ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​សិល្បៈ​ជាតិ​ល្ខោន​យីកេ​នឹង​បង្ហាញ​ខ្លួន​នៅ​ខេត្ត​តាកែវ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ​មហោស្រព​សិល្បៈ​ជាតិ ល្ខោន​យីកេ លើក​ទី​១ នឹង​រៀបចំ​នៅ​ខេត្តតាកែវ នា​ថ្ងៃ​ទី​១៩-២០ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​មហោស្រព​ខេត្ត…

ខេត្តតាកែវ​ ៖ ​មហោស្រព​សិល្បៈ​ជាតិ ល្ខោន​យីកេ លើក​ទី​១ នឹង​រៀបចំ​នៅ​ខេត្តតាកែវ នា​ថ្ងៃ​ទី​១៩-២០ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​មហោស្រព​ខេត្ត ។

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន សិល្បករ សិល្ប​ការិនី មន្ត្រីរាជការ យុវជន សិស្ស និស្សិត ឱ្យ​បានដឹង​ថា ដើម្បី​អភិរក្ស និង​អភិវឌ្ឍ លើក​ស្ទួយ​ថែរក្សា​តម្លៃ​សិល្បៈ​វប្បធម៌ ផ្នែក​ល្ខោន​យីកេ ឱ្យ​បាន​ជ្រាប​ថ្កុំថ្កើង ស្ថិត​ស្ថិរ​គង់វង្ស នៅ​ក្នុង​បេះដូង​ខ្មែរ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តតាកែវ បាន​សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​មហោស្រព​សិល្បៈ​ជាតិ​ល្ខោន​យីកេ លើក​ទី​១ នៅ​ខេត្តតាកែវ ។

មហោស្រព​នេះ​ចំនួន​២​ថ្ងៃ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ទី​១៩-២០ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​នាទី​ព្រឹក តទៅ នៅ​សាល​មហោស្រព​ខេត្តតាកែវ ។

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ស្នើ​ឲ្យ​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា សិស្ស និស្សិត យុវជន ប្រជាពលរដ្ឋ អាជីវករ សិល្បករ​ទាំងអស់ ចូលរួម​ទស្សនា​កម្សាន្ត ដោយ​ក្តី​រីករាយ និង​ឥត​គិតថ្លៃ ។

ខេត្តតាកែវ​ជា​ជង្រុក​សិល្បៈ​យីកេ និង​កិត្តិនាម​សិល្បៈ​បុរាណ​មួយ​នេះ​ល្បីល្បាញ រហូត​មក​ដល់​បច្ចុប្បន្ន ។ ជាក់ស្ដែង​ទូរទស្សន៍​ជាតិ​បាន​ថត​យីកេ​ខេត្តតាកែវ​ផ្សព្វផ្សាយ​ជូន​ទស្សនិកជន​ទស្សនា ដូច​ជា​រឿង​ព្រះថោង​នាងនាគ រឿង​កាកី រឿង​ព្រះ​វិធុរបណ្ឌិត រឿង​សុវណ្ណ​សាម ជាដើម ។

លើស​ពី​នេះ​បើ​តាម​លោក​ប្រាក់ ប៊​ន អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ឲ្យ​ដឹង​ថា យីកេ​ខេត្តតាកែវ ធ្លាប់​សម្តែង​ស្ទើរតែ​គ្រប់​មហោស្រព​ទូ​ទាំង​ប្រទេស ក្នុង​ពិធី ធំ​ៗ ដូច​ជា​ពិធី​ឆ្លង​សហស្ស​វត្សរ៍ មហោស្រព​អង្គរ និង​ចូលរួម​មហោស្រព​ថ្នាក់​ជាតិ ធំ​ៗ ។ ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​លេខ​១​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ធ្លាប់​ទទួល​ពី​ក្រសួង​វប្បធម៌ ជាក់​ស្តែង​យីកេ​រឿង​ព្រះថោង​នាងនាគ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ពី​មហោស្រព​ប្រឡង​សិល្បៈ​បុរាណ​ថ្នាក់​ជាតិ​ទូ​ទាំង​ប្រទេស ។

លោក​ប្រាក់ ប៊​ន ថ្លែង​ថា​មិន​ដែល​សម្តែង​កន្លែង​ណា​ហើយ​យីកេ​តាកែវ​ធ្លាក់​អន់​ថយ​នោះ​ឡើយ ។
អ្នកសិល្បៈ​បុរាណ និង​មហាជន​មួយ​ចំនួន​ពេល​ទទួល​ដំណឹង​ពី​ការ​រៀបចំ​មហោស្រព​សិល្បៈ​ជាតិ ល្ខោន​យីកេ លើក​ទី​១​នៅ​ខេត្តតាកែវ បាន​សម្ដែង​ការ​អបអរសាទរ និង​ចាត់​ទុក​ថា​ជា​សកម្ម​ភាព​ដ៏​ល្អ​ក្នុង​ការ​លើកតម្កើង និង​អភិរក្ស​សិល្បៈ​បុរាណ​ជាតិ ។ ម្យ៉ាង​សក្ដិ​សម​នឹង​ខេត្តតាកែវ​ដែល​មាន​ឫសគល់ និង​ល្បីល្បាញ​ដោយ​សិល្បៈ​យីកេ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ