ខេត្តពោធិ៍សាត់ ៖ ដោយមើលឃើញថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាកាសធាតុមាន
ការប្រែប្រួល ធ្វើឲ្យប្រជាពលរដ្ឋនៅតាមឃុំមួយចំនួនជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងនោះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានសហការជាមួយក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ជីកស្រះទំហំមួយហិកតាឲ្យបានមួយក្នុងមួយឃុំ ដើម្បីតម្កល់ទឹកទុកប្រើប្រាស់ ។
ថ្មីៗនេះ បានជីកស្រះនៅឃុំស្នាមព្រះ ឃុំមេទឹក និងឃុំបឹងបត់កណ្ដោល ស្រុកបាកាន រួចមកហើយ ហើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យការលិចលង់ដោយជំនន់ទឹក
ភ្លៀងក្នុងក្រុងពោធិ៍សាត់រួច ឯកឧត្តមរដ្ឋមន្ត្រី សុ៊យ សែម បានឆ្លៀតឱកាសដ៏មមាញឹកទៅពិនិត្យមើលទីតាំងជីកស្រះ២កន្លែងទៀត គឺនៅក្បែរវត្តពិតត្រង់ ឃុំត្រពាំងជង និងឃុំខ្នារទទឺងស្រុកបាកាន ។
ឯកឧត្តម ស៊ុយ សែម បានថ្លែងថា ទីតាំងដែលត្រូវជីកស្រះជូននេះ លុះត្រាតែមានប្រជាពលរដ្ឋរស់នៅជុំវិញច្រើន ជាកន្លែងដែលគ្មានប្រភពទឹកនៅរដូវប្រាំង មានកន្លែងបង្ហូរទឹកចូលនៅរដូវវស្សា ជុំវិញស្រះមានដីបង្កបង្កើនផលសម្រាប់ដាំដំណាំ បន្លែ ឬចម្ការផ្សេងៗ មានផ្លូវចេញចូលបានទាំងប្រាំងទាំងវស្សា ហើយប្រជាពលរដ្ឋសុខចិត្តរៀនសូត្រដាំដំណាំ តាមរយៈមន្ត្រីមន្ទីរកសិ
កម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ជាលក្ខណៈសហគមន៍ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកក្នុងស្រះមិនអនុញ្ញាតឲ្យបូមដាក់ស្រែនោះទេ គឺប្រើប្រាស់សម្រាប់តែជីវភាពប្រចាំថ្ងៃ ដូចជាទឹកផឹក ទឹកងូត បោកខោអាវ ស្រោចដំណាំឈើហូបផ្លែនិងដំណាំបន្លែគ្រប់ប្រភេទតែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋរស់នៅជុំវិញស្រះ ឬអ្នកដែលចូលរួមប្រើ
ប្រាស់ទឹកស្រះទាំងអស់ ត្រូវចេះស្រឡាញ់ស្រះនេះដូចជាស្រះរបស់ខ្លួនផ្ទាល់ ។ ត្រូវជួយថែរក្សាឲ្យបានគង់វង្សល្អ កុំឲ្យមានសត្វពាហនៈឫអ្នកណាមកបំផ្លិចបំផ្លាញបាន ។ ថែរក្សាដើមឈើដែលដាំនៅតាមមាត់ស្រះឲ្យបានគង់វង្សដុះលូតលាស់ល្អ ហើយត្រីក្នុងស្រះអាចស្ទូចបានតែហាមប្រើប្រដាប់ឆក់ ។
ឯកឧត្តម ស៊ុយ សែម បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ពេលមានស្រះនិងមានទឹកហើយ ត្រូវនាំគ្នាដាំបន្លែសរីរាង្គឲ្យបានច្រើនដើម្បីលក់ ព្រោះឯកឧត្តមបានរកទីផ្សានៅឯភ្នំពេញបានហើយ ខ្លាចតែដាំមិនទាន់ឲ្យគេប៉ុណ្ណោះ ។ គោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចឯកឧត្តមនិងក្រុមការងារ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការហូបចុកគ្រប់គ្រាន់ សម្លៀក
បំពាក់ស្អាតបាត មានសម្ភារប្រើប្រាស់ និងចេះស្រឡាញ់គ្នាក្រោមដំបូលតែមួយ ។
ដូច្នេះ យើងត្រូវថែរក្សាសន្ដិភាពឲ្យនៅគង់ វង្សជារៀងរហូត ដើម្បីផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កសាងនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀតពីមួយអាណត្តិទៅមួយអាណត្តិ៕
ចែករំលែកព័តមាននេះ