ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាលក្រុង បំភ្លឺ​មន្ត្រី​នគរបាលក្រសួងមហាផ្ទៃ រឿង​នគរបាល​អន្តរាគមន៍​ខ្លះ​ធ្វើ​លើស​តួនាទី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បកស្រាយ​បំភ្លឺ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ត្រី ទី ចំរើន​កុសល នាយ​នគរបាល​ជាន់ខ្ពស់…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បកស្រាយ​បំភ្លឺ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ត្រី ទី ចំរើន​កុសល នាយ​នគរបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​០៨ តុលា ២០២០​នេះ ។

យោង​តាម​អនុក្រឹត្យ​លេខ​៣៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក យោង​ផែនការ​សកម្មភាព​លេខ​០០៣/២០ គ​.​ស​.​ច​.​គ​/​អក​២ របស់​អនុ​គណៈកម្មការ​ទី​២ ស្តី​ពី​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​យោង​តាម​ផែនការ​សម្មភាព​លេខ ០៣៩ ផ​ក​. ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំពោះ​ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ (​ពេល​ថ្ងៃ​) ចាប់ពី​ម៉ោង ៧ : ០០​នាទី​ព្រឹក ដល់​ម៉ោង ១៥ : ០០​នាទី​ល្ងាច និង (​ពេល​យប់​) អនុវត្ត​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​បទល្មើស​ផ្សេង​ៗ​ទៀត ចាប់ពី​ម៉ោង ២១ : ០០​នាទី ដល់​ម៉ោង ០០ : ០០​នាទី​រំលង​អធ្រាត្រ ។ ហើយ​បាន​ដំណើរការ​ចុះ​អនុវត្ត​តាម​ផែនការ​ចាប់ពី​ខែឧសភា រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ កម្លាំង​ដែល​ចុះ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រួម​មាន​÷

១- កម្លាំង​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក (​ជា​កម្លាំង​ជំនាញ​) មាន​តួនាទី​ជា​អ្នក​ឃាត់​យាន​ដែល​ល្មើស មក​ធ្វើការ​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍​ដែល​កើត​មាន​ឡើង (​ចុះ​ឃាត់ បញ្ចៀស​អែប​ខាង ឲ្យ​អ្នកបើកបរ​ដើរទៅ​ជួប​មន្ត្រី​ត្រួតពិនិត្យ​ឯកសារ និង​បញ្ជាក់​ពី​កំហុស​នៃ​បទល្មើស​) និង​ចេញ​បង្កាន់ដៃ​ដើម​ទី ដើម្បី​ផាកពិន័យ​តាម​ច្បាប់​ទៅ​តាម​ស្នាក់​ការ​ដែល​បាន​កំណត់ ។

២- ចំពោះ​កម្លាំង​អន្តរាគមន៍​ពិសេស (​ជា​កម្លាំង​សហការ​) មាន​ភារកិច្ច​ចុះ​សហការ​ជាមួយ​កម្លាំង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ជា​ពិ​សេ​ពេល​យាន​ដែល​ល្មើស បើក​គេចវេស​ពី​ការ​ត្រួតពិនិត្យ​របស់​មន្ត្រី​នគរបាល​រា​ចរណ៍ ដូច​ជា​ការ​រឹងរូស មិន​ឈប់​មធ្យោបាយ​ដើម្បី​ឲ្យ​ត្រួតពិនិត្យ បង្ក​បាតុភាព ឬ​មាន​ករណី​សង្ស័យ​ថា​អ្នកបើកបរ​មធ្យោបាយ​ទាំងនេះ មាន​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​ល​។ គឺ​អាច​ចេញ​មក​ជួយ​ឃាត់​យាន​ទប់ស្កាត់ និង​ប្រដេញ​ក្នុង​ករណី​ចាំបាច់​ណាមួយ ។ ហើយ​ចំពោះ​ការ​ដែល​លើក​ឡើង​ថា កម្លាំង​អន្តរាគមន៍​ពិសេស គ្មាន​សិទ្ធិ​ឃាត់​យាន​ត្រួតពិនិត្យ​គឺ​ត្រឹមត្រូវ តែ​កម្លាំង​អន្តរាគមន៍ អាច​ចុះ​សហការ​ទប់ស្កាត់​ឃាត់​យាន ដែល​មាន​បំណង​ចង់​បើក​គេចវេស​ពី​ការ​ត្រួតពិនិត្យ របស់​កម្លាំង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​ជា​កម្លាំង​ជំនាញ ។

ការ​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខាងលើ​នេះ បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី ទី ចំរើន​កុសល បាន​លើក​ឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់​កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​ថា «​តើ​នគរបាល​អន្តរាគមន៍​មាន​សិទ្ធិ​ចេញ​មក​ឃាត់ ឬ​ហៅ​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ដែរ​ឬទេ ? »

ឧត្តមសេនីយ៍ត្រី ទី​ចំរើន កុសល បាន​សរសេរ​បន្ត​ថា ជា​រឿយ​ៗ ខ្ញុំ​តែងតែ​សង្កេត​ឃើញ​ប្អូន​ៗ​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដែល​ចុះ​សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរណ៍​តាម​គោលដៅ​មួយ​ចំនួន​តែងតែ​ចេញ​មក​ហៅ ឬ​ឃាត់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​។ នេះ​គឺជា​ការ​ប្រព្រឹត្ត​ខុស​ពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ។ ដោយហេតុ​ថា ប្អូន​ៗ​មិនមែន​ជា​នគរបាល​ចរាចរណ៍​ទេ ដូចនេះ​ប្អូន​ៗ​គ្មាន​ភារកិច្ច​អ្វី​ត្រូវ​ហៅ ឬ​បញ្ឈប់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ដោយ​ឯកឯង​បាន​ឡើយ ។

តើ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​មាន​តួនាទី និង​ភារកិច្ច​អ្វីខ្លះ​នៅ​ពេល​ចុះ​ប្រតិបត្តិការ​តាម​គោលដៅ​ជាមួយ​នគរបាល​ចរាចរណ៍​ម្តង​ៗ​?
តួនាទី និង​ភារកិច្ច​របស់​នគរបាល​អន្តរាគមន៍ គឺ​ដើម្បី​ជួយ​អន្តរាគមន៍ និង​បង្ក្រាប​រាល់​បទល្មើស​ចរាចរណ៍​ទាំងឡាយ​ណា ដែល​មិន​ព្រម​ឈប់​តាម​ការ​បញ្ឈប់​របស់​នគរបាល​ចរាចរណ៍ ឬ​មាន​បង្ក​អំពើ​ហិង្សា​មក​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​..​។​ល​។
យ៉ាងណាមិញ​នគរបាល​អន្តរាគមន៍​ត្រូវ​ឈរ​ចំងាយ​(៥០​ម៉ែត្រ​)​ពី​គោលដៅ​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្តន៍​ច្បាប់​នីមួយ​ៗ មិនមែន​ឈរ​ផ្តុំ​គ្នា​ជាមួយនឹង​នគរបាល​ចរាចរណ៍​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ថា កន្លង​មក​គោលដៅ​ដែល​ខ្ញុំ ឧស្សាហ៍​ឃើញ​នគរបាល​អន្តរាគមន៍​ឈរ​ផ្តុំ​គ្នា​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ចេញ​មក​បង្ក្រាប​ដោយ​ឯកឯង គឺ​នៅ​គោលដៅ​អាង​ទឹក គោលដៅ​ភ្លើងស្តុប​ផ្សារ​ដើម​គរ និង​គោលដៅ​រង្វង់​មូល​គួ​ច​កាណុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ