ខេត្តសៀមរាប ៖ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។
មូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុង នេះត្រូវបានគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ។
ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោល គឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជានឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
សូមបញ្ជាក់ថា ៖ ភូមិវប្បធម៌នេះ មានអាយុកាលប្រហែល១០ឆ្នាំមកហើយ នៅលើទឹកដីអង្គរ ដែលជារម្មណីយដ្ឋានមួយ មានការសម្ដែង ទាក់ទងនឹងទំនៀមទម្លាប់របស់ខ្មែរ និងជនជាតិភាគតិច រួមទាំងសេវាកម្មផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ