ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ថ្លាន់​១០០ សូម​សម្តេច​តេ​ជោ​ជួយ​ផង !

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បានឃើញ​ពាក្យបណ្តឹង​មួយ​របស់​ប្រជាពលរដ្ឋ​២២៦​គ្រួសារ​ចោទ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួ​ន ដោយ​សូម​សម្តេច​តេ​ជោ​ជួយ​រក​យុត្តិធម៌ ។ ក្នុង​ពាក្យបណ្តឹង​អន្តរាគមន៍​បាន​ចែង​ថា ខ្ញុំបាទ​ឈ្មោះ យូ…

ខេត្តកំពត ៖ បានឃើញ​ពាក្យបណ្តឹង​មួយ​របស់​ប្រជាពលរដ្ឋ​២២៦​គ្រួសារ​ចោទ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួ​ន ដោយ​សូម​សម្តេច​តេ​ជោ​ជួយ​រក​យុត្តិធម៌ ។

ក្នុង​ពាក្យបណ្តឹង​អន្តរាគមន៍​បាន​ចែង​ថា ខ្ញុំបាទ​ឈ្មោះ យូ ស៊ី​ឈាង​, កឹ​ម ចាន់​, យ៉ែ​ម ឈឿ​ន​, ហ៊ីង ស៊ី​ន ជា​អ្នកតំណាង​អោយ​ប្រជាពលរដ្ឋ​២២៦​គ្រួសារ មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ​ថ្លាន់​១០០​នៃ​ភូមិ​ព្រៃ​ពាយ ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត (​ដី​ទំហំ ១១៨៣,៩៦​ហិ​កតា​) មាន​មេធាវី​តំណាង​ដោយ​អាណត្តិ​មេធាវី ងួ​ន មក​រា ។ សូម​គោរព​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សូមទាន​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

កម្មវត្ថុ​៖ ១-​សុំ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ និង​ផ្អាក​នូវ​សកម្មភាព​កម្លាំង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​រាន​បំផ្លាញ​ផលដំណាំ និង​កម្ទេច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​២២៦​គ្រួសារ មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ​ថ្លាន់​១០០​នៃ​ភូមិ​ព្រៃ​ពាយ ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត លើ​ទីតាំង​ដី​ទំហំ​ជាង​២០០​ហិច​តា នៃ​ទំហំ​ដី​សរុប​១១៨៣,៩៦​ហិ​កតា និង​សុំ​ដក​ចេញ​កុងត្រូល​ហាមឃាត់​ការ​ចេញ​-​ចូល​របស់​ប្រជា​ពលរដ្ឋ​លើ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ និង​២-​សុំ​ជួយ​អន្តរាគមន៍​ចុះ​មក​ពិនិត្យ​វាស់វែង និង​ជួយ​ដោះស្រាយ​ទំនាស់​វិវាទ​ដីធ្លី​របស់​ប្រជាជន​២២៦​គ្រួសារ ជាមួយ​និង​ក្រុមហ៊ុន ។

យោង​ឧ​ប​សម្ព័ន្ធ​ឯកសារយោង តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ​ខ្ញុំបាទ សូម​ជម្រាប​ជូន មេត្តា​ជ្រាប​ថា​៖ កាលពី​ថ្ងៃ​ទី​០២ តុលា ឆ្នាំ​២០២០ រហូត​មក​ដល់​ថ្ងៃនេះ ខាង​ភាគី​ក្រុមហ៊ុន បាន​ដឹកនាំ​កម្លាំង​ឈុត​ខ្មៅ​រាប់រយ​នាក់​មក​កាប់​បំផ្លាញ​ផលដំណាំ​​ និង​បំផ្លាញ់​ផ្ទះសម្បែង​របស់​ប្រជាជន​២២៦​គ្រួសារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ​ថ្លាន់​១០០ នៃ​ភូមិ​ព្រៃ​ពាយ ភូមិ​ដុំ​ផ្តៅ ឃុំ ត្រពាំង ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដោយ ក្រុមហ៊ុន​ចោទ​ថា ប្រជាជន​ធើ្វ​ដំណាំ​ជាន់​លើ​ដី ក្រសួងកសិកម្ម ដែល​ក្រុមហ៊ុន​ជួល​ពី​រដ្ឋ ដែល​ដី​វិវាទ មាន​ជាង​៣០០​ម៉ែត្រ (​ប្រហែល​ជាង​២០០​ហិច​តា​) ។

សកម្មភាព​កាប់​បំផ្លាញ​នេះ គឺ​បាន​ធ្វើ​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ឡើយ បច្ចុប្បន្ន​ប្រជាជន​ចំនួន​ជាង​៣០០​នាក់ កំពុង​តែ​ជួប​គ្រោះ​ទុរគត អត់​អាហារ អត់បាយ​ទឹក ដោយ​សារ ក្រុមហ៊ុន​ដាក់កុង​ត្រូល​លើ​ផ្លូវ​សារ​ធារ​ណៈ និង​ដាក់​កំលាំង​ជា​ច្រើន​នាក់ បង្ខាំង​ប្រជាជន​នៅ​ក្នុង​ទីតាំង​ដី​របស់​ខ្លួន មិន​អោយ​ចេញចូល​ទិញ​ម្ហូបអាហារ​បាន និង​បាន​ធ្វើ​អោយ​ប្រជាជន​គ្មាន​ទីជម្រក ។

ព្រោះ​ពួក​គាត់​ជា​ប្រជាជន​ស្លួ​ត​ត្រង់ ដែល​ដី​១២០០​ហិច​តា​នេះ ប្រជាជន​បាន​មក​ពី​ឯកឧត្តម ហ៊ុន សាន បាន​ប្រគល់​អោយ​ប្រជាជន​២២៦​គ្រួសារ​នេះ តាំងពី​ឆ្នាំ ២០១១ ក្រោយ​ពេល​ប្រគល់​ប្រជាជន​បាន​ចូល​កាប់​ស្ការ​ព្រៃ ដើម្បី​បង្ក​បង្កើន​ផល សង់ផ្ទះ​នៅ​ជាដើម រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដោយ​គ្មាន​ក្រុមហ៊ុន​នេះ​មក​ប្តឹង​តវ៉ា ឬ​ហាម​ឃាត់​ឡើយ​។ ហេតុនេះ ប្រជាជន​សូម​អោយ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​អន្តរាគមន៍ ដើម្បី​រក្សា​សុវត្ថិភាព និង​ជីវិត​របស់​ប្រជាជន​ជា​ច្រើន​គ្រួសារ ដោយ​ក្តី​មេត្តា​អនុគ្រោះ​បំផុត ។

ថ្ងៃ​ពុធ ៥ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ខេត្តកំពត​, ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ ស្នាម​មេដៃ​ស្តាំ ។

ម្សិលមិញ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​តំណាង​ក្រុមហ៊ុន​ឧកញ៉ា សូ ងូ​ន បាន​នៅឡើយ​ទេ ដោយ​ទរ​ស័ព្ទ​មិន​អាច​ទាក់ទង​បាន ។ ប៉ុន្តែ​កោះសន្តិភាព​បាន​ចាត់​ភ្នាក់ងារ​យក​ព័ត៌មាន​ប្រចាំ​ខេត្តកំពត ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​យក​ព័ត៌មាន​ជាក់ស្តែង​បន្ថែម​ទៀត និង​ចុះ​ផ្សាយ​នៅ​ពេល​ក្រោយ ។

ប៉ុន្តែ​ប្រភព​មួយ​ពី​ខេត្តកំពត​បាន​ប្រាប់​ដោយ​ខ្លី​ថា មាន​ប្រជាជន​ច្រើន​នាក់​បាន​ទៅ​រំលោភ​​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឧកញ៉ា សូ ងួ​ន មិន​អាច​ដោះស្រាយ​បាន ទើប​ក្រុមហ៊ុន​កំទេច​ខ្ទម​ចាំ​ដី​នោះ​ចោល​ទៅ ។ រឿង​នេះ គឺ​វា​អីចឹង​ទេ ៕

អត្ថបទសរសេរ ដោយ