ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត សេរី​វ៉ា​ន់​ថង បន់​ឱ្យ​កូ​វី​ដ​ស្ងប់​ស្ងាត់ នឹង​​បង្ហាញខ្លួន​នៅ One Championship

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ឯកសារ​ស្នើ​សុំ​ឡើង​ប្រកួត​របស់​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង ទៅ​កាន់​ស្ថាប័ន​ប្រដាល់​ដាក់​ទ្រុង One Championship ត្រូវ​បាន​ប្រភព​ផ្លូវការ​ប្រកាស​ថា…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ឯកសារ​ស្នើ​សុំ​ឡើង​ប្រកួត​របស់​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង ទៅ​កាន់​ស្ថាប័ន​ប្រដាល់​ដាក់​ទ្រុង One Championship ត្រូវ​បាន​ប្រភព​ផ្លូវការ​ប្រកាស​ថា គណៈ​​កម្មការ​រៀបចំ​ការ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង​ដ៏​មាន​ប្រជាប្រិយមួយ​នេះ បាន​ទទួល​រួច​ហើយ ដោយ​រង់ចាំ​តែ​កូ​វី​ដ​-១៩ ស្ងប់ស្ងាត់ គឺ​នឹង​ឱ្យ​កីឡាករ​កម្ពុជា​ឡើង​រេញ​ជា​ផ្លូវការ​ហើយ ។ ដូច្នេះ​ហើយ​ទើប​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង ទន្ទឹងរង់ចាំ​ការ​ប្រកួត​មួយ​នេះ ដើម្បី​មានឱកាស​បាន​បង្ហាញមុខ​នៅ​ក្នុង​កម្មវិធី​ធំ​មួយ​នេះ​ទៅ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​។

យោង​តាម​បញ្ជាក់​របស់​ប្រធាន​ដឹកនាំ​កីឡាករ​គុន​ខ្មែរ​ប្រកួត​នៅ​ក្រៅប្រទេស លោក ជា រិ​ទ្ធី បាន​អះអាង​ថា ឈ្មោះ​របស់​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង ត្រូវ​បាន​លោក​ដាក់​បញ្ជូន​ឈ្មោះ​ទៅ​កាន់​គណៈកម្មការ​ប្រកួត One Championship រួចរាល់​អស់ហើយ ។ លោក​បាន​ថ្លែង​ជា​សាធា​រណៈ​មុន​នេះ​ថា អ្វី​ៗ​រង់​ចាំតែ​ពេលវេលា​អាច​ប្រកួត​បាន​ប៉ុណ្ណោះ គឺ​ឈុត សេរី​វ៉ា​ន់​ថង នឹង​ឡើង​ប្រកួត​បាន​ដូច​អ្នក​អាជីព​ហើយ​។ ដូច្នេះ​ហើយ​ទើប​មួយ​រយៈ​នេះ គេ​ឃើញ​កីឡាករ​វ័យក្មេង​រូប​នេះ សកម្ម​នឹង​ការ​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ ជា​ពិសេស​គឺ​បង្វឹក​ផ្នែក​ប្រដាល់​ដាក់​ទ្រុង​តែ​ម្ដង ។

យ៉ាងណាមិញ លោក ជា រិ​ទ្ធិ នៅ​តែ​មិន​ទាន់​ដឹង​ថា តើ​ឈុត សេរី​វ៉ា​ន់​ថង នឹង​អាច​ឡើង​ប្រកួត​បានជា​ផ្លូវការ​នៅ​ក្នុង​ពេល​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ព្រឹត្តិការណ៍​ធំ​ៗ​បែប​នេះ​គឺ​មិន​ទាន់​អាច​អនុញ្ញាត​បាន​នៅឡើយ​ក្នុង​ពេល​នេះ ។ លោក​បាន​ត្រឹមតែ​ទទូច​ឱ្យ​ឈុត សេរី​វ៉ា​ន់​ថង យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ឱ្យ​បាន​ល្អ​ប៉ុណ្ណោះ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ការ​ប្រកួត One Championship អាច​កើត​មាន​ឆាប់​ៗ​ក៏​ថា​បាន ប្រសិនបើ​ការ​បើក​ប្រកួត អាច​សុំ​ច្បាប់​រៀបចំ​បាន​។

ងាក​ទៅ​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង លោក​បាន​ប្រកាស​ថា ដោយសារ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​លោក​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង ទាំង​ការ​ប្រកួត​ក្នុងស្រុក និង​គម្រោង​ត្រូវ​ប្រកួត​នៅ One Championship​។ លោក​ថា បើ​ស្ថាន​ភាព​នេះ​ស្ងប់ស្ងាត់ មិនមែន​គ្រាន់តែ​ព្រឹត្តិការណ៍​ដែល​បាន​រៀបរាប់​នេះ​ទេ ដែល​លោក​ត្រូវ​ប្រកួត ពោល​គឺ​ការ​ប្រកួត​នៅ​អន្តរជាតិ​ជា​ច្រើន​ទៀត ក៏​នឹង​ត្រូវ​មានឈ្មោះ​ឡើង​ប្រកួត​ផង​ដែរ ។

លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ និង​បន់​ឱ្យ​កូ​វី​ដ​ឆាប់​រលាយ ដើម្បី​បាន​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង ដែល​ជា​ក្ដី​ស្រមៃ​របស់​លោក​។ ក្នុង​នោះ​ប្រសិនបើ​កូ​វី​ដ​ស្ងប់ស្ងាត់ ការ​ប្រកួត​ធំ​ៗ​ក្នុងស្រុក​ជា​ច្រើន​ផ្សេង​ទៀត ក៏​ពិតជា​សំបូរ​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ចំណូល​ច្រើន​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឈុត សេរី​វ៉ា​ន់​ថង គឺជា​កីឡាករ​វ័យក្មេង និង​ជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​នៅ​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង ។ លោក​ជា​កីឡាករ​ជួរ​មុខ​ផ្នែក​ប្រដាល់សេរី​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​មួយ​រូប ដោយពេល​កន្លង​មក​លោក​ក៏​ធ្លាប់​ឈ្នះ​ពាន ISI និង​មេដាយ​ប្រាក់​ពី​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​ផង​ដែរ ។ នៅ​លើ​សង្វៀន​លោក​សំបូរ​ការ​ផ្គូផ្គង​ឱ្យ​ឡើង​រេញ តែ​មក​ពី​ពិបាករ​កដៃ​គូ​ប្រកួត​ទើប​ស្ងាត់​មួយ​រយៈ​តាំងពី​កីឡាករ​ថៃ​លែង​មក​ប្រកួត​កើត ទើប​ធ្វើ​ឱ្យ​លោក​បាត់បង់​ភាព​លេចធ្លោ​គួរសម បើ​ធៀប​នឹង​ពេល​ឡើង​កូដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ