គ្រប់កន្លែង​។ ប៉ុន្តែ​សម្រាប់​ខណ្ឌ​៤​នៅ​ក្នុង​ក្រុង គឺ​ដូនពេញ ៧​មក​រា បឹង​កេងកង និង​ខណ្ឌចំការមន ត្រូវ​បាន​ហូរ​អស់​ក្រោយ​ភ្លៀង​ប្រមា​ន​មួយ​ម៉ោង ជា​ពិសេស​តំបន់​វត្ត​ភ្នំ ព្រះ​បរមរាជវាំង និង​តំបន់​បឹង​កេងកង​។

លោក​បន្ត​ថា ដោយឡែក​នៅ​តំបន់​ផ្លូវ​លេខ​២៣០​កែង​ផ្លូវ​ម៉ៅ​សេ​ទុង ដោយសារ​ទឹកជំនន់​ខ្លាំង និង​ដោយសារ​ព្រួយបារម្ភ​ក្នុង​ការ​លិច​ម៉ូ​ទ័​រ​បូមទឹក​របស់​ស្ថាន​នី​យ​បូមទឹក​បឹង​ទំពុន​ដែល​អាច​ឆ្លងភ្លើង​ធ្វើ​ឲ្យ​ផ្ទុះ​ម៉ាស៊ីនបូមទឹក ហេតុនេះ​ហើយ​ទើប​សម្រេច​បិទទ្វារ​ទឹក​ចំនួន​០៣​កន្លែង គឺ​បិទទ្វារ​ទឹក នៅ​ប្រឡាយ​បារាំង នៅ​បឹង​សាឡា​ង និង​នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​សង្គ្រោះ​ម៉ាស៊ីន​នៅ​ស្ថានីយ​បឹង​ទំពុន​នេះ​កុំ​ឲ្យ​ផ្ទុះ​អាច​ខាត​ពេល​រាប់​ខែ ពីព្រោះ​ទឹកបាន​លិច​ស្ថានីយ​នេះ​តែ​ម្តង ទើប​ទឹក​នៅ​កកស្ទះ​តំបន់​ខាងលើ ប៉ុន្តែ​ដោយសារ​សង្គ្រោះ​ម៉ាស៊ីន​នេះ​បាន និង​ដំណើរការ​បូម​ឲ្យ​ស្រក​ហើយ​ទើប​បើកទ្វារ​ទឹក​ទាំង​៣​នោះ ដើម្បី​បូម​បន្ត ទើប​អាច​រក្សា​បាន​ស្ថិរភាព​ទឹក​ក្នុង​ពេល​នេះ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា បើ​មិន​មាន​ជំនន់​ទឹកភ្លៀង​ខ្លាំង​ទៀត​ទេ នៅ​ថ្ងៃ​ទី​១៣ តុលា​នេះ ស្ថានភាព​ទឹកនឹង​ស្រក​អស់​ដូច​ធម្មតា​វិញ ខណៈ​ដែល​ក្រុមការងារ​បាន និង​កំពុង​ប្រតិបត្តិការ​ក្នុង​ការ​បូមទឹក​ចេញ​នៅ​ស្ថានីយ​បូមទឹក​នានា​។ លោក ឃួ​ង ស្រេង បញ្ជាក់​បែប​នេះ ក្នុង​ពេល​ដែល​លោក ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ស្ថានភាព​ស្ថានីយ​បូមទឹក​បឹង​ទំពុន​នា​ព្រឹក​ថ្ងៃ​ទី​១២​ខែតុលា​នេះ​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ក្នុង​ពេល​នេះ​ទឹកបាន​ស្រក​ចុះ​មួយ​ចំនួន​ធំ​ហើយ ពិសេស​នៅ​មុខ​ម៉ុង​ឌី​យ៉ា​ល់ ហើយ​វា​នឹង​បន្ត​ស្រក​នៅ​តំបន់​មួយ​ចំនួន​ទៀត តែបើ​មាន​ភ្លៀង​ខ្លាំង​បែប​នេះ​ទៀត គឺ​យើង​បាន​ត្រៀម​រួចរាល់​ហើយ ទាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​មាន​ម៉ាស៊ីន​ជួយ​អន្តរាគមន៍ ១០​ទៅ​២០​គ្រឿង ដើម្បី​ស្ដារ​ស្ថានភាព​ឲ្យ​មក​ដំណើរការ​ជា​ធម្មតា​វិញ​។ លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​យោគយល់​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយសារ​ការ​លិចលង់​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រឹងប្រែង​ខ្លាំង​ខ្លាំង​ណាស់​ដើម្បី​ដោះស្រាយ​លើ​ការ​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដោយសារ​តែ​ភ្លៀង ដែល​បាន​អូស​បន្លាយ​រយៈពេល​យូរ​នេះ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​កាលពី​យប់មិញ​នេះ គឺជា​គ្រោះ​ធម្មជាតិ​មួយ​ដែល​រាជធានី​ភ្នំពេញ​របស់​មិន​ដែល​ជួប​ប្រទះ ហើយ​នេះ​ក៏​ជា​មេរៀន​មួយ​ដែល​យើង​ត្រូវ​កត់ត្រា​ទុក ដើម្បី​ធ្វើ​កិច្ច​ការងារ​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​ក្នុង​ការ​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​។ លោក​ថា ឆ្នាំ​ខាង​មុខ​រាជធានី​ភ្នំពេញ​នឹង​យក​កម្រិត​ទឹកភ្លៀង​នៅ​ពេល​នេះ​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​រៀបចំ ម៉ាស៊ីនបូមទឹក ប្រឡាយ អាង​ស្តុក​ទឹក​ឱ្យ​មាន​ស្ថិរ​ភាពល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​។

សូម​បញ្ជាក់​ផង​ថា ក្នុង​ប្រតិបត្តិការ​បូម​រំដោះ​ការ​លិចលង់​ទឹកជំនន់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បង្ខំចិត្ត​បិទទ្វារ​ទឹក​ចំនួន​៣ ដើម្បី​កាត់​បន្ថយ​ទឹក​ងាយស្រួល​បូម​ចេញ និង​បង្ខំ​បិទ​កំណាត់​ផ្លូវ​៣៧១​ត្រង់ ស្ថានីយ​បូមទឹក​បឹង​ទំពុន ដើម្បី ប្រើ​ម៉ូ​ទ័​រ​បូមទឹក​ចល័ត​បន្ថែម​កាលពី​យប់​ថ្ងៃ​ទី​១១ ខែតុលា ប៉ុន្តែ​សម្រាប់​នៅ​ថ្ងៃ​ទី​១២ តុលា​នេះ កំណាត់​ផ្លូវត្រូវ​បាន​បើក​ឡើង​វិញ ចំណែក​ស្ថានភាព​នៅ​ស្ថានីយ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ដែរ គឺ​ទឹកបាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ