ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា ប្រារព្ធ​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៤១ នៃ​ការ​បង្កើត​ធនា​គារ​ជាតិ​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា «​ការ​សម្រេច​បង្កើត ធនា​គារ​កណ្តាល និង​រូបិយ​វត្ថុ​ជាតិ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​គឺជា​ការ​បញ្ជាក់​របស់​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា «​ការ​សម្រេច​បង្កើត ធនា​គារ​កណ្តាល និង​រូបិយ​វត្ថុ​ជាតិ​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ នេះ​គឺជា​ការ​បញ្ជាក់​របស់​ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ ថ្ងៃ​ទី​១០ តុលា ១៩៧៩-​ថ្ងៃ​ទី​១០ តុលា ២០២០» ដែល​ប្រារព្ធ​ធ្វើ នៅ​អគារ​ធនាគារជាតិ នៃ​កម្ពុជា​សែន​សុខ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ តុលា ឆ្នាំ​២០២០ ។

លោក​ទេសាភិបាល ជា ចាន់​តូ ឲ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ​មាន រយៈពេល​៤១​ឆ្នាំ​ហើយ​ដែល​ធនាគារកណ្តាល ត្រូវ​បាន​បង្កើត​ឡើង​វិញ ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ១៩៧៩ បន្ទាប់​ពី​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា បាន​សង្គ្រោះ​ឲ្យ​រួច​ចាក​ផុត​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត ។

លោក ជា ចាន់ ក៏​បាន​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​រូបិយ​វត្ថុ ដើម្បី​ពង្រឹង​អធិបតេយ្យ​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ឲ្យ​អ្នក​ជំនាន់​បាន​ដឹងផង​ដែរ ។

ជាក់ស្ដែង​ដូច​កាល​ឆ្នាំ​១៩៩២ ធនាគារកណ្តាល ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា «​ធនាគារជាតិ​នៃ​កម្ពុជា​» វិញ ដើម្បី​ឲ្យ​ស្រប​ពេល​ដែល​វិស័យសេដ្ឋកិច្ច បាន​វិ​វត្ត​រីក​ចម្រើន​ដោយ​ផ្អែក​លើ​យន្តការ​ទីផ្សារ​ហើយ​ក៏​បាន​ប្រែក្លាយ ជា​លំដាប់​ទៅ​រក​ប្រព័ន្ធ​ធនាគារ​២​ថ្នាក់ ដែល​បាន​អនុញ្ញាត​ឲ្យ​ធនា​គារកណ្តាល ពង្រឹង​តួនាទី​ជា​អាជ្ញាធរ​រូបិយ​វត្ថុ​ជាតិ និង​អាជ្ញាធរ​ត្រួតពិនិត្យ ប្រព័ន្ធ​ធនាគារ ។

កាលនោះ​ដើមទុន​ធនាគារជាតិ​នៃ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ពី ៥​ប៊ី​លាន​រៀល នៅ​ឆ្នាំ ១៩៩២ ដល់ ១០០ ប៊ី​លាន​រៀល នៅ​ឆ្នាំ​២០០០ ។

លោក ជា ចាន់​តូ បាន​បន្ត​ទៀត​ថា ចាប់ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ឆ្នាំ​២០១៣ ធនាគារជាតិ​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទ្រព្យសម្បត្តិ​ជាតិ​នៅ​ក្រៅប្រទេស​ដែល​ជា​កេរ​មរតក មុន​ឆ្នាំ​១៩៧៥ ហើយ​បាន​ទទួល​មក​វិញ​ដូច​មាស និង​រូបិយប័ណ្ណ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្រៅ​ប្រទេស ។ បច្ចុប្បន្ន​នេះ ដោយសារ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​សេដ្ឋកិច្ច​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា បាន​គរ​ពូន​ទុនបម្រុង​អន្តរជាតិ ឲ្យ​កើន​ឡើងជា​លំដាប់​រហូត​ដល់​២០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (​ក្នុង​នោះ​មាន​មាស​ប្រមាណ ៤០​តោន​)​គិត​ត្រឹម​ថ្ងៃ​១០ ខែតុលា ឆ្នាំ​២០២០ ដែល​មាន​កម្រិត​ស្មើនឹង ១០​ខែ នៃ​ការ​នាំ​ចូល​ទំនិញ និង​សេវា​ខ្ពស់​ជាង ៣​ដង នៃ​កម្រិត​អប្បបរមា​ដែល​ប្រទេស កំពុង អភិវឌ្ឍន៍​គួរ​មាន (៣​ខែ​) ។

លោក ជា ចាន់​តូ បាន​គូស​រំលេច​ឲ្យ​ឃើញ​ដែរ​ថា បន្តបន្ទាប់​មក​ទៀត​ចាប់ពី​ឆ្នាំ​២០០០​មក​ប្រព័ន្ធ​ធនាគារ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ប្រកប ដោយ​ស្ថិរភាព ក្រោយ​ពី​ការ​កែទម្រង់​វិស័យ​ធនាគារ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ។ លើស​ពី​នេះ ប្រព័ន្ធ​ធនាគារ ក៏​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ជា​បន្ត​បន្ទាប់ និង​បាន​រួមចំណែក​ស្នូល​ក្នុង​ការ​រក្សា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​, គាំទ្រ​កំណើនសេដ្ឋកិច្ច​, លើកកម្ពស់​បរិ​យា​បន្ន​សេដ្ឋកិច្ច និង​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ជា​រួម​នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍​នេះ អត្រា​អតិផរណា ត្រូវ​បាន​គ្រប់គ្រង​ឲ្យ​មាន​កម្រិត​ទាប​ប្រមាណ ២,៥% ជាមួយនឹង​ស្ថិរ​ភាពល្អ​ប្រសើរ​នៃ​អត្រា​ប្តូរ​ប្រាក់​ក្នុង​រង្វង់ ៤.០៥០​រៀល ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ទ្រព្យសកម្ម​វិស័យ​ធនាគារ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ប្រមាណ​ត្រឹមតែ ០,៥ ប៊ី​លាន ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​១៩៩៨ ដល់ ៥៦ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក នា​ពេល​បច្ចុប្បន្ន គឺ​កើនឡើង​ប្រមាណ​១១២​ដង​។ ចំពោះ​ឥណទាន​វិស័យ​ធនាគារ ដែល​ត្រូវ​បាន​បែង​ចែក​ទៅ​កាន់​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ប្រាក់​បញ្ញើ​ក្នុងស្រុក​បាន​កើនឡើង ១៦៥​ដង​ដូច​គ្នា គឺ​ពី​ចំនួន​ប្រមាណ​តែ​០,២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​ជាង​៣៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ប្រព័ន្ធ​ធនា​គារ។

បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រួមចំណែក​បង្ការ​ទប់ទល់ និង​គ្រប់គ្រង​វិបត្តិ និង​បាន​រួមចំណែក​ជំរុញ​សមាហរណកម្ម សេដ្ឋកិច្ច​កម្ពុជា ទៅ​ក្នុង​តំបន់ ដោយ​បាន​ជំរុញ​ការ​ធ្វើ សេរីភាវូបនីយកម្ម​សេវា​ធនាគារ និង​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​បាន​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​តំបន់​ថែម​ទៀត​ផង​៕ដោយសហ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ